កូរ៉េ​ខាងត្បូង​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៥២ ករណី ​​ចំនួនសរុបឈានដល់ ១៥៦ ករណី

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៥២ ករណី​ក្នុង​ថ្ងៃ​សុក្រ​នេះ​​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ១៥៦ នាក់។ ចំនួន​នៃ​ការ​ឆ្លង​មេរោគ COVID-19 នៅ​ទីនេះ​បាន​កើន​ឡើង​ស្ទើរ​តែ​បី​ដង​ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ។ ជាមួយ​នឹង​ការ​ឆ្លង​ថ្មីៗ​ភាគ​ច្រើន​ស្ថិតនៅ​ព្រះ​វិហារ​នៅ​ទី​ក្រុង Daegu ភាគ​អាគ្នេយ៍។ ក្នុង​ចំណោម​ករណី​ថ្មី​ទាំង ៥២ ករណី​មាន ៤១ ករណី​ស្ថិត​នៅ​ក្នុង​ទីក្រុង Daegu ចម្ងាយ ៣០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សេអ៊ូល​ និង​ខេត្ត​ជិត​ខាង​គឺ Gyeongsang ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​របស់​កូរ៉េ​ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ មនុស្ស ៣ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​សេអ៊ូល។ ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​នៅ​ទីក្រុង Daegu និង​ករណី​ជា​ច្រើន​នៅ​ទី​ក្រុង​សេអ៊ូល​ដែល​ជា​កន្លែង​ដែល​មាន​ផ្លូវ​មមាញឹក​ គឺ​មិន​អាច​តាម​ដាន​បាន​ភ្លាម​ទេ ​តែ​វា​បាន​ជំរុញ​ឱ្យ​មន្ត្រី​សុខាភិបាល​ប្រកាស​ថា COVID-19  បាន​ចាប់ផ្ដើម​រាលដាល​នៅ​ក្នុង​មូលដ្ឋាន។
អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​ថា ​ករណី​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ខេត្ត ChungCheong ភាគ​កណ្ដាល​និង​នៅ​លើ​កោះ Jeju ផង​ដែរ។

រដ្ឋាភិបាល​បាន​សម្រេចចិត្ត​ចាត់តាំង​ទីក្រុង Daegu និង​ខេត្ត Cheongdo ដែល​នៅ​ជិត​ខាង​ ឲ្យ​ទៅ​ជា“ តំបន់​គ្រប់គ្រង​ពិសេស” បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ផ្ទុក​មេរោគ​និង​ការ​ស្លាប់​ដំបូង​របស់ប្រទេស​នេះ​ដោយ​សារ​វីរុស COVID-19 ​ ៕

 

ចុចអាន៖ ប្ដី​ប្រពន្ធ​នៅ​មន្ទីរពេទ្យ Wuhan ​​ចាកចេញ​ពី​កូន ២នាក់​ដើម្បី​តស៊ូប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19​

ចុចអាន៖ជប៉ុន ​ចាប់ផ្ដើម​សាកល្បង​ប្រើ​​ថ្នាំ​មេរោគ​អេដស៍​ ព្យាបាល​វីរុស covid-19

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ