សោកស្ដាយ! សាស្រ្តាចារ្យម្នាក់​កំពុងស្រាវជ្រាវពីជំងឺ COVID-19 ជិតបានសម្រេចហើយ បែរជាត្រូវគេបាញ់សម្លាប់យ៉ាងរន្ធត់
BREAKING NEWS
Search

សោកស្ដាយ! សាស្រ្តាចារ្យម្នាក់​កំពុងស្រាវជ្រាវពីជំងឺ COVID-19 ជិតបានសម្រេចហើយ បែរជាត្រូវគេបាញ់សម្លាប់យ៉ាងរន្ធត់

សាស្រ្តាចារ្យជនជាតិចិននៃសាកលវិទ្យាល័យ Pittsburgh នៅសហរដ្ឋអាមេរិកដែលកំពុងធ្វើការស្រាវជ្រាវពាក់ព័ន្ធជំងឺ Covid-19 ជិតបានលទ្ធផលទៅហើយ ត្រូវបានបាញ់សម្លាប់នៅក្នុងករណីឃាតកម្មមួយកាលពីចុងសប្តាហ៍។

ផ្អែកតាមការឲ្យដឹងពីនាយកដ្ឋានប៉ូលិស សាស្រ្ដាចារ្យផ្នែកស្រាវជ្រាវដែលត្រូវបានគេស្គាល់ឈ្មោះថា Bing Liu ត្រូវបានគេរកឃើញនៅឯផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍ដោយមានរបួសនឹងគ្រាប់កាំភ្លើងចំក្បាល កញ្ចឹងក និងចុងដៃ។

ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថាបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទៀតដែលត្រូវបានរកឃើញស្លាប់នៅក្នុងឡាន គឺជាអ្នកដែលបានបាញ់សម្លាប់លោក Liu នៅក្នុងផ្ទះរបស់លោក មុនពេលត្រលប់ទៅឡាននិងបញ្ចប់ជីវិតខ្លួនឯង។

ប៉ូលីសស៊ើបអង្កេតជឿជាក់ថាបុរសទាំង ២ បានស្គាល់គ្នា ប៉ុន្តែគេមិនបានរកឃើញភស្តុតាងណាមួយចង្អុលបង្ហាញលោក Liu ត្រូវបានសម្លាប់ដោយសារលោកជាជនជាតិចិននោះទេ។

សាកលវិទ្យាល័យ Pittsburgh បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេ “មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពដ៏សោកសៅរបស់លោក Bing Liu ដែលជាអ្នកស្រាវជ្រាវដ៏ល្បី និងត្រូវបានកោតសរសើរដោយមិត្តរួមការងារ។ សាកលវិទ្យាល័យសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់លោក Liu ក្នុងអំឡុងពេលដ៏លំបាកនេះ” ។

សហការីរបស់លោកនៅនាយកដ្ឋានកុំព្យូទ័រនិងប្រព័ន្ធជីវសាស្រ្តនៃសាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Bing គឺជិតឈានដល់ការរកឃើញដ៏សំខាន់ដើម្បីស្វែងយល់ពីយន្តការកោសិកាដែលបានឆ្លងមេរោគ SARS-CoV-2 (Covid-19) និងបម្រែបម្រួលកោសិកាក្រោយឆ្លងវីរុសនេះ” ។

សមាជិកនៃសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យបានពិពណ៌នាអំពីអតីតសហសេវិករបស់ពួកគេម្នាក់នេះថាជាអ្នកស្រាវជ្រាវ និងជាគ្រូដ៏ឆ្នើមម្នាក់ ហើយបានសន្យាថានឹងជួយបញ្ចប់ការស្រាវជ្រាវរបស់លោក Liu ដើម្បីគោរពដល់ឧត្តមភាពវិទ្យាសាស្រ្តរបស់គាត់ ៕

ចុចអាន៖ សិស្សក្នុងទីក្រុង Wuhan ចាប់ផ្តើមវិលត្រឡប់ចូលសាលារៀនវិញ ដោយមាន​ការ​រឹតបន្តឹង​មួយ​ចំនួន​

ចុចអាន៖ ជប៉ុន​អាចនឹងអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ​មួយ​ប្រភេទ​នេះ​សម្រាប់ព្យាបាលអ្នកជំងឺ COVID-19

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNN