BREAKING NEWS
Search

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ឆ្អឹង​ដែក​១១​ខ្សែ ប្រវែង​ជាង​៣​គីឡូម៉ែត្រ

ភ្នំពេញ ​៖ កំណាត់​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចំនួន​១១​ខ្សែ​ដែលមាន​ប្រវែង​ជាង ៣​គីឡូម៉ែត្រ ការដាក់​ប្រព័ន្ធ​លូ តាម​បណ្តោយ​ផ្លូវ​ទាំង​១១​ខ្សែ​នេះ ជាមួយនឹង​ការសាងសង់​បុរី​ឡេង ណា​វ៉ា​ត្រា របស់​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា​គ្រុប ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ ២០២០ ដើម្បី​សម្រួល​ដល់​ជូន​ប្រជាពលរដ្ឋ​ បានធ្វើ​ដំណើរ​ក៏ដូចជា​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​។​

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ស៊ុយ​សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ហែម ដា​រិ​ទ្ធ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០០​នាក់ នៅក្នុង​បុរី​ឡេង ណា​វ៉ា​ត្រា​ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

លោក​ហែម ដា​រិ​ទ្ធ នៅក្នុង​ឱកាស​នោះ បាន​មាន​ប្រសាសន៍​លើកឡើងថា វិស័យ​ឯកជន មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ជាក់ស្តែង​ លោក​ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា​គ្រុប មកដល់ពេលនេះ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាច្រើន​ក្នុងការ​ជួសជុល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មាន​ប្រវែង​សរុប ៣៧៩៤ ម៉ែត្រ​និង​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង ៤៨៧០​ម៉ែត្រ សរុប​ជា​ទឹកប្រាក់​ចំនួន​៨៧២៤៧១ ដុល្លារ​សហរដ្ឋអាមេរិក ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១ និង​សង្កាត់​ចោមចៅ​ទី​២​។ ដោយ​ពិនិត្យ​មើលឃើញ​ពី​ស្ថានភាព​ផ្លូវ​ខូចខាត​និង​មានទឹក​លិច​ផ្លូវ​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ម្តងៗ ថ្ងៃនេះ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាពិសេស សង្កាត់​ចោមចៅ​ទី​២ ពិតជា​មានសំណាង​ដោយ​ទទួលបាន​នូវ​កាដូ​ពិសេស ពី​លោក​ឡេង ណា​វ៉ា​ត្រា ដោយ​ក្រុ​ុ​ម​ហ៊ុន​របស់លោក បន្តធ្វើ​ការវិនិយោគ​សាងសង់​បុរី​ឡេង ណា​វ៉ា​ត្រា​លើ​ផ្ទៃដី​ទំហំ​១៥ ហិកតា​សាងសង់​លំនៅដ្ឋាន​ចំនួន​១៣០០​ល្វែង រួម​ជាមួយគ្នានេះ​លោក​ឡេង ណា​វ៉ា​ត្រា​និង ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមទៀត​សម្រាប់ធ្វើ​ការជួសជុល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចំនួន​១១​ខ្សែ ប្រវែង ៣១៩៥ ម៉ែត្រ​ចំណាយ​ថវិកា​ចំនួន ៦១៣៤៤០​ដុល្លារ និង​ដាក់​ប្រព័ន្ធ​លូ​អស់​ថវិកា​ចំនួន​១៥៩៦០០​ដុល្លារ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​១ ដែល​បាននិងកំពុង​បើក​ការដ្ឋាន​ដាក់​ឲ្យ​ដំណើរការ​នេះ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ក៏ដូចជា​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​។​
អភិបាលរង​រាជធានី​ភ្នំពេញ លោក​ស៊ុយ សេ​រិ​ទ្ធ​ បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ពីមុនមក​តំបន់​នេះ​ជា​តំបន់​ដែល​លិច​ទឹក តែ​ក្រោយពី​មានការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា​គ្រុប មក​គឺ​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​ជាច្រើន​។​ជាក់ស្តែង​នៅពេលនេះ ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចំនួន​១១​ខ្សែ​ដែលមាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ ដាក់​ប្រព័ន្ធ​លូ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​៦០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​។​

លោក​ស៊ុយ សេ​រិ​ទ្ធ បាន​បញ្ជាក់ថា ការវិនិយោគ​ទៅលើ​អ​ចនទ្រ​ព្យ​នៅ​តំបន់​នេះ គឺ​ចំណេញ​ទាំងពីរ​ផ្នែក ពោលគឺ​ចំណេញ​ទាំង​រដ្ឋ​ផង​និង​វិស័យ​ឯកជន​ផង ។​ប្រទេសជាតិ​មួយ​ដែល​រីកចម្រើន​ខ្លាំង​ដាច់ខាត​ត្រូវតែមាន​ការចូលរួម​ពី​វិស័យ​ឯកជន ។ ជាក់ស្ដែង​នៅពេលនេះ ក្រុមហ៊ុន​ឯកជន ហ្គា​ឡាក់​ស៊ីណាវ៉ាត្រា​គ្រុប​បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទាំង​ផ្លូវ​មាន​ទាំង​ការដាក់​បណ្ដាញ​លូ​សងខាង​ផ្លូវ តំបន់​នេះ​ទៅ​អនាគត​នឹង​ក្លាយជា​ទីក្រុង​ដ៏​តូច​មួយ​ដែលមាន​ផ្ទៃ​បៃតង​។​

លោក​ស៊ុយ សេ​រិ​ទ្ធ​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​រាជធានី​ភ្នំពេញ​របស់​យើង​នាពេល​បច្ចុប្បន្ននេះ គឺមាន​បញ្ហា​ស្ទះ​៣ នោះ​គឺ​ការកកស្ទះ​ចរាចរណ៍ ការកកស្ទះ​សំរាម​និង​កា​រក​ស្ទះ​បណ្ដាញ​លូ ដែល​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​គ្រូ​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងបី​នេះ​ឲ្យ​បាន​ប្រសើរឡើង៕
ស្រីរ័ត្ន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114