លោកជំទាវ​ម៉ែន សំអន ផ្ដល់នូវ​អនុសាសន៍​៤​ចំណុច​សំខាន់ៗ ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ១០៩ នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា

ភ្នំពេញ​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​ជា​ប្រធាន​សមាគម​​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​​ទូទាំង​ប្រទេស ​បានផ្ដល់​នូវ​អនុសាសន៍​៤​ចំណុច​សំខាន់ៗ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

ការ​ផ្ដល់​នូវ​អនុសាសន៍​៤​ចំណុច​សំខាន់ៗ​​នេះ ​ធ្វើ​ឡើង ​ខណៈ​លោកជំទាវ​​​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ជួប​សំណេះសំណាល​ និង​ពិសា​​អាហារ​សាមគ្គី​ជាមួយ​សាខា​សមាគម​​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​​ក្រសួង​ក្រសួងបរិស្ថាន​នា​រាត្រី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ឆ្នាំ​២០២០​រាជធានី​ភ្នំពេញ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​ថ្លែងថា បច្ចុប្បន្ន​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា ប្រមុខ បាននិងកំពុង​ខិតខំ​យកចិត្ត​ទុកដាក់ យ៉ាងសកម្ម ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​នារី​យើង មានលទ្ធភាព អនុវត្ត​នូវ សិទ្ធិ ពេញលេញ​របស់ខ្លួន​បានល្អ​ប្រសើរ ក្នុង​ភាពជា​ដៃគូ​ដ៏​ស័ក្ដិសម​ជាមួយបុរស​។ ហេតុ​ដូចនេះហើយ​ សូម​អំពាវ នាវ ដល់ អង្គការ ជាតិ និង​អន្តរជាតិ​ទាំងអស់​បន្ត​ជួយ​គាំទ្រ​ដល់​សកម្មភាព​នារី ដើម្បី​លើកស្ទួយ​តុល្យភាព និង សម ភាព រវាង​បុរស និង​ស្ត្រី​ឱ្យ​បាន​គ្រប់កន្លែង និង​គ្រប់​កាលៈទេសៈ ក្នុង​ការធានា​ឱ្យបាន​នូវ កិច្ច​អភិវឌ្ឍ​ប្រកប ដោយ ចី​រភាព សេចក្តីសុខ​សន្តិភាព និង​វឌ្ឍនភាព​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ដោយ​យក ឱកាស នេះ ដើម្បី​រំលេច​នូវ​អនុសាសន៍​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​យុវជន ក្នុងចំណោម​​អនុសាសន៍​ទាំង​១១​ចំណុច​របស់​ សម្តេច អគ្គ មហា សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ពាក់​ព័ន្ធ ​និង​ផ្តល់នូវ​គំនិត​ថ្មីៗ​បន្ថែម ទៀត​ជូន​ថ្នាក់ ដឹក នាំ និង មន្ត្រី គ្រប់ លំដាប់ ថ្នាក់ នៃ​ក្រសួងបរិស្ថាន ព្រមទាំង​អន្តរ ស្ថាប័ន​ពាក់ព័ន្ធ ទាំង អស់ សម្រាប់ ជា មូលដ្ឋាន គន្លឹះ អនុវត្ត បន្ត ដូច ខាងក្រោម​នេះ​គឺ​
ទី​១.​ក្រសួងបរិស្ថាន ត្រូវ​បន្ត​ផ្សព្វផ្សាយ​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការ រើស អើ​ង ប្រឆាំង នឹង​នារី​ភេទ និង​ឯកសារ​ពាក់ព័ន្ធ តាម​ព្រះរាជានុសាសន៍ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ មាតា ជាតិខ្មែរ ព្រះ ប្រធាន កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​បន្ត​ចុះ​តាមដាន​ការអនុវត្ត ច្បាប់ និង បទបញ្ញត្តិ ពាក់ព័ន្ធ​នានា ដើម្បី​លើក​អនុសាសន៍​ជូន​ក្រសួង និង​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ បញ្ជ្រាប​យេនឌ័រ ក្នុង​វិស័យ​បរិស្ថាន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​


​ទី​២.​ក្រសួងបរិស្ថាន ត្រូវ​បន្ត​បង្កើន​សមត្ថភាព​មន្ត្រីរាជកា​រ​ជា​ស្ត្រី តាម រយៈ វគ្គប​ណ្ដុះ បណ្ដាល ទាំង​ក្នុង និង​ក្រៅប្រទេស​។ យកចិត្តទុកដាក់​ចំពោះ​មន្ត្រីរាជការ​ជា​ស្ត្រី​មុន​ចូលនិវត្តន៍ ដោយ​ដំឡើង ឋានន្តរ​ស័​ក្កិ និង​ថ្នាក់​ក្នុង ប្រភេទ ក្របខណ្ឌ​របស់ខ្លួន តាម​អតីតភាព​ការងារ​ឱ្យស្រប​តាម​គោលការណ៍​។​

ទី​៣. ក្រសួងបរិស្ថាន ត្រូវ​បន្ត​ពិនិត្យ​ស្រាវជ្រាវ​ស្ថានភាព​មន្ត្រី​នារី ចំពោះ​ការលំបាក​ក្នុងការ​បំពេញ​ការ ងារ របស់ខ្លួន​ដើម្បី​មាន វិធានការ​ដោះស្រាយ​។​

ទី​៤. ក្រសួងបរិស្ថាន​ត្រូវ បង្កើត​ប្រព័ន្ធ​តាមដាន និង​ត្រួត ពិនិត្យ មួយ ដែល មាន លក្ខណៈ សង្គតិ ភាព និង​ផ្តល់​គណនេយ្យភាព ក្នុង​សកម្មភាព​បញ្ជ្រាប យេនឌ័រ និង​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃ ក្នុង និង​បន្ត​សហការ បែងចែក​ភារកិច្ច ឱ្យ បាន សមស្រប និង​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ក្នុង​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​ទៅតាម​ជំនាញ៕
វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114