ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តូច​៥០​នាក់ ទទួល​អំណោយ​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ​សុខភាព​មាតា​ទារក ​និង​កុមារ

ព្រះសីហនុ ៖ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ​២១​កុម្ភៈ​ ក្រោម​ប្រធានបទ​”​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​” ដោយ​ពិធី​នេះ ក៏​មាន ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ​និង​ស្ត្រី​មាន​កូន​ខ្ចី ចំនួន​៥០​នាក់​ផងដែរ។

ពិធី​នេះ​បាន​រៀបចំឡើង​នៅ​សាល​ប្រជុំ​សាលាស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​រសៀល ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា គណៈ​កម្មា​ធិការ​សាខា អនុ​សាខា មន្ត្រី​សាខា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មន្ត្រី មណ្ឌល​សុខភាព អភិបាល​ស្រុក អាជ្ញាធរ​មូលដ្ឋាន យុវជន​កាកបាទក្រហម​កម្ពុជា។

ក្នុងឱកាស​នោះ​ លោក គួច ចំរើន បាន​ពាំនាំ​ប្រសាសន៍​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន​សែន ដែល​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​បង​ប្អូន និង​ក្មួយៗ​ជា ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តូច​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធីនេះ។

ក្នុង​នោះ លោក គួច ចំរើន ក៏បាន​ថ្លែងអំណរគុណ ​និង​កោតសរសើរ​ចំពោះ​ លោក សរ កក្កដា​ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ស្រុក​ព្រៃនប់ ដែល​បានចិត្ត​ទុកដាក់​កិច្ចការ​មនុស្ស​ធម៌ កន្លងមក ​ក៏​ដូចពេលបច្ចុប្បន្ន ជួយ​ដល់ជនក្រីក្រ រួម​នឹង​ភាព​រីកចម្រើន អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ផងដែរ។

ជាមួយគ្នានេះ ​លោក គួច ចំរើន បាន​អាន​សារលិខិត​របស់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្រប​ពេលដែល ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ទទួល​គោរមងារ​ពី​អង្គការ​សហប្រជាជាតិ ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្ម​ភាព​រួម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី​ និង​កុមារ ផ្ញើ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក​ និង​ កុមារ ដោយ​សូម​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ប្រតិបត្តិ​តាម​រួមមាន ​៖
១-​សូមឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឆ្មប ជំនាញ​នៅមណ្ឌលសុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​តាម​កាលកំណត់ ​ទទួលយក​សេវា​បង្ការ ព្យាបាល​ទាំងអស់​ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគអេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់​ពិការភាព និង​ការ​ចម្លង​ជំងឺ​ទាំង​ពីរ​នេះ​ពី​ម្តាយ​ទៅ​កូន​។​
២-​សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែលមាន​គ្រូពេទ្យ ឆ្មប​ជំនាញ​ទទួល បាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​។​
៣-​សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ ជំងឺ ១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​
៤-​សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់​គ្រឿង​) រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ។​
៥-​សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​ នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែលមាន​រាងកាយ​ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ការប្រែប្រួល រីកចម្រើន​ស្ថានភាព​សុខភាព​ស្ត្រី និង​កុមារ គឺ​មិនមែន​មានតែ​តួអង្គ​ណា​ម្នាក់​អាចធ្វើ​តែ​ម្នាក់ឯង​បានទេ ដែល​ការងារ​នេះ ​តម្រូវ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ធនធាន​គ្រប់​ផ្នែក ជាពិសេស​ការ​យកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ចិត្ត​របស់​បុគ្គល​ជា​ស្ត្រី​គ្រប់រូប ដែល​ត្រូវ​ថែទាំ​ខ្លួនឯង និង​ទទួល​អាហារូបត្ថម្ភ​ត្រឹមត្រូវ ប្ដេជ្ញា​រួមគ្នា​កាត់បន្ថយ​អត្រា​មរណៈ​របស់​ស្ត្រី និង​ទារ​ក​នៅពេល​សម្រាល​៕


អត្ថបទ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114