អាជ្ញាធរ​ខេត្ត​កំពត ​ត្រៀម​កម្លាំង​​ដឹក​ពលរដ្ឋ​ត្រឡប់​ពី​ក្រៅ​ប្រទេស
BREAKING NEWS
Search

អាជ្ញាធរ​ខេត្ត​កំពត ​ត្រៀម​កម្លាំង​​ដឹក​ពលរដ្ឋ​ត្រឡប់​ពី​ក្រៅ​ប្រទេស

កំពត​ ៖​ ក្នុង​ស្ថានភាព​​​មេរោគ​កូ​វីដ​១៩ បាន​និង​កំពុង​ឆ្លង​រីក​រាលដាល​ជា​សកល​ក្នុង​ពិភពលោក ហើយ​បញ្ហា​នេះ​ក៏​ជា​បន្ទុក​លំបាក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រួមគ្នា ដោះស្រាយ​និង​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ, ​ងាក​មក​ខេត្ត​កំពត ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​មួយ​នេះ។

ជាក់ស្ដែង ​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ ក្រុមការងារ​ខេត្ត ដើម្បី​ទទួលខុសត្រូវ និង​ដឹកនាំ​ការងារ​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​ត្រូវ​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ ដោយមាន​ការអញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​សមាសភាព​ក្រុមការងារ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក សរុប​ប្រមាណ ៣៨ រូប​។​

​មានប្រសាសន៍ ណែនាំ​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់ថា ដើម្បី​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងមហាផ្ទៃ ស្ដីពី​វិធានការ​គ្រប់គ្រង ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ ប្រកបដោយ​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​ល្អប្រសើរ រដ្ឋបាលខេត្ត​បានដាក់​នូវ​វិធានការ​មួយចំនួន ក្នុងនោះ សូមឱ្យ​បណ្ដា​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​អាជ្ញាធរ ក្រុង ស្រុក ដែលជា​ក្រុមការងារ​ត្រូវតែ ចូលរួម​យកចិត្តទុកដាក់​សហកា​រ​គ្នា ក្នុងការ​ដឹកជញ្ជូន​ព​ល​រដ្ឋ​ខ្មែរ​ទាំងអស់នោះ​ដែល​មក​ពី​ប្រទេស​ថៃ ដោយ​ទទួលខុសត្រូវ​ខ្ពស់​ទាំង​សុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និង​រក្សា​ឱ្យបាន​នូវ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ។

​លោក​អភិបាលខេត្ត​ក៏បាន ណែនាំ​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ ក្រុង​ស្រុក ត្រូវ​តាមដាន​និង​គាំទ្រ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ និង​ភូមិ​ឲ្យ​មាន​កិច្ចសហការ​ល្អជា​មួ​យ​​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ជាប្រចាំ ដើម្បី​ធានាថា ពលរដ្ឋ​ខ្មែរ វិលត្រឡប់​មកពី​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេងទៀត ដោយ​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន​ឱ្យបាន តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ជាមួយគ្នា​នោះ លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ផងដែរ ដល់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​រហូតដល់​ភូមិ ឱ្យមាន​កិច្ច​សហការគ្នា​បង្កើន​ស​កម្ម​ភាព​បិទ​ផ្សាយ​ផ្ទាំង​រូបភាព និង​ចាក់​មេក្រូ​ផ្សាយ​ជា​សំឡេង​អប់រំ​របស់​គណៈកម្មកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ពិសេស​ភូមិ ឃុំ សង្កាត់ ដែលមាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​តួលេខ​ស្ថិតិ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ក្នុង​កិច្ចប្រជុំ​នេះ គិត​ត្រឹម​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ដែល​បាន​វិលត្រឡប់​ពី​ក្រៅប្រទេស​មក​រស់នៅក្នុង​មូលដ្ឋាន នៃ​ក្រុង ស្រុក​ទាំង​៨ ក្នុង​ខេត្តកំពត​សរុប​មាន​ចំនួន​៧១៩​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​២៧៧​នាក់៕
សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114