BREAKING NEWS
Search

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បញ្ជាក់​ថា “​គ្រូ​បង្វឹក​ជម្រើសជាតិ ​ត្រូវ​យក​គុណ​ផល​ដាក់​មុខ មិន​ត្រូវ​យក​ដុល្លារ​ដាក់​មុខ​ឡើយ​”

​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន បាន​មានប្រសាសន៍​បញ្ជាក់​ថា គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថ្មី​គុន​ខ្មែរ ត្រូវ​ខំ​ត​ខំ​បង្ហាត់បង្រៀន​កូនសិស្ស​ ដែល​ជា​កីឡាករ​គុន​ខ្មែរ​ឲ្យ​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​គុណ​ផល​ល្អ ក្នុង​ដណ្តើម​មេដាយ​តបស្នង​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន បាន​និយាយ​បែបនេះ បន្ទាប់ពី​ជ្រើសរើស​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ថ្មី​២​រូប គឺ​លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុង សាល​វ័​ន្ត កាលពីដើម​សប្ដាហ៍​មក​នោះ ។ លោក​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​បញ្ជាក់​ថា ប្រសិនបើ​យើង​បង្ហាត់បង្រៀន​កូនសិស្ស​មិន​អស់ពី​សមត្ថភាព​នោះ​មានន័យថា យើង​កំពុង​យក​លុយ​ដាក់​មុខ​យើង ដោយ​មិន​គិត​ពី​គុណ​ផល​របស់​កីឡាករ​គុន​ខ្មែរ ​ដែល​ជា​កីឡាករ​ជម្រើស​ជាតិ ដែល​ក្រសួង​អប់រំ​បាន​ចាយ​លុយ​ជាច្រើន​លើ​យើង​។ ក្នុងនាម​គ្រូ​បង្វឹក​ត្រូវ​បំពេញ​តួនាទី​ទៅតាម​គោលការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា គឺ​ហ្វឹកហាត់​កីឡាករ​តាម​កម្មវិធី​ជានិច្ច​។

​លោក​ប្រធាន​បន្ថែម​ទៀត​ថា កាលពី​ឆ្នាំ​កន្លង​មក​គ្រូ​បង្វឹក​ចាស់​បាន​យក​ពេលវេលា​ក្រុម​ជម្រើស​ជាតិ​ទៅ​ហ្វឹកហាត់​ដល់​កីឡាករ​ នៅ​ក្លឹប​របស់​ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ សម្រាប់​ឆ្នាំនេះ​មិន​អនុញ្ញាត​ឲ្យ​លោកគ្រូ​ទាំង​២​រូប​ធ្វើ​បែប​នេះ​ឡើយ​។ ​ឆ្នាំនេះ​ មាន​បេក្ខជន​ជា​គ្រូ​បង្វឹក​ចំនួន​៥​រូប​ បាន​ឈរ​ឈ្មោះ​ជា​គ្រូ​ប​ជម្រើស​ជាតិ រួមមាន​អតីត​គ្រូ​បង្វឹក​ឆ្នើម​លោក​អេ ភូ​ថង លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុង សាល​វ័​ន្ត លោក អាត់ សារ៉ាត់ និង​លោក ទេស សារិន ប៉ុន្តែ​តម្រូវការ​ជ្រើសរើស​តែ​២​រូប​ប៉ុណ្ណោះ ដែល​បាន​ទៅ​លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុង សាល​វ័​ន្ត។ ចំពោះ​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​វិញ ឆ្នាំនេះ​សហព័ន្ធ​ទទួល​បាន​អនុញ្ញាត​ពី​ក្រសួង​ឲ្យ​មាន​កីឡាករ​ចំនួន​១៦​នាក់ គឺ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ៨​នាក់ និង​ថ្នាល​ចំនួន​៨​នាក់​៕​
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ អភិបាល​ខេត្តបាត់ដំបង បើក​ការ​ប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​ថ្នាក់​ ស្រុក​ ឃុំ​ កម្រិត​យុវជន​ដណ្តើម​ពានរង្វាន់