BREAKING NEWS
Search

ប្រទេសជាតិមួយខ្លាំង ដោយសារ កងទ័ព មានតួនាទី និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ មាតុភូមិ និងប្រជាជន

ព្រះវិហារ៖ ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារ កងទ័ព ដែលមានតួនាទី និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជ រដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។ ទោះបីប្រទេសយើងតូច មានប្រជាជនតិច ប៉ុន្តែជាភ័ព្វសំណាងខ្ពស់ណាស់ ដែលយើងមាន កងទ័ពដ៏ស្មោះត្រង់ មានស្មារតីឆន្ទៈស្នេហាជាតិ និងមានអគ្គមគ្គុទេសដឹកនាំ ដ៏ឆ្នើមគឺសម្តេច អគ្គមហាសេនា បតីតេជោហ៊ុនសែន ជាប្រមុខ។

នេះជាប្រសាសន៍លើកឡើងរបស់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រី សុខ ពិសី អភិបាលរងរាជធានីភ្នំពេញ ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុនសែន ទៅចែកជូនកងទ័ពវីរនគរបាលដែលឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបន្តទៀតថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ ពេលនេះបានបង្កើតអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២គឺ កងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែង ដើម្បីស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក៏ដូចការពង្រឹងនូវវប្បធម៌ចែករំលែកផងដែរ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ទោះបីបច្ចុប្បន្ន សភាពការណ៍នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយ ជាព្រំដែន សន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងក្តី តែកងទ័ពយើងមិនបានធ្វេសប្រហែស និងមើលស្រាល សភាពការណ៍នោះឡើយ គឺយើងតែងបានពង្រឹងស្មារតីការពារបូរណភាព ទឹកដីមិនឱ្យសត្រូវ ណាមករំលោភបំពាន បានឡើយ និងបានត្រៀមខ្លួនអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការ ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួល រំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ពីក្រុមជនអគតិមួយចំនួន៕

អត្ថបទ៖ ស្រីរ័ត្ន