រោងកុនដែលអាចមើលដោយមិនចុះពីឡាននៅកូរ៉េខាងត្បូងកំពុងតែកើបលុយ ខណៈភាពភ័យខ្លាចកូវីដ១៩នៅតែកើនឡើង

រថយន្តជាច្រើនបានតម្រង់ជួរដ៏វែងបន្តកន្ទុយគ្នានៅពីមុខរោងកុនក្រៅបន្ទប់មួយក្នុងទីក្រុងសេអ៊ូល នៅពេលដែលប្រជាជនកូរ៉េខាងត្បូងកំពុងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាងមុនដើម្បីរីករាយជាមួយខ្សែភាពយន្តដោយមិនមានហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាដែលកំពុងរាលដាលពាសពេញពិភពលោក។

តួលេខ Box Office នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសមានករណីឆ្លងវីរុស COVID-19ចំនួន ៩១៣០ករណីនេះ បានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ដោយអាជ្ញាធរបានទទូចដល់សាធារណជនឱ្យជៀសវាងពីការជួបជុំក្នុងចំនួនមនុស្សដ៏ច្រើន។

ប៉ុន្តែនៅរោងកុនវាលខាងក្រៅឧទ្យានPark Dong-ju វិញ ក្រុមអ្នកមើលភាពយន្តនៅតែអាចរីករាយជាមួយខ្សែភាពយន្តពីក្នុងឡានដ៏មានផាសុកភាពរបស់ពួកគេ ដែលចតនៅពីមុខអេក្រង់ដ៏ធំនៅខាងក្រៅ។

ឧទ្យានបានលើកឡើងថា “ការលក់របស់យើងមានការកើនឡើងពី ១០ ទៅ ២០% សម្រាប់ថ្ងៃធ្វើការ ហើយលក់អស់នៅចុងសប្តាហ៍។ យើងពិតជានឹងទទួលបានការខល និងសំណួរតាមអ៊ីនធឺណិតជាច្រើនបន្តទៀត ក្រោយពីមានការផ្ទះករណីវីរុសកូរ៉ូណារួចមក។”
អ្នកនាង Choi Jin-young ជាបុគ្គលិកមន្ទីរពេទ្យវ័យ២២ ឆ្នាំបាននិយាយថា អ្នកស្រីត្រូវរង់ចាំពីរម៉ោងដើម្បីទិញសំបុត្រ ហើយក៏មានការព្រួយបារម្ភថាវាអាចនឹងលក់អស់នៅចុងសប្តាហ៍នេះ។

អ្នកនាងថា “ខ្ញុំចង់រីករាយនឹងជីវិតវប្បធម៌ជាមួយមិត្តប្រុសរបស់ខ្ញុំ ប៉ុន្តែដោយសាររោងកុនផ្សេងៗសុទ្ធតែមើលទៅគ្មានសុវត្ថិភាព ទើបខ្ញុំបានស្វែងរកមើលថ្ងៃពិសេស ហើយនោះជារបៀបដែលយើងមកទីនេះ” ។

ដោយឡែក លោក Park Ji-seung អាយុ ២៤ ឆ្នាំក៏បាននិយាយថា លោកបានជៀសវាងពីការចេញទៅខាងក្រៅដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប៉ុន្តែលោកថាលោកមានអារម្មណ៍ថា“ មានសុវត្ថិភាព” ពេលមកមើលនៅរោងកុនប្រភេទមើលដោយមិនបាច់ចុះពីឡានបែបនេះ៕ AFP

ប្រែសម្រួល៖ តរុណី