BREAKING NEWS
Search

ក្រុមប្រឹក្សាជាតិ ស្វែងរកការឯកភាពគ្នាតែមួយ ក្នុងការប្រើប្រាស់អក្សរឡាតាំងសរសេរឈ្មោះខេត្ត ទីតាំងឲ្យត្រឹមត្រូវ

ភ្នំពេញៈដើម្បីស្វែងរកការឯកភាពគ្នាតែមួយក្នុងការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរឲ្យបានត្រឹមត្រូវ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី “បទពិសោធន៍និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំងសំរាប់កត់សូរភាសាខ្មែរករណីអសាធារនាម” នាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០នៅរាជបណ្ឌិត្យសភាកម្ពុជាដោយមានការចូលរួមពីវាគ្មិនមកពីក្រសួងពាក់ពន្ធ័ ក្រសួងអប់រំ ក្រសួងផែនការនិងក្រសួង នគរូបនីយកម្មនិងសំណង់ រួមទាំងមន្រ្តីស្រាវជ្រាវនិងនិស្សិតផងដែរ។

លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមានប្រសាសន៍ថា ក្នុងសម័យសកលភាវូបនីយកម្ម ការប្រើប្រាស់អក្សរឡាតាំងសំរាប់សរសេរអសាធារណនាមខ្មែរមានភាពចាំបាច់។ ក្នុងជីវភាពប្រចាំថ្ងៃ យើងត្រូវសរសេរឈ្មោះជាអក្សរឡាតាំងនៅពេលធ្វើលិខិតអត្រានុកូលដ្ឋាន នៅពេលធ្វើលិខិតឆ្លងដែនជាដើម។ ម្យ៉ាងទៀត តម្រូវការសរសេរឈ្មោះខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជាអក្សរឡាតាំងក៏មានភាពចាំបាច់។

លោកបណ្ឌិត ហ៊ាន សុខុម ថា ក្នុងពេលកន្លងមក ការប្រើអក្សរឡាតំាំងក្នុងការសរសេរអសាធារណនាមខ្មែរ មិនទាន់មានឯកភាពគ្នានៅឡើយទេ។ចំពោះការកត់សូរ ឈ្មោះខេត្តតាកែវ មានសំណេរដោយប្រើអក្សរឡាតាំងច្រើនបែប”Takeo” “Takaev” និង” Takev” រីឯឈ្មោះខេត្តក្រចេះ មានសំណេរដោយប្រើអក្សរឡាតាំង” Karatie” និង” Krachech”។ ហេតុនេះកិច្ចពិភាក្សាតុមូលនេះនឹងបង្ហាញដល់សាធារណជនអំពីប្រវត្តិ ទំនោរ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងការប្រើអក្សរឡាតាំងសំរាប់សរសេរអសាធារណនាម និងសំណើដំណោះស្រាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។

លោកបណ្ឌិត រំពឹងថា បន្ទាប់ពីកិច្ចពិភាក្សានេះ នឹងទទួលបានមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេស ក្រសួងស្ថាប័ន ពាក់ពន្ធ័នឹងការប្រើប្រាស់អក្សរឡាតាំងសំរាប់សរសេរអសាធារណនាមដើម្បីពង្រីកគំនិតនិងទស្សនៈក្នុងការកែលម្អនិងសម្រេចបាននូវគោលការណ៍រួមមួយសំរាប់ជនជាតិខ្មែរដែលជាម្ចាស់ភាសាអាចទទួលយកបានដោយសុទ្ធចិត្ត។

គួររំលឹកថា ស្ថាប័នជាតិនិងអន្តរជាតិ បានប្រើប្រាស់អក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរ ទៅតាមការកំណត់រៀងៗខ្លួន ។ស្ថាប័នជាតិមានដូចជាក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាដើម។រីឯស្ថាប័នអន្តរជាតិ មាន US Board on Geographic Names (BGN)/ Permanent Committee on Geographical Names for British Offical Use (PCGN) , United Nations Romanization Systems for Geographical Names( UNRSGN) និងAmerican Library Association – Library of Congress (ALA-LC)ជាដើម៕

អត្ថបទ៖ វត្តី