​ពិធី​ប្រកាស​សុពលភាព​ ​តែងតាំង​សមាសភាព​មន្ត្រី​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ខេត្តព្រៃវែង​ ​និង​ខេត្តស្វាយរៀង

​ខេត្តព្រៃវែង​៖ ​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២០​ ​នៅ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង​​បាន​រៀបចំ​ពិធី​ប្រកាស​សុពលភាព​ ​តែងតាំង​សមាសភាព​មន្ត្រី​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​​ទម្ងន់​កម្រិត​កំណត់​ខេត្តព្រៃវែង​ ​និង​ខេត្តស្វាយរៀង​ ​ក្រោម​អធិបតីភាព​ឯកឧត្តម សេង ឈួន ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​ ​អចិន្ត្រៃយ៍​ ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ​នឹង​លោក ឌុ​ច គ​ន្ធា ​អភិបាលរង​ខេត្ត សមាជិក​សមាជិកា​យ៉ាង​ច្រើន​កុះករ​។​

​ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក អ៊ុន សុធា ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​បាន​លើក​ឡើងថា​ ​ខេត្តព្រៃវែង​មាន​ផ្លូវជាតិ​ចំនួន​ ៥​ ខ្សែ​ ​មាន​ផ្លូវជាតិ​លេខ ១ ​ផ្លូវជាតិ​លេខ ៨​ ​ផ្លូវជាតិ​លេខ ១១ ​ផ្លូវជាតិ​លេខ ៨៨​ ផ្លូវជាតិ​លេខ ១៣ ​នឹងមាន​ស្ថានីយ​ជញ្ជីង​ចល័ត​ចំនួន ២ កន្លែង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ១ ​និង​កំណាត់​ផ្លូវជាតិ​លេខ ៨​។ ​ក្នុងនោះ​ជញ្ជីង​ចល័ត​អ្នក​លឿង​ផ្លូវជាតិ​លេខ ១ បាន​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន​ ៦១៨៥ គ្រឿង ​ផាកពិន័យ​បាន​ចំនួន​​ ៣៤,០៥០​,០០០​រៀល ​និង​​ស្ថានីយ​ជញ្ជីង​ចល័ត​ព្រៃ​ព្នៅ​ផ្លូវជាតិ​លេខ ៨ ​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន​ ៤៤,១០០ ​គ្រឿង ផាក​ពិន័យ​បាន​ចំនួន ២៨១,៩៥០,០០០​រៀល​។​

​ចំពោះ​ប្រកាស​សុពលភាព​ ​តែងតាំង​សមាសភាព​មន្ត្រី​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​មាន​ ១-​លោក មាស កេង ​ប្រធាន​ស្ថានីយ​ជញ្ជីង​ផ្លូវជាតិ​លេខ ១ ​អ្នក​លឿង​។ ​២- ​លោក​ ជា ម៉ូ ​ប្រធាន​ស្ថានីយ​ជញ្ជីង​ផ្លូវជាតិ​លេខ ៨ ​ព្រៃ​ព្នៅ ​ខេត្តព្រៃវែង​ ​និង​ទី​៣-​លោក យន់ រស្មី ប្រធាន​ស្ថានីយ​ជញ្ជីង​ ខេត្តស្វាយរៀង​។​

​ឯកឧត្ដម​ សេង ឈួន​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រប​សម្រួល​​អចិន្ត្រៃយ៍​ នៃ​​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ​មានប្រសាសន៍​កោត​សរសើ​រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អស់កម្លាំង​កាយ​ចិត្ត​របស់​មន្ទីរ​សា​ធារណការ​ខេត្ត​ព្រៃវែង​ ​និង​ខេត្ត​ស្វាយរៀង​ ​ដែល​បាន​អនុវត្ត​យ៉ាង​ល្អ​ប្រសើរ​នា​ពេល​កន្លងមក​។​

​ឯកឧត្ដម​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ដែល​នឹង​ប្រកាស​សុពលភាព​ ​តែងតាំង​សមាសភាព​មន្ត្រី​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ ​នាពេលនេះ​ត្រូវ​បន្ត​អនុវត្ត​សកម្មភាព​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ផ្លូវ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ ​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ដឹក​លើស​ទម្ងន់​កំណត់​ ​ឆ្លងកាត់​ផ្លូវ​របស់​ខ្លួន​ដែល​ប្រចាំការ​រៀង​ៗ​ខ្លួន​នោះ​៕

 

អត្ថបទ៖ ​សៅ​គ្រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114