ជនជាតិ​កូរ៉េ​ម្នាក់​ បាន​ស្លាប់​ និង​ម្នាក់​ទៀត​របួស​ ដោយសារ​ជិះ​ម៉ូតូ​កង់​បួន​ធ្លាក់​រណ្ដៅ​ដី​ជម្រៅ​២៥​ម៉ែត្រ

សៀមរាប ​៖ ​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​បរទេស​ជនជាតិ​កូរ៉េ​ចំនួន​២​នាក់​ បាន​ជួល​ម៉ូតូ​កង់​បួន (BUGGY CAR)​ជិះ​ដើរលេង ​ក្នុង​ខេត្តសៀមរាប ​ហើយ​បាន​បើក​ធ្លាក់​រណ្តៅ​ដី​ទំហំ​១០០ គុណ​២០០​ម៉ែត្រ​ជម្រៅ​២៥​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​និង​ជួយសង្គ្រោះ​បាន​ម្នាក់។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​១៥ ​ខែមករា​ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវលំ​ដី​ស ស្ថិត​ក្នុង​ភូមិ​តា​ចក សង្កាត់​ស្រ​ង៉ែ ក្រុង​/​ខេត្តសៀមរាប។

នគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​នេះ​ថា ភ្ញៀវ​ទេសចរ​​ជនជាតិ​កូរ៉េ ចំនួន​២​នាក់​ ដែល​បាន​បើក​ម៉ូតូ​ធ្លាក់​រណ្តៅ​ដី ក្នុង​នោះ​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ។ ជនរងគ្រោះ​ទី​១. ឈ្មោះ JANG SEONGSU ភេទ ប្រុស អាយុ ២២ ឆ្នាំ​ ជនជាតិ កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ M73614046។ ទី​២. ឈ្មោះ LEE GYUHONG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M91994784 ទាំងពីរ​នាក់​ ជា​ភ្ញៀវ​ទេសចរ​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ អង្គរ​រ៉ូយ៉ាល់ រី​សត ស្ថិតនៅ​ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្តសៀមរាប។ ពួកគេ​ បាននាំគ្នា​ជួល​ម៉ូតូ​កង់​បួន​ខាងលើ​ពី​ក្រុមហ៊ុន SAIGONSTAR TOUR ដែល​មាន​ទីតាំង​នៅ​ក្នុង ARTBOX ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប ដើម្បី​បើក​ដើរលេង​កម្សាន្ត​នៅ​ក្នុង​ក្រុង​សៀមរាប។ ពេល​ដែល​ភ្ញៀវ​ទាំងពីរ​នាក់ ​ជិះ​មកដល់​ចំណុច​ខាងលើ ក៏បាន​រេ​ចង្កូត​ធ្លាក់​ចូល​ទៅក្នុង​រណ្ដៅ ដែល​ជីក​ដោយ អេស្កាវ៉ាទ័រ មាន​ទំហំ​១០០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ និង មាន​ជម្រៅ​២៥​ម៉ែត្រ ដែល​មាន​ទឹក បណ្តាល​ឲ្យ​លិច​ចូល​ទៅក្នុង​ទឹក ជាមួយ​នឹង​ម៉ូតូ។ ពេលនោះ​ជនរងគ្រោះ​ឈ្មោះ Lee Gyuhong បាន​ស្រ​វា​ឡើង​មក​លើ​ច្រាំង​វិញ​បាន ចំណែក​ជនរងគ្រោះ​ឈ្មោះ Jang Seongsu បាន​លិច​ទៅ​បាត់​ជាមួយ​នឹង​ម៉ូតូ រហូតដល់​ព្រឹក​ថ្ងៃ​ទី​១៦​នេះ ​ទើប​​​រក​ឃើញ។

ករណី​នេះ ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ ទៅលើ​ជនរងគ្រោះ​។​ ចំណែក​ក្រុមហ៊ុន​ដែល​ជួល​ម៉ូតូ​ឲ្យ​ភ្ញៀវ​នេះ​ នៅ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ៕
កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114