កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ជា​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា ​និង​ប្រទេសជិតខាង​

ភ្នំពេញ ៖ គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ ដែល​ក្នុងនោះ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង ៦២,៥៦​គីឡូម៉ែត្រ និង​ផ្លូវជាតិ​លេខ​២២ ពី​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តតាកែវ​។​

ការស្ថាបនា​ផ្លូវជាតិ​ទាំងពីរ​ខ្សែ​ខាងលើ ចែកចេញជា​បី​ផ្នែក រួមមាន​ ៖ ផ្នែក​ទី​១- កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​ផ្លូវ​ប្រសព្វ​មហាវិថី សម្តេច​តេ​ជោ ​ហ៊ុន សែន មាន​ប្រវែង ៤,៣៤​គីឡូ​ម៉ែត្រ ដែល​នឹងត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២០​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ទទឹង ១៥​ម៉ែត្រ ចែកចេញជា​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ខណ្ឌ​ដោយ​គំនូស​ចែក​ទ្រូងផ្លូវ​។ ចិញ្ចើមផ្លូវ​សង​ខាង​ទទឹង ០,៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​សងខាង​ទទឹង ២,៥​ម៉ែត្រ ប្រព័ន្ធ​រំដោះ​ទឹក បំពាក់​ស្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅ​តាម​ទី​ប្រជុំជន​។​

​ផ្នែក​ទី​២- កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​ផ្លូវ​ប្រសព្វ​មហាវិថី សម្ដេច​តេ​ជោ​ ហ៊ុន សែន ដល់​រង្វង់​មូល​កួរស្រូវ ប្រវែង ៤,៤១​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២០,៥០​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ AC ទទឹង ២០,៥០​ម៉ែត្រ មាន​បួន​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) រួមមាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ត​ទទឹង​សរុប​១៤​ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប​៥​ម៉ែត្រ ខណ្ឌ​ដោយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅ​តាម​ទីប្រជុំជន​។​

​ផ្នែក​ទី​៣- កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ចាប់ពី​រង្វង់​មូល​កួរស្រូវ ដល់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៣ (​អង្គតាសោម​) ប្រវែង ៦៣,៤២​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹងផ្លូវ​រហូត​ដល់​១៣​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC ទទឹង​១៣​ម៉ែត្រ ចែកចេញជា​ពីរ​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ក្នុង​នោះ​រួម​មាន គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ​ទទឹង​សរុប​៧​ម៉ែត្រ និង​ម៉ូតូ​ទទឹង​សរុប​៦​ម៉ែត្រ ខណ្ឌ​ដោយ​គំនូស​ចែក​ទ្រូងផ្លូវ សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅតាម​ទីប្រជុំជន បំពាក់​ស្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ បង្គោល សុវត្ថិភាព និង​អំពូល​អគ្គិសនី​បំភ្លឺ​ផ្លូវ នៅ​តាម​ទីប្រជុំជន​។​

គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នេះ​ គ្រោង​ចំណាយ​ថវិកា​៥៦,១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់​រយៈ​ពេល​៣០​ខែ គឺ ​ពី​ខែ​តុលា ឆ្នាំ​២០១៩ ដល់​ខែ​មេសា ឆ្នាំ​២០២២​។​

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ កាលពី​ថ្ងៃ​អង្គារ ៣​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ដោយ​ប្រទេស​មាន​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញ​បរិបូរណ៍ បានធ្វើឲ្យ​កំណើន​វិនិយោគិន​បរទេស​កាន់​តែ​កើនឡើង កំណើន​សេដ្ឋកិច្ចជាតិ​កាន់​តែមាន​និរន្ត​ភាព បណ្ដាល​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​កើន​ឡើង​យ៉ាង​គំហុក ដែល​ចាំបាច់​ក្នុង​ការ​ធ្វើ​ទំនើបកម្ម និង​សមាហរណកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ផ្លូវ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ វា​នឹង​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព ​នៃ​ការ​ធ្វើដំណើរ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​របស់​កម្ពុ​ជា សំដៅ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជា​ពល​រដ្ឋ​មកពី​គ្រប់​តំបន់​នៅ​ទូទាំងប្រទេស​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ភ្នំ​ដិ​ន​-​ទិញ​បៀ​ន​) ប្រកបដោយ​ភាពងាយ​ស្រួល ឆាប់រហ័ស និង​ចំណាយ​តិច​។ ហើយ​វា​ក៏​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ការ​កកស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ជាតិ​លេខ​៣​មួយ​កម្រិត​ផង​ដែរ​៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114