លោក Putin ពន្លឿនការរុះរើនយោបាយរុស្ស៊ី

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Vladimir Putin បានខិតខំយ៉ាងសស្រាក់សស្រាំដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់ប្រទេសរុស្ស៊ីដែលជាហេតុជំរុញឲ្យមានការសង្ស័យលើមហិច្ឆតារបស់គាត់បន្ទាប់ពីអាណត្តិរបស់គាត់ផុតកំណត់។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដឹកនាំកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខនៅទីក្រុង មូស្គូ (រូប REUTERS)

មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីការប្រកាសអំពីកំណែទម្រង់ដែលបណ្តាលឲ្យមានភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសរុស្ស៊ី លោក Putin បានបញ្ជូនកញ្ចប់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៅសមាជិកសភា។

សេចក្តីព្រាងច្បាប់នេះបានស្នើឲ្យមានការផ្លាស់ប្តូរដែលនឹងផ្ទេរអំណាចមួយចំនួនពីប្រធានាធិបតីទៅឲ្យរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋ។
ប៉ុន្តែបើយោងតាមវិសោធនកម្មដែលដាក់ជូនសភាបានបង្ហាញថា លោកប្រធានាធិបតីក៏ទទួលបានអំណាចបន្ថែមផងដែរ។

យោងតាមវិសោធនកម្មបានឲ្យដឹងថា ការផ្លាស់ប្តូរនេះក៏នឹងប្រែក្លាយក្រុមប្រឹក្សារដ្ឋពីស្ថាប័នប្រឹក្សាមួយទៅជាស្ថាប័នមួយដែលអាចដឹកនាំដោយលោក Putin ដែលនឹងកំណត់នូវគោលនយោបាយក្នុងស្រុកនិងបរទេសក៏ដូចជាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចផងដែរ។

លោក Putin ដែលបានក្លាយជាប្រធានាធិបតីលើកដំបូងកាលពី២០ឆ្នាំមុនបានប្រកាសអំពីការផ្លាស់ប្តូរនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធសប្តាហ៍មុនដែលជាហេតុជំរុញឲ្យរដ្ឋាភិបាលរបស់លោក Dmitry Medvedev លាលែងពីតំណែង។

កំណែទម្រង់នេះរួមមានការផ្តល់សិទ្ធិអំណាចដល់សភាក្នុងការតែងតាំងនាយករដ្ឋមន្រ្តីនិងកំណត់ប្រធានាធិបតីឲ្យមានអាណត្តិសរុបត្រឹមតែពីរអាណត្តិប៉ុណ្ណោះជំនួសឲ្យកានកាន់តំណែងពីរអាណត្តិជាប់ៗគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់បានចោទប្រកាន់លោក Putin ពីបទរៀបចំ “រដ្ឋប្រហាររដ្ឋធម្មនុញ្ញ” និងស្វែងរកការផ្លាស់ប្តូរយ៉ាងលឿនទៅនឹងប្រព័ន្ធនយោបាយរបស់ប្រទេសដោយមិនឆ្លងកាត់នីតិវិធីត្រឹមត្រូវដូចជាការធ្វើប្រជាមតិជាដើម៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ