អង្ករ​ផ្ការំដួល ​កម្ពុជា ឈ្នះ​ការប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា

ភ្នំពេញ ៖ លោក វេ​ង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​សម្ដែង​ក្តី មោទន​ភាព​ នៃ​គុណភាព​អង្ករ​កម្ពុជា​ដែល​នៅតែមាន​ឧត្ដមភាព​ប្រកួត​ប្រកួតប្រជែង និង​ទទួល​បាន​នូវ​ការ​លើក​តម្កើង​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា ជាពិសេស អង្ករ​ក្រអូប​ប្រណីត​ពូជស្រូវ​ផ្ការំដួល​របស់​កម្ពុជា ​ត្រូវបាន​ទទួលស្គាល់ថា ​មានគុណ​ភាព​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់​នៅ​លើ​សាកលលោក​។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ខណៈ​ដែល​លោក​រដ្ឋមន្ត្រី អញ្ជើញ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​កសិកម្ម​។ ក្នុងឱកាស​នោះ លោក​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គនា​យក​ដ្ឋាន​កសិកម្ម​ ក៏ដូចជា​មន្ត្រីរាជការ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ដែល​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ពិត​មែន​តែ​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​ដោយ​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ។

តាម​ការវាយតម្លៃ​របស់​អង្គភាព​ជំនាញ​បានបង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៩ វិស័យ​កសិកម្ម​សម្រេច​ទទួលបាន​អត្រា​កំណើន ផ​.​ស​.​ស​. ពិត​ នៃ​វិស័យ​កសិកម្ម ចំនួន ៤%។ អនុ​វិស័យ​ដំណាំ​កសិកម្ម​សម្រេច​បាន​ក្នុង​រង្វង់​១៣,៧%​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨ តែ​ការនាំចេញ​មាន​ទំហំ​កើនឡើង​។ បើទោះបី​កំណើន​ផលិតកម្ម​ដំណាំ​ខ្លះ​មានការ​ធ្លាក់ចុះ​បន្តិច តែ​ដំណាំ​កសិកម្ម​យុទ្ធសាស្ត្រ​មួយ​ចំនួន ក៏​ដូចជា​ការនាំចេញ​ គឺ​នៅ​រក្សា​កំណើន​ខ្ពស់​ដូចជា​ដំណាំ​ដំឡូង​មី បន្លែ ដំណាំ​ចេកអំបូង​លឿង ស្វាយកែវ​រមៀត និង​គ្រាប់ស្វាយចន្ទី​ជាដើម​។ ជាមួយនេះ ក្រសួង ​ក៏​រក្សា​បាន​នូវ​មោទនភាព​ នៃ​គុណភាព​អង្ករ​កម្ពុជា​ដែល​នៅតែមាន​ឧត្ដមភាព​ប្រកួត​ប្រកួតប្រជែង និង​ទទួល​បាន​នូវ​ការលើក​តម្កើង​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា ជាពិសេស អង្ករ​ក្រអូប​ប្រណីត​ពូជស្រូវ​ផ្ការំដួល​របស់​កម្ពុជា​ ត្រូវបាន​ទទួលស្គាល់ថា ​មានគុណ​ភាព​ល្អ និង​មាន​រសជាតិ​ឆ្ងាញ់​នៅ​លើ​សាកលលោក​។ ជាងនេះទៅទៀត យើង​បាន​ចរចា​បើក​ទីផ្សារ និង​ពង្រីក​ទំហំ​ នៃ​ការនាំចេញ​ផលិតផល​ដំណាំ​សំខាន់ៗ ដែល​កំពុង​ដំណើរការ​ចរចា​ពិធីសារ ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់ និង​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ការ​ចុះ​បញ្ជី​សហគ្រាស និង​ការ​បញ្ចប់​ពិធីសារ ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ក្នុង​ការនាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ និង​ផ្លែ​មៀន​ប៉ៃលិន​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ​ផង​ដែរ​។​

ទន្ទឹម​នឹង​ទទួលបាន​លទ្ធផល​ខាង​លើ​នេះ ក្នុង​គោលដៅ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ទំនើប​តាម​អភិក្រម និង​ក្នុង​វិសាលភាព និង​ល្បឿន​ថ្មី មាន​ឧត្ដមភាព​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ប្រកបដោយ​និរន្តរភាព និង​ន​វា​នុ​វត្ត​នោះ។​ ក្នុង​ឱកាស​នោះ បាន​ក្រើន​រំឭក​បន្ថែម​ទៀត​នូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់​ជា​មូលដ្ឋាន​យកទៅអនុវត្ត​បន្ត​ផងដែរ​៕


អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114