ការ​ទល់​ទ្រ​ប្រាសាទបុរាណ​នៅ​តំបន់​អង្គរ​ ជា​កិច្ចការ​ចាំបាច់​សម្រាប់​ការងារ​អភិរក្ស

សៀមរាប ​៖ ​ដោយសារ​កត្តា​ធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និង​អាយុកាល​នៃ​ថ្ម​ បានធ្វើ​ឲ្យ​ប្រាសាទបុរាណ​ជាច្រើន​បាក់បែក ដួលរលំ និង​មាន​តម្រូវ​ខ្ពស់​ក្នុងការ​ទល់​ទ្រ​ ឬ​ជួសជុល​ឡើងវិញ​ដើម្បី​អភិរក្ស​សំណង់​ប្រាសាទ​បុរាណ​ទាំងនោះ​ បាន​ទាន់ពេលវេលា។

ជាក់ស្តែង​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​ទល់​ទ្រ​សំណង់​ប្រាសាទបុរាណ បាន​បង្ហាត់បង្រៀន​សិក្ខាកាម​ឲ្យ​យល់​ដឹងថា​ ការ​ទល់​ទ្រ​​ ​គ្រាន់តែ​ជា​សកម្មភាព​បណ្តោះអាសន្ន ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ធ្វើ​បន្ទាន់​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រាសាទ អ្នកទស្សនា​ប្រាសាទ ឬ​កន្លែង​ណា​ដែលមាន​ហានិភ័យ​ខ្ពស់ និង​រក្សា​ទ្រង់ទ្រាយ​ដើម​ប្រាសាទ​ឲ្យ​នៅ​ដដែល និង​សម្រួល​ដល់​កិច្ចការ​ជួសជុល​នាពេល​អនាគត​។​

ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ទល់​ទ្រ​វិញ​មាន​ចំនួន​២​ប្រភេទ​គឺ​ទល់​ទ្រ​ដោយ​ឈើ និង ទល់​ទ្រ​ដោយ​បេតុង ដោយ​អ្នកជំនាញ​ត្រូវ​សិក្សា​លើ​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​ខូច​ទ្រង់ទ្រាយ ពិនិត្យមើល​លើ​កម្លាំង​និង​ទម្ងន់​សង្កត់ សិក្សា​លើ​សម្ភារ​និង​បច្ចេកទេស​ទល់​ទ្រ​តាម​រូបមន្ត​វ៉ិ​ច​ទ័​រ ព្រមទាំង​ត្រូវ​រចនា​ការ​ទល់​ទ្រ​ឲ្យ​សមស្រប​ទៅតាម​ទម្ងន់ ជៀសវាង​គ្រោះថ្នាក់​ឬ​រំខាន​ដល់​ភ្ញៀវទេសចរ។

លោក អៀន ធី សិក្ខាកាម​មកពី​ក្រុម​អភិរក្ស​ថ្ម បាន​លើកឡើងថា ខ្ញុំ​បាន​សិក្សា​ស្វែងយល់​ច្រើន​អំពី​របៀប​បច្ចេកទេស​នៃ​ការ​ទល់​ទ្រ​ថ្ម ការថែទាំ​ថ្ម សម្ភារៈ​សម្រាប់​ប្រើប្រាស់ តើ​ត្រូវធ្វើ​របៀប​ម៉េច​ដើម្បី​ទល់​ថ្ម​ឲ្យ​ជាប់​។ វគ្គ​សិក្សា​នេះ​ពិត​ជាមាន​ប្រយោជន៍​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​វា​ជា​ជំនាញ​ថ្មី​មួយទៀត​ក្រៅពី​ជំនាញ​អភិរក្ស​ថ្ម​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​នឹង​យក​ជំនាញ​នេះ​ទៅ​បង្ហាត់បង្រៀន​កូនក្រុម​របស់ខ្ញុំ​ឲ្យ​ចេះ​ពី​របៀប​ទល់​ទ្រ​ថ្ម​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​ដ៏​វែងឆ្ងាយ​នៅក្នុង​តំបន់​អង្គរ​។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​បន្តវេន​ទៅ​អនាគត​គឺជា​កិច្ចការ​អាទិភាព​ដ៏​ចម្បង​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នាពេល​បច្ចុប្បន្ន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើការ​បណ្តុះបណ្តាល​អ្នកជំនាញ​ជាតិ​ទាំង​ការអនុវត្ត​ផ្ទាល់​និង​ទ្រឹស្ដី​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​តែងតែ​សហការ​ជាមួយ​ដៃគូ អន្តរជាតិ​អញ្ជើញ​អ្នកជំនាញ​បរទេស​ផ្សេងៗ ដែលមាន​បទពិសោធន៍ ចំណេះដឹង​ខ្ពស់​ទៅលើ​ការងារ​អភិរក្ស អភិវឌ្ឍន៍​ទេសចរណ៍ ក៏ដូចជា​ការងារ​អភិវឌ្ឍ​សង្គម ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​អ្នកជំនាញ​ជាតិ​ឲ្យ​កាន់​តែមាន​មានចំណេះដឹង​និង​ចំណេះធ្វើ​ទូលំទូលាយ​។ តាមរយៈ​ការបណ្តុះបណ្តាល​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ ជាពិសេស​ទៅលើ​ការ​អភិរក្ស​ថ្ម​និង​ប្រាសាទបុរាណ៕
កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114