​ស្រុក​ចំនួន​៤ ​​ក្នុង​ខេត្ត​កណ្ដាល​ត្រូវបាន​កំណត់ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​

កណ្តាល ​៖ ​​ ក្នុងការ​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​ដើម្បី​ទីផ្សារ​កសិករ និង​​ពាណិជ្ជូបកម្ម​ កសិកម្ម (SAAMBAT) ​ខេត្ត​កណ្ដាល​​ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កណ្ដាល ​បាន​​កំណត់​យក​ស្រុក​ចំនួន​៤​ ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​។​

​លោកស្រី​ ជី ថា​វី ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកណ្ដាល​ ​បានលើកឡើង​បែប​នេះ​​ ​ក្នុងកិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​កំណត់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ ​សម្រាប់​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​ ​ដើម្បី​ទីផ្សារ​កសិករ​ និង​ពាណិជ្ជូបកម្ម​ កសិកម្ម (SAAMBAT) ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកណ្ដាល​។ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ ​មន្ត្រី​គម្រោង​អេម​ (AIMS)​ ​មកពី​មន្ទីរ​ពាណិជ្ជកម្ម​ មន្ត្រី​គម្រោង អា​ស្ប៉ា​យ​(Aspire) មកពី​មន្ទីរ​កសិកម្ម​ និង​មន្ត្រី​គម្រោង​សម្បត្តិ​ ​(SAAMBAT)។

លោកស្រី ជី ថា​វី ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកណ្ដាល​ ​ បានឲ្យដឹងថា​ទៀតថា ការកំណត់​ស្រុក​ចំនួន​៤ ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ ​ក្នុងការ​អនុវត្ត​គម្រោង​គាំទ្រ​និរន្ត​រភាព​ហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ​ ​ដើម្បី​ទីផ្សារ​កសិករ​ ​និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​ (SAAMBAT) ​ខេត្តកណ្ដាល​ ​មានស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខកំពូល ស្រុក​ស្អាង និង​ស្រុក​ពញាឮ ហើយ​គម្រោង​នេះ​គឺ​ផ្ដោត​សំខាន់​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជាសំខាន់​ ​ដោយ​កែប្រែ​ពី​ផ្លូវ​កម្ទេច​ថ្ម ផ្លូវ​ដីស ​ផ្លូវ​ក្រួស​ក្រហម ​ទៅជា​ផ្លូវ​បេតុង​ និង​ផ្លូវ​កៅស៊ូ​DBST​។ ​ក្នុងនោះ​ស្រុក​ខ្សាច់កណ្ដាល​ ទទួលបាន​១១​គម្រោង​ ស្មើ​៣១.៣៦​គីឡូម៉ែត្រ​ ​ស្រុក​មុខ​កំពូល ​ទទួលបាន​០២​គម្រោង​ ស្មើ​១៥.២០​គីឡូម៉ែត្រ ​ស្រុក​ស្អាង​ ​ទទួលបាន​១៣​គម្រោង ស្មើ​៥៩.១២​គីឡូម៉ែត្រ ​និង​ស្រុក​ពញាឮ​ ទទួលបាន​៦​គម្រោង​ ស្មើ​៣០.៦៥​គីឡូម៉ែត្រ​។​

​​ក្នុង​កិច្ចប្រជុំ លោក តាំង ម៉េង​លាន ​អភិបាលរង​ខេត្តកណ្ដាល​ បាន​ប្រសាសន៍ថា​ ​គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​ដើម្បី​ទីផ្សារ​កសិករ​ ​និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​ (SAAMBAT) ពិត​ជា​មាន​សារ​សំខាន់​ណាស់​ ​សម្រាប់​ប្រជា​ពល​រដ្ឋ ​ព្រោះ​វា​បាន​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ការ​ដឹក​កសិផល​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ ​ទៅកាន់​ទីផ្សារ​ និង​បាន​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត ​បាន​ស្នើ​ដល់​ក្រុមការងារ​ ត្រូវធ្វើ​ការសិក្សា​គម្រោង​ឱ្យបាន​ល្អ ​ហើយ​ត្រូវ​គិតពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ ​និង​ត្រូវ​អនុវត្ត​ទៅលើ​គម្រោង​ណា​ដែលមាន​អាទិភាព​ និង​មាន​ផ្លូវ​វែង​មុន ព្រោះថា ​ផ្លូវ​នេះ​មិន​ត្រឹមតែ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋា​នផ្ទាល់​ប្រើប្រាស់​នោះទេ​ តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មកពី​ស្រុក​ផ្សេង​ និង​ខេត្ត​ផ្សេង​ផងដែរ​៕

អត្ថបទ៖ មុនី​