លោក ជា សុផារ៉ា ចុះ​ពិនិត្យ​ស្ថានភាព​សាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ, លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ នា​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ​ បាន​ចុះ​ពិនិត្យ​ស្ថានភាព ​នៃ​ការសាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ។

យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​នា ពេល​នេះ គោលដៅ​សំខាន់ គឺ​សាងសង់​ផ្លូវ ជាពិសេស​ការពង្រីក​ទំហំ​ផ្លូវ​ផងដែរ​ដើម្បី​ឲ្យ​ប្រាកដ​ថា ផ្លូវ​សាងសង់ ត្រូវតែ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​មានគុណ​ភាពល្អ​។

មន្ត្រី​សាលាខេត្ត​ដដែល​បាន​បន្តទៀតថា ផ្លូវ​នៅក្នុង​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន ផ្លូវ​មាន​សភាព​តូច​ចង្អៀត​ និង​រង​ការ​ខូច​ខាត​ស្ទើរ​ទាំងស្រុង បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​សម្រាប់​ផ្លូវ​ថ្មី​ដែល​កំពុង​ចាប់ផ្ដើម​ជាមួយនឹង​ការពង្រីក​ផ្លូវ​សងខាង​បន្ថែម​ទៀត​នោះ នៅពេល​សាងសង់​ហើយ រួចរាល់ យើង​នឹង​បាន​ផ្លូវ​ធំ​ទូលាយ​អម​ដោយ​សោភណភាព​សួន​ច្បារ​ដ៏​ល្អ​ប្រណិត នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ផង​នោះ ការធ្វើដំណើរ​មិន​មាន​ភាព​កកស្ទះ​ទៀត​នោះ​ទេ ពោល​គឺ​ផ្លូវ​សាងសង់​ថ្មី​នេះ នឹង​អាច​រួចរាល់​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ។

គួរ​បញ្ជាក់​ផងដែរ​ថា ការចាប់ផ្តើម​សាងសង់​ផ្លូវ និង​ពង្រីក​ផ្លូវ ចំនួន​៣៤​ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ ​រហូត មកដល់ពេលនេះ មាន​រយៈ​ជាង​២​ខែ​មក​ហើយ ​ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន ចំនួន​៨ ជា​អ្នក​ទ​ទួល​ម៉ៅការ​សាងសង់។ ​ក្នុង​ពេល​ចាប់ផ្ដើម​សាងសង់​ផ្លូវ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​អំពាវ​ផង​ដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ដង​ផ្លូវ ដែល​ត្រូវ​សាងសង់ និង​ពង្រីក សូម​ចូលរួម សហការ​ជាមួយ​មន្ត្រី​ជំនាញ សាងសង់​ផ្លូវ​ផង ពីព្រោះ​ថា ការ​សាងសង់​ផ្លូវ​នាពេល​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់ ខ្លះៗ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន សាងសង់​សំណង់​ផ្សេងៗ ក៏ដូចជា​ផ្ទះ​សម្បែង​របស់​ខ្លួន​លយ​ចូល​លើ​ដី​ផ្លូវ ឬ​ដី​ចំណី​ផ្លូវ គឺ​ត្រូវ​តែ​ធ្វើ​ការ​រុះរើ​ចេញ​ទាំងអស់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​មន្ត្រី​ជំនាញ​ក្នុង​ការ​សាងសង់​ផ្លូវ​។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា ការសាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ​ខាងលើ​នេះ​ ដើមឡើយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​សន្យា​ថា នឹង​ហើយ រួចរាល់ ក្នុង​រយៈពេល​៨​ខែ ប៉ុន្តែ​សម្រាប់ ពេលនេះ រយៈពេល​៨​ខែ មិនអាច​ហើយ​នោះ​ទេ គឺ អា​ច​មន្ថែម​រយៈពេល​ប្រមាណ​៦​ខែ​ទៀត ទើប​រួ​ច​រាល់៕​


អត្ថបទ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114