ឃាត់​ខ្លួន​បុរស​ម្នាក់​ ដែល​ជួល​រថយន្ត​គេ​ក្នុង​តម្លៃ​៥០០​ដុល្លារ ​ក្នុង​១​ខែ ​នៅ​កំពង់សោម​ យក​ទៅ​លក់

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ ជួល​រថយន្ត​គេ​ក្នុង​តម្លៃ​៥០០​ដុល្លារ​ក្នុង​១​ខែ​ នៅ​កំពង់សោម ​ស្រាប់តែ​យក​ទៅ​លក់​ ហើយ​បាន​គេច​មក​សំងំ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​ ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក្រុង ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ នៅ​វេលា​ម៉ោង​៣​រសៀល​១៥ ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ណ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​នាំមក​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការ​បន្ត។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ យក់ បញ្ញា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចុះ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០​ ពាក់ព័ន្ធ​នឹង​ករណី​ជួល​រថយន្ត​នៅ​ចំណុច​កាស៊ីណូ​ហ្វ័​រ​ធូ​ណា ម្ដុំ​តោ​ពីរ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺ​ឈ្មោះ លឹម ប៊ុនធឿន បាន​លក់​រថយន្ត​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-2798 ឲ្យ​ទៅ​ឈ្មោះ រស់ ជៀវ ត្រូវជា​ឪពុកក្មេក​ឈ្មោះ យក់ បញ្ញា ក្នុងតម្លៃ ១៥.០០០​ដុល្លារ ​ប៉ុន្តែ​ឈ្មោះ ប៊ុន ធឿន បាន​សុំ​ជួល​រថយន្ត​នោះ​ពី ​ឈ្មោះ យក់ បញ្ញា ដើម្បី​ជិះ​វិញ ក្នុងតម្លៃ​៥០០​ដុល្លារ ក្នុង​មួយខែ ហើយ​ក្រោយមក ​ឈ្មោះ លឹម ប៊ុនធឿន បាន​យក​រថយន្ត​ទៅ​លក់​ឲ្យ​អ្នកដទៃ ហើយ​គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​ឃាត់ខ្លួន​តែម្តង​។

​លោក​វរសេនីយ៍ឯក​ម៉ែន​ ភិរម្យ មេបញ្ជាការ​រង អាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ អាវុធហត្ថ​ខេត្ត​ និង​យោង​តាម​ចម្លើយសារភាពរ​បស់​ជនសង្ស័យ​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្ដឹង​ខាងលើ ពិតប្រាកដ​ ហើយ​គេច​ខ្លួន​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​នោះ, ​​ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់​៕​


អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114