ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ជាង​៦​ម៉ែត្រ ​ត្រូវ​បាន​យក​ទៅ​លែង​នៅ​បឹង​ពារាំង

សៀមរាប​ ៖ ​លោក លឹម ឌី​ណា ចៅ​សង្កាត់​រង រួម​ជា​មួយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ក្រុង​សៀមរាប​ខេត្ត​សៀមរាប បាន​នាំ​យក​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​ប្រមាណ​ជា​៦​ម៉ែត្រ ទម្ងន់​ប្រហែល​២០​គ​.​ក្រ យក​ទៅ​លែង​នៅ​បឹង​ពារាំង​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ស្ថិត​ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០២០។

​លោក លឹម ឌី​ណា មានប្រសាសន៍​ឲ្យ​ដឹង​ថា​ ៖​ ពស់ថ្លាន់​មួយ​ក្បាល​នេះ​ ជាប់​មង​ដែល​ដាក់​ដើម្បី​រាំង​ស្កាត់​កាកសំណល់​ផ្សេងៗ​កុំឲ្យ​ហូរ​តាម​ដងស្ទឹង​សៀមរាប កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃអាទិត្យ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​ស្នាក់​ការ​សាលាសង្កាត់ ហើយ​យើង​បាន​យក​មក​រក្សាទុក​រង់ចាំ​ពេលទំនេរ​ទើបបាន​យក​មក​លែង​នៅ​ទី​នេះ​។​

លោក​បន្ត​ថា​៖ ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​គឺ​តែងតែ​ណែនាំ​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ចាប់​បាន​សត្វ​គ្រប់​ប្រភេទ​ត្រូវ​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ឬ​ទី​អភិរក្ស​ផ្សេងៗ​ដើម្បី​រួមគ្នា​ថែរក្សា ការពារ​កុំ​ឲ្យ​ផុត​ពូជ ទុក​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​បាន​ឃើញ​បាន​ស្គាល់ និង​ទុកជា​សម្បត្តិ​ធម្មជាតិ​របស់​យើង​ទាំង​អស់​គ្នា ក៏​ដូច​ជា​ការ​សន្សំ​បុណ្យ​ផង​ដែរ ដោយហេតុថា​ការ​មិន​សម្លាប់​សត្វ​ដែល​មាន​ជីវិត​គឺជា​ការ​ជួយ​សង្គ្រោះ​និង​បាន​បុណ្យ​ច្រើន​ណាស់៕


អត្ថបទ៖ គឿន​វេត​