កាតារ​និង​អារ៉ាប៊ីសាអ៊ូឌីត​ឆ្ពោះទៅរក​ការផ្សះផ្សា​ផ្នែក​ការទូត​ថ្វីបើ​មាន​ឧបសគ្គ

ការអញ្ជើញ​ដោយផ្ទាល់​របស់​ស្តេច​អារ៉ាប៊ីសាអ៊ូឌីត​ចំពោះ​ព្រះ​ចៅ​កាតារ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ទីក្រុង​រី​យ៉ា​ដ​នា​សប្តាហ៍​ក្រោយនេះ​គឺជា​សញ្ញា​ចុងក្រោយ​បំផុត​នៃ​ការផ្សះផ្សា​ដែល​ត្រូវបាន​គេ​រំពឹង​ទុកជា​យូរ​មកហើយ​បន្ទាប់ពី​ជម្លោះ​រយៈពេល​ពីរ​ឆ្នាំ​។​

ក្រុម​អ្នកសង្កេតការណ៍​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​ការឆ្លើយតប​របស់​កាតា​រ​ដែល​នឹង​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់ “​សន្និសីទ​ផ្សះផ្សា​” មួយ​បើទោះបី​ជាមាន​ឧបសគ្គ​ជាច្រើន​ដែល​រារាំង​ផ្លូវ​ឆ្ពោះទៅរក​ការបន្ធូរបន្ថយ​ភាព​តានតឹង​ក៏ដោយ​។​

លោក Kristian Ulrichsen សមាជិក​នៃ​វិទ្យាស្ថាន Baker របស់​សកល​វិទ្យាល័យ Rice នៅ​សហរដ្ឋអាមេរិក​បាន​និយាយថា “​សញ្ញា​ដែល​បង្ហាញ​ពី​ការផ្សះផ្សា​គឺ​កំពុងតែ​កើតឡើង​ហើយ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍​អារ៉ាប៊ីសាអ៊ូឌីត​មួយចំនួន​បាន​ច្រានចោល​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ទៅកាន់​ព្រះ​ចៅ​កាតារ​ដោយ​និយាយថា ព្រះអង្គ​គ្រាន់តែ​ធ្វើតាម​ពិធីការ​ប៉ុណ្ណោះ​ហើយ​ទ្រង់​ក៏បាន​អញ្ជើញ​មេដឹកនាំ​កាតារ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំមុន​ផងដែរ​។​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​នានា​ដូចជា​អេ​ហ្ស៊ី​ប បា​រ៉ែ​ន​និង​អារ៉ាប់​រួម​បាន​បិទ​ដែនអាកាស​របស់​ពួកគេ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways និង​ហាមឃាត់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ​ជុំវិញ​ការចោទប្រកាន់ថា រដ្ឋាភិបាល​ក្រុង​ដូ​ហា​បាន​គាំទ្រ​ដល់​ក្រុម​ឥស្លាម​រ៉ាឌីកាល់​និង​ស្វែងរក​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

ជាការ​បន្ធូរបន្ថយ​ជម្លោះ​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២, កត្តា​សន្តិភាព​គឺ​ផ្តោតទៅលើ​វិស័យ​កីឡាបាល់ទាត់​វិញ​។​

ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ទាំងបី​ដែល​ធ្វើពហិការ បច្ចុប្បន្ន​គឺ​កំពុង​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​មួយ​នៅ​ប្រទេស​កាតារ​បន្ទាប់ពី​ពួកគេ​បានប្រកាស​អំពី​ការចូលរួម​នៅ​នាទីចុងក្រោយ​ដែល​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យថា ការទម្លាយ​ភាពទាល់ច្រក​ផ្នែក​ការទូត​នឹង​កើតមាន​។​

គួរ​បញ្ជាក់ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ក៏បាន​បិទ​ព្រំប្រទល់​ដីគោក​របស់ខ្លួន​ជាមួយ​ប្រទេស​កាតារ​ផងដែរ​នោះ​គឺ​នឹងត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Gulf Cup នៅ​ថ្ងៃ​ព្រហស្បតិ៍​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114