រង្វង់​មូល​ស្រអែម​ ខេត្ត​ព្រះវិហារ ​សង់​តាម​រចនាប័ទ្ម​ប្រាសាទ​ព្រះវិហារ​ នឹង​រួច​រាល់​សប្ដាហ៍​ក្រោយ

រង្វង់​មូល​ស្រអែម​ដែល​កំពុង​សាងសង់​ និង​ត្រូវ​បាន​​ផ្ដួច​ផ្ដើម​ដោយ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី មាស សុភា ឯក​ឧត្តម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដោយ​សាងសង់​យក​លំនាំ​តាម​រចនា​ប័ទ្ម​ប្រាសាទ​ព្រះវិហារ​​​នឹង​អាច​រួច​រាល់​សប្ដាហ៍​​ក្រោយ​​ ឬ​យ៉ាង​យូរ​​ពីរ​សប្ដាហ៍​ទៀត​។ ​នេះ​បើ​តាម​លោក​ សំ លាង​ទ្រី​ ប្រធាន​​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​​ខេត្តព្រះវិហារ​បាន​ថ្លែង​​ប្រាប់​គេហទំព័រ​កម្ពុជា​ថ្មី​។

លោក​​បាន​បន្ថែម​​ថា​ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​ខេត្ត​នៅ​មិន​​ទាន់​​ទទួល​បាន​គោល​​ការណ៍​​រៀប​ចំ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឡើយ​ ដោយ​​សារ​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​​១៩​ ខណៈ​ដំណើរ​ការ​​សាង​សង់​ជិត​រួចរាល់​ ១០០%​ហើយ​។

លោក​ទេសរដ្ឋមន្ត្រី ​មាស​ សុភា​ កាល​ពី​ពេល​​កន្លង​មក​​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​ទ្រព្យធន និង​ថវិកា​ចូលរួម​កសាង សមិទ្ធផល​ថ្មី​នេះ​។ ទន្ទឹម​និង​នេះ​លោក ក៏បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត និង​ធ្វើ​ការណែនាំ​ឲ្យ​ក្រុម​ជាង​សាងសង់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ធ្វើការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរការ​សាងសង់​រង្វង់​មូល​ស្រអែម​នេះ បាន​រួចរាល់​។ ​

​រចនាបថ​​រង្វង់​មូល​នេះ​យក​តាម​លំនាំ​​​​សំណង់​យក​ប្រាសាទ​ព្រះវិហារ​ប្រមាណ​ ៧៥​%​​ នៃ​តួ​ប្រាសាទ​ទាំង​មូល​។ ​ចំពោះ​ខ្ទង់​ចំណាយ​​​សាង​សង់​​មាន​​ប្រមាណ​ជាង​ ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​​ បាន​​មក​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​សុទ្ធ​សាធ​​ ដោយ​មិន​មាន​​ការ​ចំណាយ​ថវិកា​រដ្ឋ​ឡើយ។​

​​រង្វង់​មូល​នេះ​ត្រូវ​សាងសង់​ឡើង​ ដោយ​មាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥%​នៃ​តួ​ប្រាសាទ​ព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​នៅ​លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការ​ដាំ​ស្មៅ ផ្កា​និង​ដើមឈើ លម្អ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង​។​

សមិទ្ធផល​ថ្មី​នេះ​ បន្ទាប់ពី​ផ្លូវ​ភ្លោះ​ និង​ បុស្បុក​លោកតា​សួង​​ ដែល​មាន​ លោក​ អ៊ុន​ ចាន់ដា​ ​ជា​អតីត​អភិបាលខេត្ត​​ផ្ដួច​ផ្ដើម​នា​ពេល​កន្លង​មក​​។​ ​ការ​សង់​រង្វង់​មូល​នេះ​ក្នុង​គោលបំណង​កែ​លំអ​សោភ័ណ​ភាព​ទីប្រជុំជន​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​កាន់តែ​ច្រើន​ឡើង ។

រង្វង់​មូល​នេះ​​បាន​ធ្វើ​ពិធី​បែប​សាសនា ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ​កន្លង​មក​ក្រោម​អធិបតីភាព​លោក​មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្ត​ព្រះវិហារ៕

ចុចអាន៖ ​មន្ទីរពេទ្យជ័យវរ្ម័ន​ទី៧ រៀបចំពិធី​គោរព​វិញ្ញាណក្ខន្ធ ជូនលោក​វេជ្ជបណ្ឌិត​ Peter Studer