ជនជាតិរុស្សីអាចប្រឈមជាប់ពន្ធនាគារ ៧ឆ្នាំ បើ​ហ៊ាន​បំពាន​​បទ​បញ្ជា​ឲ្យ​នៅ​ដាច់​ដោយឡែក

កាល​ពី​ថ្ងៃ​ពុធ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ ចំពោះ​ការ​រំលោភ​លើ​ការ​រឹត​បន្តឹង​ដាច់​ដោយ​ឡែក​ ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា​ជាតិ​គឺ​រដ្ឋ Duma ។

ជនល្មើស​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៣ ទៅ ៧ ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​ល្មើស​នឹង​ច្បាប់នេះ។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​រួមគ្នាដោយ​ប្រធាន​អង្គភាព​លោក Vyacheslav Volodin និង​ជា​ប្រធាន​គណៈកម្មាធិការ​ស្ដីពី​ការ​កសាង​និង​ច្បាប់​របស់​រដ្ឋ​គឺ​លោក Pavel Krasheninnikov ។  អ្នក​ទាំងពីរ​គឺ​ជា​សមាជិក​នៃ​គណបក្ស​រួបរួម​រុស្ស៊ី​ ដែល​កំពុង​កាន់​អំណាច។

ការ​ផ្លាស់ប្ដូរ​របស់​ពួកគេ​ធ្វើ​តាម​ការ​ណែនាំ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​នាយក​រដ្ឋ​មន្ត្រី Mikhail Mishustin ដើម្បី​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម។ លោក​បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​បញ្ជូន​សំណើ។ លោក Mishustin បាន​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​ឧទ្ធរណ៍​របស់​ប្រមុខ Rospotrebnadzor (អ្នក​ឃ្លាំ​មើល​រដ្ឋ) គឺ​លោកស្រី Anna Popova ដែលបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ គឺ​ជា​កាតព្វកិច្ច​ដែល​ត្រូវតែ​​សង្កេត។

កាល​ពី​សប្ដាហ៍​មុន​អភិបាល​ក្រុង​មូស្គូ​លោក Sergey Sobyanin បាន​ប្រាប់​ប្រធានាធិបតី​វ្ល៉ាឌីមៀរពូទីន​ថា ​អ្នក​ជំងឺ​ជាច្រើន​បាន​រត់​គេច​ចេញ​ពី​មន្ទីរពេទ្យ​ជំនាញ​នៃ​ទីក្រុង​ ដែល​ជា​កន្លែង​​ព្យាបាល​មេរោគ​ឆ្លង។ លោក​បាន​ពន្យល់​ថា “មាន​មនុស្ស​ពីរ​បី​នាក់​ដែល​មាន​សុខភាព​ប្រសើរ​ ហើយ​ពួកគេ​បាន​សម្រេចចិត្ត​ចៀសវាង​ការ​ព្យាបាល ” ។

ប្រសិន​បើ​ច្បាប់​ត្រូវ​បាន​អនុម័ត​នៃ​បទបញ្ញត្តិ​ថ្មី​នេះ​ នឹង​នាំ​ឱ្យ​មាន​ការ​ពិន័យ​យ៉ាង​តឹងរ៉ឹង។ ក្នុងនោះ​បើ​ជន​ណា​បាន​បំពាន​ឬ​ត្រូវ​គេ​វិនិច្ឆ័យ​ថា​មាន​ផ្ទុក​ជំងឺ​ធ្ងន់ធ្ងរ ​ការ​ផាក​ពិន័យ​គឺ​ពី ៥សែន រូប (៦៣៦០ ដុល្លារ) រហូត​ដល់១លានរូប (១២៧៤០ ដុល្លារ) ឬ​ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ វា​នឹង​កើន​ឡើង​ដល់ ២ លាន​រូប (២៥៤៨០ ដុល្លារ)  ហើយ​បើ​មាន​មនុស្ស​ពីរ​នាក់​ឬ​ច្រើន​នាក់​ស្លាប់​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧ ឆ្នាំ​។

គួរ​រំលឹក​ថា ​ប្រធាន​ឯកទេសផ្នែក​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ទីក្រុង Stavropol លោកស្រី Irina Sannikova បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ក្រោម​ច្បាប់​ទាំង​នេះ។ កាល​ពី​ដើម​ខែ​នេះ ​លោក​ស្រី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​អេស្ប៉ាញ​ហើយ​មិនបាន​គោរព​តាម​គោលការណ៍​ណែនាំ​​ស្ដីពី​ការ​វិល​ត្រឡប់​របស់​លោកស្រី​ ជា​ជាង​បំពេញ​ភារកិច្ច​ការងារ។ កាល​ពី​សប្ដាហ៍​មុន​ លោកស្រី ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន Covid-19 ។

លោក Pavel Chikov ក្រុមសិទ្ធិមនុស្ស Agora បាននិយាយថាលោក​ ​យល់ស្រប​​​នៅគំនិតដែលថា ធ្វើ​ឱ្យ​សាធារណជន​ទូទៅ​គិត​ទ្វេ​ដង​ អំពី​សកម្មភាព​របស់​ពួកគេ ប៉ុន្តែ​លោកក៏បាន​ព្រមាន​ថា​ មនុស្ស​មួយ​ចំនួន​អាច​នឹង​ភ័យខ្លាច​ក្នុង​ការ​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​ពេល​ពួកគេ​មើល​ឧទាហរណ៍​កុមារ ​ដែល​មាន​ជំងឺ​មហារីក​ដែល​គ្រួសារ​ស្ថិតនៅ​ដាច់​ពី​គេ ហើយ​មិន​តម្រូវ​ឱ្យ​មាន​ចូល​មើល​នៅ​មន្ទីរពេទ្យ​ឡើយ៕

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖RT