សាកសព​ជាច្រើន​នៅ​អ៊ីតាលី ត្រូវ​ធ្វើ​បុណ្យ​រួម​​​ទាំង​គ្មាន​សាច់​ញាតិ​ចូល​រួម មុន​​ត្រូវ​លើក​ទៅ​បញ្ចុះ​នៅ​កន្លែង​ឆ្ងាយ

ត្រឹម​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទី​ប្រជុំជន​មួយ​នៅ​អ៊ីតាលី មាន​សាក​សព​ស្លាប់​ដោយ​សារ​កូវីដ ១៩ ជាច្រើន ត្រូវ​គេ​ទុក​ចោល​នៅ​ព្រះ​វិហារ ដោយ​កងយោធា​ប្រទេស​នេះ ជា​អ្នក​ជួយ​ដឹក​សព​ពួក​គេ​ទុក​ចោល​យក​ទៅ​បញ្ចុះ​នៅ​តំបន់​ផ្សេង។

រថយន្ត​ជា​ច្រើន​គ្រឿង ត្រូវ​គេ​យក​មក​ប្រើ​ដើម្បី​ដឹក​សព​ចេញ​ពី​ព្រះ​វិហារ បន្ទាប់​ពី​អ្នក​បួស​បាន​សូត្រ​ធម៌​ជូន​ដំណើរ​ពួកគេ​ទាំង​គ្មាន​សាច់ញាតិ​រួច។

កាល​ពី​ថ្ងៃ​ពុធ អ្នក​បួស​​ម្នាក់​ក្នុង​វិហារ​ San Giuseppe នៃ​ទីប្រជុំ​ជន Seriate ខេត្ត Bergamo បាន​សូត្រ​ធម៌​ទៅ​ដល់​វិញ្ញាណក្ខន្ធ​សព​ប្រមាណ​ជា ៤៥នាក់ ដែលគេ​យក​មក​តម្កល់​នៅ​ទី​នេះ ទាំង​មិន​មាន​សាច់​ញាតិ​ចូល​រួម​សូម្បី​តែ​ម្នាក់។

ក្រោយ​ពិធី​សូត្រ​ធម៌​ចប់​សព្វ​គ្រប់ កង​យោធា​ជាមួយ​សម្លៀក​បំពាក់ និង​ម៉ាស់​ការពារ បាន​លើក​សព​ទាំង​នោះ​ឡើង​រថយន្ត ដែល​ទំនង​គេ​ជឿ​ថា នឹង​ត្រូវ​យក​ទៅ​បូជា​នៅ​ឯ​ភាគ​ខាង​ជើង​ប្រទេស​នេះ។

យោង​តាម​ការ​អះអាង​ពី​អាជ្ញាធរ​តំបន់​នោះ សាកសព​ទាំងអស់ នឹង​ត្រូវ​គេ​ដឹក​យក​ទៅ​បូជា​នៅ​កន្លែង ដើម្បី ខណៈ​ផេះ​សេសសល់​ពី​ការ​បូជា ទើប​បញ្ជូន​មក​កាន់​ក្រុម​គ្រួសារ​សព​វិញ។

គិត​មក​ទល់​នឹង​ពេល​នេះ អ៊ីតាលី​មាន​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ សរុប ៧៤៣៨៦ ករណី ក្នុង​នោះ ៧៥០៣ ករណី​បាន​ស្លាប់ ខណៈ​ខេត្ត Bergamo តែ​ឯង​ប៉ុណ្ណោះ គឺ​មាន​ករណី​ឆ្លង​សរុប​ដល់​ទៅជាង ៦៧០០​ករណី ច្រើន​ជាង​បណ្តា​ប្រទេស​ជាច្រើន​ជុំ​វិញ​ពិភពលោក ខណៈ​អ្នក​ស្លាប់​ក៏​មាន​ច្រើន​ដូច​គ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ dailymail