ព្រះអង្គម្ចាស់ឆាលនៃចក្រភពអង់គ្លេស​តេស្តឃើញវិជ្ជមាន​មេរោគ​កូវីដ១៩

រាជទាយាទចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ឆាលក្នុងព្រះជន្មាយុ ៧១ វស្សា បានធ្វើតេស្តឃើញវិជ្ជមាន​វីរុសកូវីដ១៩ ប៉ុន្តែ Buckingham អះអាងថា ទ្រង់នៅមានព្រះកាយពលល្អមាំទាំ​នៅឡើយ។

ព្រះរាជបុត្រច្បង នៃ​មហាក្សត្រីអេលីសាបិតទី ២ ត្រូវបានគេជឿជាក់ថា កំពុងរងរោគសញ្ញាស្រាល ប៉ុន្តែទ្រង់បានបន្តធ្វើការពីព្រះរាជតំណាក់ដែលនៅដាច់ដោយឡែក។

ព្រះមហេសីខេមឡា ផាកឃឺបឺដឌុស ក៏​ត្រូវបានទទួលការតេស្ត​ប៉ុន្តែលទ្ធផលអវិជ្ជមាន។

សេចក្តីថ្លែងការណ៍ពីរាជវាំង Buckingham នៅព្រលប់ថ្ងៃពុធនេះ បានបញ្ចេញ​ឱ្យដឹងថា« ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយសេវាសុខភាពជាតិ តែ​វាមិនអាចទៅរួចទេ ដើម្បីបញ្ជាក់ថាទ្រង់បានឆ្លងពីនរណាតែ​គេគិតថា ភាគរយខ្ពស់​គឺ​ឆ្លងពីពិធីភ្ជាប់ពាក្យដែលព្រះអង្គម្ចាស់ បានមានព្រះរាជវត្តមានអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ»។

ប្រភពព័ត៌មានពីព្រះរាជវង្សបានប្រាប់រ៉យទ័រដំបូងគេបំផុតថា ព្រះអង្គម្ចាស់បានឆ្លងជំងឺតំាង​ពីថ្ងៃទី ១៣ ខែមីនាដែលទ្រង់និងមហេសីបានយាង​ទៅភាគខាងលិចនៃប្រទេសអង់គ្លេសបន្ទាប់មកបានធ្វើដំណើរបន្ត​ទៅកាន់រាជតំណាក់ Birkhall នៅលើទឹកដី Balmoral ក្នុងប្រទេសស្កុតឡេនកាលពីថ្ងៃអាទិត្យមុន។

ទ្រង់និងមហេសីបានផ្តាច់ខ្លួននៅរាជតំណាក់ស្កុតឡេន ចាប់តាំងពីលទ្ធផលតេស្តឃើញថា​វិជ្ជមាន។

ជាមួយ​នោះ​ដែរ​សេចក្តីថ្លែងការណ៍មួយពីរាជវាំង​ Buckingham បានបញ្ជាក់ថា ព្រះមហាក្សត្រី Elizabeth II ព្រះជន្ម៩៣ វស្សានៅតែមានព្រះកាយសុខភាពល្អធម្មតា ទោះបីជា​កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ​មហាក្សត្រីយានីបានជួបព្រះអង្គម្ចាស់ឆាលក្តី។ បច្ចុប្បន្ន​ព្រះមហាក្សត្រី​កំពុងតែធ្វើតាមដំបូន្មានសមស្របទាំងអស់ទាក់ទងនឹងសុខុមាលភាពពីរាជពេទ្យ ។

​មហាក្សត្រីយានីនិងព្រះអង្គម្ចាស់ឆាលក៏បានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រួមគ្នាមួយ​នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី ១០ ខែមីនា ចំណែកឯពិធីជាសាធារណៈចុងក្រោយរបស់ព្រះអង្គម្ចាស់ឆាល គឺអាហារពេលល្ងាចនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ១២ ខែមីនាដោយមានលោកចចប៊ឺដិនឧត្តមស្នងការអូស្ត្រាលីប្រចាំចក្រភពអង់គ្លេសចូលរួម។

ឡាហ្សូលី