គ្រាប់រ៉ុក្កែតវាយប្រហារមូលដ្ឋានអ៊ីរ៉ាក់ដែលជាកន្លែងកងទ័ពអាមេរិកឈរជើង

ប្រភពពីយោធាអ៊ីរ៉ាក់និងសន្តិសុខអាមេរិកបានប្រាប់ AFP កាលពីយប់ថ្ងៃព្រហស្បតិ៍ថា រ៉ុក្កែតមួយគ្រាប់បានបាញ់ចូលមូលដ្ឋានអ៊ីរ៉ាក់ដែលជាកន្លែងទាហានអាមេរិកកំពុងឈរជើងនៅខេត្តដាច់ស្រយាល Kirkuk។

ទាហានអាមេរិកត្រូវបានគេមើលឃើញនៅជិតមូលដ្ឋានកងទ័ពក្នុងខេត្ត Kirkuk (រូប RUETERS)

នេះជាការវាយប្រហារចុងក្រោយបំផុតក្នុងការវាយប្រហារជាបន្តបន្ទាប់ដោយរុក្កែតជិត២០លើកចាប់តាំងពីចុងខែតុលាមកលើកងទ័ពអាមេរិកដែលឈរជើងនៅទូទាំងប្រទេសក៏ដូចជាលើស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាកដាដផងដែរ។

យោងតាមប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួន៣ដាច់ដោយឡែកពីគ្នាបានឲ្យដឹងថា រ៉ុក្កែត Katyusha បានវាយប្រហារទីវាលមួយក្នុងមូលដ្ឋាន K1 នៅម៉ោងប្រហែល៨និង៤៥នាទីយប់។

ទាំងកងទ័ពសហរដ្ឋអាមេរិកនិងកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់គឺកំពុងឈរជើងនៅទីនោះប៉ុន្តែពុំមានអ្នករងរបួសទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីរ៉ាក់។

សេចក្តីរាយការណ៍បាននិយាយថា កងកម្លាំងសន្តិសុខបានរកឃើញទីតាំងដែលរ៉ុក្កែតនេះបាញ់ចេញដោយមានរ៉ុក្កែតចំនួន១១គ្រាប់ទៀតនៅទីនោះប៉ុន្តែជនបង្កបានរត់គេចខ្លួនបាត់។

ប្រភពសន្តិសុខអ៊ីរ៉ាក់បានប្រាប់ AFP ថា កន្លែងបាញ់ចេញត្រូវបានគេរកឃើញនៅចម្ងាយប្រហែល៥គីឡូម៉ែត្រពីមូលដ្ឋានពោលគឺស្ថិតនៅក្នុងតំបន់ពហុជនជាតិមួយ។

នេះជាការវាយប្រហារលើកដំបូងលើមូលដ្ឋាន K1 ចាប់តាំងពីថ្ងៃទី២៧ខែធ្នូមកនៅពេលរ៉ុក្កែតប្រមាណ៣០គ្រាប់បានសម្លាប់អ្នកម៉ៅការអាមេរិកម្នាក់នៅទីនោះហើយបានបង្កើនឲ្យមានភាពតានតឹងយ៉ាងខ្លាំង។

ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសគ្រាប់រ៉ុក្កែតនេះទៅលើក្រុម Kataeb Hezbollah ដែលជាក្រុមយោធាអ៊ីរ៉ាក់ជ្រុលនិយមជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ហើយបានធ្វើការវាយប្រហារសងសឹកវិញដោយបានសម្លាប់យុទ្ធជនរបស់ក្រុមនេះចំនួន២៥នាក់៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ