ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រប​ពេល​រងគ្រោះ​ដោយ​បាតុកម្ម​, លោក​ Rouhani ព្រមាន​ថា ប្រទេស​អ៊ីរ៉ង់​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ភាព​អសន្តិសុខ​ឡើយ

លោក​ប្រធានាធិបតី Hassan Rouhani បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អ៊ីរ៉ង់​ដែល​រង​ការវាយប្រហារ​ដោយ​កុបកម្ម​គឺ​មិនអាច​អនុញ្ញាត​ឲ្យ​មាន “​ភាពអសន្តិសុខ​” បានឡើយ​បន្ទាប់ពី​ភាព ចលាចល​រយៈពេល​ពី​រ​ថ្ងៃ ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​និង​នាំ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់​ហើយ​រឹតត្បិត​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។​

លោក​និយាយថា “​បាតុកម្ម​គឺជា​សិទ្ធិ​របស់​ប្រជាជន​ប៉ុន្តែ​បាតុកម្ម​គឺ​ខុសគ្នា​ពី​កុប្បកម្ម​។ យើង​មិនគួរ​អនុញ្ញាត​ឲ្យ​មាន​ភាពអសន្តិសុខ​នៅក្នុង​សង្គម​ទេ”។

ស្របពេល​ជាមួយគ្នា​នោះ លោក Rouhani បាន​ការពារ​ការដំឡើង​តម្លៃ​ប្រេង​ដ៏​ចម្រូងចម្រាស​ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​ដែលជា​គម្រោង​មួយ​ត្រូវបាន​រដ្ឋាភិបាល​និយាយថា​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការចំណាយ​ផ្នែក​សុខុមាលភាព​សង្គម​ចំពេល​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។​

ភាពចលាចល​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​សុក្រ​ពោលគឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាសថា តម្លៃ​ប្រេង​នឹង​កើន​ឡើងដល់​១៥,០០០​រី​យ៉ា​ល់​ក្នុង​មួយ​លីត្រ (១២​សេន​ដុល្លារ​) ពី​១០,០០០​រី​យ៉ា​ល់​សម្រាប់​៦០​លីត្រ​ដំបូង​និង​ដល់​ទៅ​៣០,០០០​រី​យ៉ា​ល់​សម្រាប់​ការទិញ​ប្រេង​បន្ថែម​ក្នុង​មួយខែៗ​ក្រោយមក​។​

វា​គឺជា​ការដំឡើង​មួយ​ដែល​អ្នកប្រើប្រាស់​ជាច្រើន​មិនអាច​មានលទ្ធភាព​ដោយសារតែ​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវបាន​បំផ្លាញ​ចាប់តាំងពី​ខែឧសភា​ឆ្នាំមុន​មក​នៅពេលដែល​លោក​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋអាមេរិក​ជា​ឯកតោភាគី​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ។

ផែនការ​ប្រេងសាំង​នេះ​ត្រូវបាន​គេ​រំពឹងថា ​នឹង​អាច​រកប្រាក់​បាន​ចំនួន​៣០០​ពាន់​ពាន់​លាន​រី​យ៉ា​ល់ (២.៥៥​ពាន់​លាន​ដុល្លារ​) ក្នុង​មួយឆ្នាំ។

លោក Rouhani បាន​អះអាងថា “​សម្រាប់​បញ្ហា​នេះ យើង​គួរតែ​បង្កើន​ពន្ធ​លើ​ប្រជាជន​ឬ​នាំចេញ​ប្រេង​កាន់តែច្រើន​ឬ​កាត់បន្ថយ​ការឧបត្ថម្ភ​ធន​ហើយ​ប្រគល់​ប្រាក់ចំណូល​ទៅ​ឲ្យ​ប្រជាជន​ដែល​កំពុង​ត្រូវការ​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114