Roger Federer និង Rafael Nadal ផ្តល់ជំនួយ​រួមគ្នា​១៧២.០០០​ដុល្លារ​សម្រាប់​ដោះស្រាយ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​អូស្ត្រាលី

តារា​ស៊ូ​ពើ​ស្តា​វាយ​តឺ​ន្នី​ស Roger Federer និង Rafael Nadal បានរួម​គ្នា​បរិ​ច្ចា​ថវិកា​១៧២.០០០​ដុល្លារ​សម្រាប់​ជួយ​ដល់​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​អូស្ត្រាលី នៅក្នុង​ពិធី​រក​ជំនួយ​សប្បុរសធម៌​មួយ នៅក្នុង​ទីក្រុង Melbourne ដែល​គ្រប់​ដណ្តប់​ដោយ​ផ្សែង​ពុល កាលពី​ថ្ងៃ​ពុធ​។

វិ​រ​បុស​វាយ​តឺ​ន្នី​សទាំង​២​នាក់​នេះ ដែល​ពួកគេ​ទាំង​២​នាក់​ឈ្នះ​ជើងឯក Grand Slam​រួមគ្នា​សរុប​ចំនួន​៣៩​លើក​នោះ បាន​ស្ថិត​នៅក្នុង​ទីលាន​ប្រកួត Rod Laver Arena ដើម្បី​ស្វែងរក​មូលនិធិ​បន្ថែម​ពីលើ​មូលនិធិ​ដែល​គេ​បាន​បរិច្ចាគ​រួច ក្នុង​ការ​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​នេះ​។

ពួកគេ​ត្រូវបាន​ចូលរួម​ដោយ​តារា​វាយ​តឺ​ន្នី​ស​នៅលើ​ពិភពលោក​ជាច្រើនរូប​ទៀត ដែល​រួមទាំង​កីឡាការិនី Serena Williams, Caroline Wozniacki, Novak Djokovic, Naomi Osaka, Petra Kvitova, Dominic Thiem, Coco Gauff, Nick Kyrgios, StefanosTsitsipas​និង​កីឡាករ Alexander Zverev។

កីឡាការិនី Williams ដែល​កូនស្រី Alexis Olympia របស់គាត់ ចង់​ជួប​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​នៅក្នុង​សប្តាហ៍​នេះ បាន​និយាយថា រយៈពេល​២០​ឆ្នាំ​មកហើយ ដែល​ទីនេះ​ប្រៀបបាន​នឹង​ផ្ទះ​របស់គាត់ ហើយ​គាត់​ធ្លាប់មាន​ការប្រកួត​អស្ចារ្យ​ច្រើនណាស់​នៅលើ​ទីលាន​ប្រកួត​មួយ​នេះ ហើយ​នៅក្នុង​ប្រទេសមួយ​នេះ​។

កីឡាការិនី Williams​បាន​បន្តទៀតថា នោះ​ហើយ​គឺជា​ហេតុផល​ដែល​យើងទាំងអស់គ្នា មាន​វត្តមាន​នៅទីនេះ ដើម្បី​គាំទ្រ និង​ជួយ​ដល់​ពួកគេ​។

ស្របពេល​នោះដែរ ក្រុម​វាយ​តឺ​ន្នី​ស​អូស្ត្រាលី បាន​និយាយថា ពួកគេ​រំពឹងថា កម្មវិធី​រក​មូលនិធិ “Rally for Relief” នឹង​រកបាន​ថវិកា​បន្ថែម​ពីលើ​មូល​និ​ធិ​មាន​ស្រាប់​ជាង​១.៩​លាន​ដុល្លារ ដែល​ត្រូវបាន​ផ្តល់ជូន​ដោយ​សហគមន៍​វាយ​តឺ​ន្នី​ស​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114