BREAKING NEWS
Search

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រៃវែងបានរៀបចំពិធី ផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកចំនួន ២៧៩ នាក់។
ថ្លែងនៅក្នុងពិធីនោះផងដែរលោក ជា សុមេធី អភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃមន្ទីរសុខាភិបាលខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការចាត់វិធានការបានទាន់ពេលវេលាដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាកនេះក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសកិច្ចសហការល្អរវាងអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លង​រីករាលដាលជំងឺកូវីដ១៩។
លោកក៏បានបន្តទៀតថា បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលខេត្តនាចុងឆ្នាំ ២០១៩ កន្លងមក ទោះបីយើងបាននិងកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវឲ្យយើងទាំងអស់គ្នាអនុវត្តវិធានការដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺកូវីត១៩ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់
លោក​ក៏បានបន្ថែមទៀតថា ការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែងនាពេលនេះមានគោលបំណងផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីគោលការណ៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងរដ្ឋបាល ក្រុង ស្រុក រួមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តអំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រងការចាត់តាំង និងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលឲ្យស្ថិតនៅក្រោមរដ្ឋបាលខេត្តព្រៃវែងនេះ។ គូរបញ្ជាក់ថា នេះគឺជាការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្ដល់សេវា សាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលមកឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ច ប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត៕
អត្ថបឋទ៖ សៅគ្រី