ប្រាសាទ​អក​យំ​ទទួល​បាន​ការ​ជួសជុល​ជា​លើក​ដំបូង​ពី​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា

សៀមរាប ៖ ដំណើរការ​ជួសជុល​ប្រាសាទអកយំ​មកដល់​ឆ្នាំ​២០២០​មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ ដែល​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រឹងប្រែង​សង្គ្រោះ​ឱ្យ​រួចផុត​ពី​ហានិភ័យ ដើម្បីឱ្យ​បុរាណ​ដ្ឋា​ន​មួយ​នេះ​មាន​ភាពរឹងមាំ ស្រស់ស្អាត និង​ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ សម្រាប់​ទទួល​ស្វាគមន៍​ទេសចរ​គ្រប់ទិសទី​មក​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​។​

លោក​បណ្ឌិត ជា សុជាតិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​បានឱ្យដឹងថា ប្រាសាទអកយំ​រង​នូវ​ការខូចខាត​តាំងពី​មុន​បារាំង​រកឃើញ​មកម្ល៉េះ (​ឆ្នាំ​១៩៣២) ដោយសារ​រចនា​សម្ពន្ធ​មួយផ្នែក​នៃ​ប្រាសាទ​ត្រូវបាន​កប់​ក្រោម​ខ្នង​ទំនប់​បារាយណ៍​។ មិនតែប៉ុណ្ណោះ ដើមឈើ​និង​ឫស​ឈើ​ក៏បាន​ដុះ​ចាក់ឫស​បំផ្លាញ​ប្រាសាទ កម្សោយ​រចនា​សម្ពន្ធ​គ្រឹះ​មិនអាច​ទ្រ​ទម្ងន់​សង្កត់​របស់​តួ​ប្រាសាទ​ទាំងមូល ការ​លួច​ជីក​រក​វត្ថុ​បុរាណ ឥដ្ឋ​ពុកផុយ ការបំផ្លាញ​ដោយ​បរិស្ថាន​មាន​រុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ លំ​ញ័រ​យានយន្ត​ដែល​បរ​កាត់​បុរាណ​ដ្ឋា​ន បាយអរ​អស់​គុណភាព និង​កង្វះ​ការថែទាំ​ជាដើម​។​

​ដើម្បី​សង្គ្រោះ​ប្រាសាទ​នេះ​ឱ្យ​ផុតពី​គ្រោះថ្នាក់ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ទៅតាម​ដំណាក់កាល​។ ដំណាក់កាល​ទី​១ សម្អាត​ប្រាសាទ ត្រួស​ត្រាយព្រៃ សម្អាត​កំណ​កដី សម្រង់​ប្លង់​ជុំវិញ​ប្រាសាទ និង​ពង្រឹង​ខឿន​ខាងត្បូង​នៃ​ប្រាង្គ​កណ្តាល​។ ដំណាក់កាល​ទី​២ ក្រុមការងារ​បន្ត​ពង្រឹង​ប្រាង្គ​កណ្តាល ពង្រឹង​និង​ជួសជុល​ខឿន​ផ្នែក​ខាងត្បូង ខាងលិច ខាងកើត និង​ខាងជើង​។ នៅ​ផ្នែក​ខាងជើង ក្រុមការងារ​បាន​ដំឡើង​ស៊ុមទ្វារ​ដែល​ធ្វើ​ពី​ថ្មភក់​ឱ្យ​ឈរ​ឡើងវិញ ដែល​គេ​បានធ្វើ​បន្ថែម​លើ​សំណង់​ចាស់​កាល​ពីស​.​វ​.​ទី​១០​ឱ្យ​ដូចដើម​។ បន្ត​ពី​នោះ ក្រុមការងារ​បាន​ដក​ដើម​ពោ​ធ៍ រើ​រាន​ព្រះ​ភូមិ​នៅ​ផ្នែក​ខាងកើត ដែលជា​ច្រកចូល​ដ៏​សំខាន់ ហើយ​ពង្រឹង​ខឿន​ទី​៣ និង​កម្រាល​ខឿន​ដែល​ឫស​ពោធិ៍​បាន​ចាក់​ចូល​ធ្វើឱ្យ​ខូចខាត​។ រួចហើយ​ពង្រឹង​និង​ជួសជុល​ខឿន​ប្រាង្គ ដំឡើង​កាំជណ្តើរ​ថ្មភក់​និង ដាក់​បង្កាន់ដៃ​ឥដ្ឋ​សងខាង​។ ចំណែក​នៅ​កណ្តាល​ប្រាង្គ ក្រុមការងារ​បានរៀបចំ​ពង្រឹង​ជើង​ទម្រ​និង​លើក​បំណែ​កជើង​ទម្រម​កដា​ក់នៅ​ទីតាំង​ដើម​វិញ​។​

​ប្រធាន​គម្រោង​រូបនេះ​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការជួសជុល​ប្រាសាទអកយំ គឺ​ដើម្បី​រួមចំណែក​លើក​តម្លៃ​ប្រាសាទ​នេះ​ឱ្យ​ផុតពី​ការបំផ្លាញ​របស់​ធម្មជាតិ បរិស្ថាន និង​មនុស្ស ឱ្យ​សម​តម្លៃ​ជា​បេតិកភណ្ឌ​ពិភពលោក​។​លោក សុជាតិ សង្ឃឹមថា ក្រោយ​បញ្ចប់​គម្រោង​ជួសជុល​ក្នុងពេល​ឆាប់ៗ​ខាងមុខ នឹងមាន​ភ្ញៀវទេសចរ​ស្គាល់​ច្រើន មក​ទស្សនា​ច្រើន​ដូច​បារាយណ៍​ដែរ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់​ប្រាសាទ ភ្នំ ដែល មានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕

ប្រភព ៖ ​អាជ្ញាធរ​ជាតិ​អប្សរា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114