រស់ សំអឿន នៅ​មាន​បញ្ហា​របួស​មិនទាន់​ជាសះស្បើយ ១០០​ភាគរយ ដ្បិត​ប្រឹង​ហ្វឹកហាត់​ខ្លាំង​នាំ​ឲ្យ​ហើម​

​អតីត​កីឡាករ​ជម្រើស​ជាតិ ខ្សែ​ការពារ​ស្លាប រស់ សំអឿន របស់​ក្លឹប​បាល់ទាត់​វិសាខា នៅតែ​មិនទាន់​ជា​ពីរ​បួស ១០០​ភាគរយ​នៅឡើយ​ទេ ដ្បិត​សាមី​ខ្លួន​បង្ហើប​ថា ពេល​ដែល​ប្រឹង​ហ្វឹកហាត់​ខ្លាំង​កាន់តែ​ហើម​។

​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​លើកដំបូង​កាលពី​សប្តាហ៍​ទី​២១ នៃ​លី​គ​កំពូល​កម្ពុជា ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅ ដោយ​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១​នាក់​ជា​លើកដំបូង​ក្នុង​លី​គ​កំពូល​កម្ពុជា ពោល​គឺ​ក្រោយពី​របួស​របស់​ខ្លួន​បានជា​សះស្បើយ និង​អវត្តមាន​លើ​ទីលាន​ជាមួយ​ក្លឺប​ជាង ១​ឆ្នាំ​រួចមក។

​យ៉ាងណាមិញ​របួស​ដែល​មិនទាន់​ជា ១០០​ភាគរយ​នៅឡើយ​មួយ​នេះ​បាន​បង្អាក់​ឱកាស​បង្ហាញខ្លួន​សារ​ជា​ថ្មី ​នៅ​រដូវ​កាល​២០២០​នេះ ដោយ ៥​សប្ដាហ៍​កន្លងមក​នៅ​មិនទាន់​អា​ចូល​លេង​បាន​នៅឡើយ ខណៈ រស់ សំអឿន បាន​រៀបរាប់​ថា តាម​ការណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ប្រចាំ​ក្លឹប រូប​ខ្លួន​ត្រូវ​ទៅ​ជួប​ពិនិត្យ​វេជ្ជបណ្ឌិត​ម្ដងទៀត នៅ​ប្រទេស​ថៃ ដើម្បី​បញ្ជាក់ថា​តើ​របួស​នឹងមាន​ការ​កើន​ឡើង ឬ​មានការ​ថយ​ចុះ​។

​ភ្ជាប់​ជា​មួយ​នឹង​ការ​ពុំ​សូវ​ទទួល​បាន​ ឱកាស​បង្ហាញខ្លួន អតីត​សមាជិក​របស់​បឹងកេត និង​ឆ្លាម​សមុទ្រ រូប​នេះ​បាន​បន្ត​ថា​ “​អត់​មានឈ្មោះ​លេង​អ៊ីចឹង ខ្ញុំ​ក៏​អន់ចិត្ត​មួយ​ដែរ ហើយ​ខ្ញុំ​ក៏​ខំប្រឹង​ដែរ តែ​ធ្វើ​ម៉េច​ជើង បើ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំងៗ ​ពេក​វា​ចេះតែ​ហើម សម្រាប់​ខ្ញុំ​វិញ​អត់​បោះបង់​ទេ ក្ដី​ស្រមៃ​ខ្ញុំ​ចង់​ក្លាយ​ជា ​កីឡាករ​មួយ​ល្បីល្បាញ ខ្ញុំ​អត់​បោះបង់​ទេ ខ្ញុំ​នឹង​បន្ត​ទៅ​មុខ​ទៀត​។​“

​គួរ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ស្ថានភាព​របួស​របស់ រស់ សំអឿន មាន​សភាព​ល្អ​ប្រសើរ និង​អាច​ហ្វឹកហាត់​បាន​ខ្លះៗ​ជាមួយ​មិត្ត​រួម​ក្រុម​។ ខណៈ​សាមី​ខ្លួន​ក៏បាន​បង្ហាញ​អារម្មណ៍​អរគុណ ចំពោះ​អ្នកគាំទ្រ​ទាំងអស់ ជាពិសេស​ម្ចាស់​ក្លឹប ដែល​តែងតែ​ផ្ដល់​ឱកាស និង​កម្លាំងកាយ​ចិត្ត​ដល់​រូបគេ​។

​គួរ​បញ្ជាក់​ថា សំអឿន បាន​រងរបួស​ដាច់​សរសៃ​ជង្គង់ តាំងពី​ខែ​មិថុនា ឆ្នាំ​២០១៨ មក​ម្ល៉េះ បន្ទាប់ពី​ចូលរួម​ជាមួយ វិសាខា បាន​ពាក់កណ្ដាល​រដូវ​កាល​។ ប៉ុន្ដែ​ក្រោយ​ធ្វើការ​វះកាត់ រូបគេ​បាន​ព្យាយាម​ហ្វឹកហាត់​ជាមួយ​ក្លឹប​ផង និង​លួច​ហ្វឹកហាត់​លើ​វាល​ខ្សាច់ ​ដោយ​ខ្លួនឯង​ផង ទើប​មានឱកាស​អាច​ចូលរួម​លេង​វិញ​បាន​។ ប៉ុន្ដែ​យ៉ាងណា​សាមីខ្លួន បាន​អះអាង​ថា សមត្ថភាព​ខ្លួន​ពេលនេះ មិនទាន់​ដូចដើម​ឡើយ​៕