អាជ្ញាធរ​ ដាក់​ស្លាក​បម្រាម​ប៉ុណ្ណឹង​ហើយ​ នៅតែ​បំពាន​ទៀត

ភ្នំពេញ ៖ អ្នក​ធ្វើដំណើរ​ បាន​រិះគន់​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រឹងរូស​មិន​ព្រម​ចូលរួម​ថែរក្សា​បរិស្ថាន​សោះ ​ហើយ​អ្នក​រឹងរូស​ គឺ​មុខ​ដដែលៗ​។​

អ្នក​ធ្វើដំណើរ​បាន​បញ្ជាក់ថា ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​យក​សំរាម​មកចាក់​ចោល ​គឺ​ស្ថិត​នៅមុខ​ប្រាសាទ​មុខ​បួន ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​បញ្ជាក់​ថា ​ទីតាំង​នេះ​ គឺ​ អាជ្ញាធរ​លោក​បាន​យក​បម្រាម​ផាកពិន័យ​អ្នក​ចោល​សំរាម​នៅ​ទីតាំង​នេះដែរ ​ប៉ុន្តែ​ពួកគាត់​មិន​ស្តាប់​សោះ ​ហើយ​ថែមទាំង​យកមក​ចាក់​ផ្គើន​នឹង​បម្រាម​របស់​អាជ្ញាធរ​ទៀត​។​

ប្រជាពលរដ្ឋ​ដែល​លោក​គោរព​ច្បាប់​ និង​ស្រឡាញ់​បរិស្ថាន​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ សូម​ធ្វើ​ការ​ចាប់​ផាកពិន័យ​ទៅលើ​អ្នកយក​សំរាម​មកចាក់​ចោល​នៅ​ទីតាំង​នេះ​ផង​ ព្រោះ​មាន​ក្លិន​ស្អុយ​ខ្លាំង​ណាស់​។ ​ប្រជាពលរដ្ឋ​ ក៏​មិន​ពេញចិត្ត​ភ្នាក់ងារ​ប្រមូល​សំរាម​ដែល​យក​ប្រាក់ឧបត្ថម្ភ​រាល់​ខែ​ តែ​មិន​បាន​មក​បំពេញ​កាតព្វកិច្ច​របស់ខ្លួន​សោះ​។ ​បើ​ខ្លួន​គ្មាន​សមត្ថភាព​គួរ​ឈប់​ទៅ​។ ​ទុក​ឲ្យ​​គេ​ធ្វើ​ទៅ ​ព្រោះ​គំនរ​សំរាម​មាន​ច្រើន​សឹង​លុប​ផ្លូវ​បាត់ទៅហើយ​៕​
អត្ថបទ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114