កូន​ខ្មែរ កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ខាងមុខ ប្រាសាទអង្គរវត្ត​ ​

សៀមរាប ៖ ក្រោយពី​ចុះ​អនុវត្ត​ដោយ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ជាមួយ​ក្រុម​អ្នកជំនាញការ​បច្ចេកទេស​អន្តរជាតិ​លើ​ផ្នែក​ជួសជុល អភិរក្ស​ និង​ការពារ​តំបន់​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប បាន​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​នូវ​សមត្ថភាព​បច្ចេកទេស​ពេញលេញ​ក្នុងការ​ជួសជុល រៀបចំ​ផ្គុំ​ចូល​វិញ​នៃ​បំបែក​ថ្ម​បុរាណ ដើម្បី​អភិរក្ស ថែរក្សា​តាម​លក្ខណៈ​ទ្រង់ទ្រាយ​ដើម ក្នុង​បំណង​ដើម្បី ការពារ​ និង​លើក​សម្រស់​ទី​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ​ខេត្តសៀមរាបឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ជួយ​ទប់​លំនឹង​ស្ពាន​ហាល​ដើរចូល​ទៅកាន់​គោ​បុ​រៈ​ នៃ​ប្រាសាទអង្គរវត្ត ប្រកបដោយ​ចីរភាព​។

បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ជាមួយ​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ នៃ​អង្គការ​អន្តរជាតិ​នានា​ ដែលជា​ដៃគូ​ក្នុង​ការ​អភិរក្ស​ប្រាសាទ ​ក្រោម​ការ​ជ្រោមជ្រែង​ពី​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(​អាស៊ី​ស៊ី​) បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​ មាន​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ជាច្រើនរូប ដែល​មាន​សមត្ថភាព​អាច​ជួសជុល​ប្រាសាទ​នានា​បាន​ដោយ​ខ្លួនឯង​។

ជាក់ស្ដែង​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​នៅខាងមុខ​ប្រវែង​១៦០​ម៉ែត្រ ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងធ្វើការ​ជួស ជុល​ឡើងវិញ​ជា​បន្តបន្ទាប់​ ហើយ​ការជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរ​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​លើក​សោភ័ណភាព​ទេសភាព​ប្រាសាទអង្គរវត្ត​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ពង្រឹង​ច្រាំង​ឲ្យ​មាន​រូបរាង​ឡើង​វិញ​ និង​ទប់​លំនឹង​ស្ពាន​ហាល​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ផងដែរ​។​

មន្ត្រី​ជំនាញ​បង្ហាញថា​ ច្រាំង​ និង​ជណ្តើរថ្ម​បុរាណ​នៅ​ព័ទ្ធ​ជុំវិញ​គូទឹក​ នៃ​ប្រាសាទអង្គរវត្ត ដែល​ធ្លាប់​បាន​ទទួល​រងគ្រោះ​ដោយ​ដោយ​ធម្មជាតិ​ផង ដោយសារ​សង្គ្រាម និង​ដោយសារ​មនុស្ស​ផង បាន​នាំ​ឲ្យ​ជណ្តើរ​ព័ទ្ធ​ជុំវិញ​គូ​ទឹក​ នៃ​ប្រាសាទអង្គរវត្ត ស្រុត​រប៉ាត់រប៉ាយ​គ្មាន​សណ្ដាប់ធ្នាប់ បាត់បង់​ទ្រង់​ទ្រាយ​ដើម បើទោះបីជា​អ្នកជំនាញការ​ជាតិ​ និង​អន្តរជាតិ​ បាន​រើ​ជួស​ជួល​រៀបចំ​ឡើងវិញ​តាំងពី​ទសវត្សរ៍​ទី​៦០ ​រហូតមក​ក៏ដោយ​ក្តី​។

​បច្ចុប្បន្ននេះ ច្រាំង​ក​សិ​ន្ឋុ និង​ជណ្តើរ​ថ្ម​ នៃ​គូ​ទឹក​ប៉ែក​ខាងលិច​ឆៀង​ខាងជើង ​នៃ​ប្រាសាទអង្គរវត្ត បាន​និង​កំពុង​រើ​រៀប​ជួសជុល​សាឡើងវិញ ដោយ​មន្ត្រី​ខ្មែរ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​ជាង​៤០​នាក់ ចែក​ជា​ក្រុម​តូចៗ មាន​ក្រុម​កាយ​ថ្ម ក្រុម​ចាំង​ថ្ម ក្រុម​បិទ​ និង​ត​បំណែក​ថ្ម ក្រុម​រៀប​ថ្ម ក្រុម​បង្ហាប់​ដី ជា​ដើម ជាទូទៅ​យើង​ប្រើ​បច្ចេកទេស​បែប​បុរាណ សាមញ្ញៗ ក្នុង​គម្រោង​ទាំងមូល​យើង​ទទួល​បាន​ថវិកា​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល តិច​ច្រើន​ទៅតាម​ទំហំ ​នៃ​គម្រោង​នីមួយៗ។ នេះ​បើតាម​លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ របស់​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​៧​ ខែកុម្ភៈ ​ឆ្នាំ​២០២០ នៅ​ការដ្ឋាន​ផ្ទាល់​។

លោក ម៉ៅ សុខ​នី បាន​រំលឹក​បញ្ជាក់ថា ការរៀបចំ​ជួសជុល​ឡើងវិញ​នេះ យើង​ទទួលបាន​ការគាំទ្រ កោតសរសើរ​ និង​ផ្តល់​គំនិត​ជាច្រើន​ពី​អ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ លើ​ការងារ​ជួសជុល​ថែទាំ​ច្រាំង​និង​ជណ្តើរ​នេះ​។​ នេះ​ជា​សមិទ្ធផល​ការងារ​ស្នាដៃ​របស់​កូន​ខ្មែរ​សុទ្ធសាធ​ក្នុង​ការជួយ​ការពារ​បេតិក​ភណ្ឌ​សម្រាប់​អ្នកជំនាន់ក្រោយ​។

​លោក ម៉ៅ សុខ​នី បានឲ្យ​ដឹង​ទៀតថា ​សកម្មភាព​ការងារ​នេះ​បានចាប់ផ្តើម​ជា​បន្តបន្ទាប់​ក្នុងអំឡុង​ឆ្នាំ​២០០២ ជាមួយ​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​អន្តរជាតិ ពេលនោះ​មន្ត្រី​ខ្មែរ​យើង​បានត្រឹមតែ​សង្កេត ពិនិត្យ​ និង​ដកស្រង់​បទពិសោធន៍​ជាមួយ​ពួកគាត់ លុះ​ឆ្នាំ​២០០៣ មក​ ទើប​យើង​មានឱកាស​បាន​អនុវត្ត​ផ្ទាល់​ និង​ទទួលបាន​បទពិសោធន៍​អាច​យកមកអនុវត្ត​ដោយ​ខ្លួនឯងបាន​នាពេលនេះ។

លោក បាន​បន្តទៀតថា ចំពោះ​បច្ចេកទេស​ជួសជុល បន្ទាប់ពី​កំណាយ​ស្រាវជ្រាវ​យើង​ដឹងថា ដូនតា​ខ្មែរ​យើង​បាន​កសាង​ច្រាំង​ក​សិន្ធុ​ដោយ​ដី​បុក​បង្ហាប់​បាត​គ្រឹះ​ក្រោម ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​ នៃ​បេតិក​ភណ្ឌ​វប្បធម៌ អ្នកជំនាញ​អាជ្ញាធរ​អប្សរា​បានជ្រើសរើស​យក បច្ចេកទេស​បុរាណ​មក​អនុវត្ត ដោយ​កាយ​យក​ដី​ចាស់ ដី​ស្អុយ​ចេញ ហើយ​ជំនួស​ដោយ​ដី​ថ្មី ហើយ​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឲ្យ​មាំ​ជាមួយ​ថ្មភ្នំ ដីខ្សាច់ ល្បាយ​ដី​កម្ទេច​ថ្មបាយក្រៀម កំបោរ​ស​។ ប៉ុន្តែ​យើង​បាន​បន្ថែម បច្ចេកទេស​ថែមទៀត ដើម្បី​ឲ្យ​វា​បាន​ជាប់​បានយូរ ដូចជា ការពង្រីក​បាត​គ្រឹះ តម្រៀប​ថ្ម​ឆ្លាស់គ្នា​ទទឹង​បណ្តោយ​ ដើម្បី​ជួយ​ទប់​កម្លាំង​សង្កាត់ យក​ដីឥដ្ឋ​មក​ការពារ​ជម្រាប​ទឹក​ចូល​បាត​ក្រោម​ជាដើម​។

លោក​ថា ក្រៅពី​ការ​ថែរក្សា​សោភ័ណភាព ​និង​ជួយ​ទប់​លំនឹង​ដល់​គ្រឹះ​ប្រាសាទធំៗ ការរៀបចំ​ច្រាំង​ និង​ជណ្តើរ​ឲ្យ​មាន​លក្ខណៈ​ល្អ​ឡើងវិញ ក៏បាន​ជួយ​សម្រួល​ដល់​អ្នកទេសចរ​មាន​វ័យចាស់ៗ ពិបាក​ក្នុងការ​ធ្វើដំណើរ​ចូលទៅក្នុង​ដើម្បី​មើល​ថ្ងៃ​រះ ក៏​ពួកគាត់​អាច​ឈរ​មើល​នៅទីនេះ​បានដែរ ហេតុនេះ​ក្រៅពី​ថែរក្សា​សោភ័ណភាព​តំបន់​ប្រាសាទ ក៏​អាចជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​មិនឲ្យ​ជួប​ការលំបាក​ដោយសារ​ភាព​រដិបរដុប ​នៃ​ថ្ម និង​អាចមាន​គ្រោះថ្នាក់​ជាយថាហេតុ ដោយសារ​ការ​ជំពប់​ដួល​ដោយ​យើង​មិនបាន​រៀបចំ​ជួស​ជុល​ឡើងវិញ​។

បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា​ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការ​អភិរក្ស និង​ជួសជុល​ទាំង​ប្រាសាទ ទាំង​ក​សិន្ធុ ដើម្បី​ឲ្យ​នៅ​រឹងមាំ​យូរ​អង្វែង និង​លើក​តម្លៃ​សោភ័ណភាព​សំណង់​បេតិកភណ្ឌ​ឲ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរមក​ទស្សនា​កាន់តែច្រើន​បន្ថែមទៀត​៕​

អត្ថបទ ៖ គឿន​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114