BREAKING NEWS
Search

ប្រា​សាក់ ទទួល​បាន​កម្ចី​ចំនួន ១៥០ លាន​ដុល្លារ​អាមេរិក ពី​ធនាគារ ខេ​ប៊ី គូក​មីន ដើម្បី​ពង្រឹង​មូលធន​កម្ម​សន្ទនីយ​ភាព និង​ពង្រីក​ការ​ផ្តល់​ឥណទាន​

ភ្នំពេញ ​៖ ទោះបី​ជា​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​អាជីវកម្ម ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រា​សាក់ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​ នៅ​កម្ពុជា បាន​បោះជំហាន​បន្ថែម​ទៀត​ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ដោយ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ទទួល​បាន​អនុ​បំណុល​ក្នុង​ទឹកប្រាក់ ៥០ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៧ ឆ្នាំ និង​កិច្ចសន្យា​ផ្តល់​ទុន​ក្នុង​ទឹកប្រាក់ ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៣ ឆ្នាំ ពី​ធនាគារ ខេ​ប៊ី គូក​មីន ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជា​ម្ចាស់​ភាគទុនិក​ថ្មី​របស់​ប្រា​សាក់​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០២០។​

​លោក Chang-Su Choi នាយក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ធុរកិច្ច​សាកល នៃ​ធនាគារ ខេ​ប៊ី គូក​មីន បាន​មានប្រសាសន៍ថា «​ធនាគារ ខេ​ប៊ី គូក​មីន ពិតជា​រីករាយ​ផ្តល់​ឥណទាន​នេះ​ដល់​ប្រា​សាក់ ដើម្បី​ឲ្យ​ប្រា​សាក់​អាច​ផ្ដល់​ឥណទាន​នេះ ​បន្ត​ជូន​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សកម្មភាព​នេះ​នឹង​ចូល​រួម​ចំណែក​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ព្រមទាំង​បង្កើត​ឱកាស​ការងារ ក្នុង​ស្ថានភាព​ប្រឈម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​មកនេះ​»​។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​បញ្ជាក់ថា «​ការផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​ឲ្យ​ប្រា​សាក់​ពង្រឹង​មូលធន​កម្ម​ឲ្យ​កាន់តែ​រឹងមាំ និង​បង្កើន​សន្ទនីយ​ភាព​ ដើម្បី​បំពេញ​បាន​តាម​តម្រូវការ​អាជីវកម្ម​របស់​ប្រា​សាក់ ក៏ដូចជា​ផ្តល់​លទ្ធភាព​ច្រើន​បន្ថែម​ទៀត​ដល់​ប្រា​សាក់​លើ​ការពង្រីក​ការ​ផ្តល់​កម្ចី​ ដល់​អាជីវកម្ម​ធុន​តូច​បំផុត តូច និង​មធ្យម ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ស្ត្រី ដើម្បី​រក្សា​និរន្តរភាព​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគាត់​»​។ លោក​បាន​បន្ត​ទៀត​ថា «​ទោះបី​ស្ថិត​ក្នុង​ពេលវេលា​នៃ​ភាព​មិន​ច្បាស់​លាស់​នេះ​ក៏ដោយ ប្រា​សាក់ នៅតែ​អាច​ទទួល​បាន​ការ​ជឿជាក់​ពី​ធនាគារ ខេ​ប៊ី គូក​មីន តាមរយៈ​ការ​ផ្តល់​ឥណទាន​នេះ​។ នេះ​គឺជា​ការ​បង្ហាញ​ពី​ទំនុក​ចិត្ត​ដ៏​រឹងមាំ​មិន​រង្គោះរង្គើ​មក​លើ​ប្រា​សាក់ និង​មក​លើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​វែងឆ្ងាយ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​»​។​

​សូម​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក មាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ ក្នុង​ខែ​មិថុនា ឆ្នាំ២០២០ ប្រា​សាក់ នៅតែ​បន្ត​ក្នុង​ការ​នាំមុខ​ទីផ្សារ បើ​គិត​ពី ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ​។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ១៨១ សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន ១៣៨ គ្រឿង គ្រប​ដណ្តប់​ទូទាំង​ប្រទេស ប្រា​សាក់ ផ្តល់​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ដល់​សហគមន៍ និង​សហគ្រាស​ខ្នាត​តូច​បំផុត​នៅ​ជនបទ​។ គិត​មកដល់​ចុងខែ​មិថុនា ឆ្នាំ២០២០ លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ប្រា​សាក់ ត្រូវ​បាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល​កើន​ឡើង​ដល់ ២,៦៥៩ លាន​ដុល្លារ​អាមេរិក និង​សមតុល្យ​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន ១,៩២៨ លាន​ដុល្លារ​អាមេរិក​។ ទ្រព្យសកម្ម​សរុប​រប​ស់​ប្រា​សាក់ បាន​កើន​ឡើង​ច្រើនជាង ៣,៣៩០ លាន​ដុល្លារ​អាមេរិក​។​

​ចំណែក ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank) គឺជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​ចំនួន​សាខា​ច្រើន​ជាង​គេ​បំផុត​ នៅ​ក្នុង​វិស័យ​ធនាគារ និង​មាន​អតិថិជន​ជាង ៣០ លាន​នាក់ ដែល​សមមូល​នឹង​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​។ ធនាគារ ខេ​ប៊ី គូក​មីន ក៏​ឈរ​ជា​ធនាគារ​នាំ​មុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត រួមមាន Liiv និង KB Star Banking ដោយមាន​អតិថិជន​ច្រើនជាង ១៥ លាន​នាក់​។ ធនាគារ ខេ​ប៊ី គូក​មីន បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង KB Financial Group៕