បន្លែ ត្រី​សាច់​សុវត្ថិភាព​ក្នុង​ផ្សារ​សហគមន៍ទួល​ក្រឡាញ់​ ​​​ មិន​មាន​ការ​លក់​ដំឡើង​ថ្លៃ​នោះ​ទេ

កំពង់ឆ្នាំង​ ៖​ ​ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​​ថា បន្លែ​ផលិតផល​សុវត្ថិភាព​កសិកម្ម​គ្មាន​សារធាតុ​គីមី ដែល​តាំង​លក់​នៅ​ក្នុង​ផ្សារ​សហគមន៍​កសិកម្ម ទួល​ក្រឡាញ់ មិន​មាន​ការ​លក់​ដំឡើង​ថ្លៃ ឬក៏ កេងចំណេញ​នោះ​ទេ ខណៈ​អាជីវករ​មួយ​ចំនួន​បាន​បិទទ្វារ​កន្លែង​លក់ដូរ ដោយសារតែ​ការភ័យខ្លាច​នៃ​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​(​កូ​វីដ​-១៩)​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ នៅតាម​ទីផ្សារ​មួយចំនួន អាជីវករ​ បាន​ឆ្លៀត​លក់​ដំឡើង​ថ្លៃ​ទំនិញ ត្រី​សាច់​បន្លែ និង​កសិផល​ផ្សេងៗ​ទៀត តែ​ចំពោះ​ផ្សារ​សហគមន៍​កសិកម្ម ក្រោម​ការផ្តួចផ្តើម​បង្កើតឡើង​ដោយ​លោក អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ណែ​នាំ​ឲ្យ​សមាជិក​សហគមន៍ កសិកម្ម​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់ កុំ​ប្រើប្រាស់​សារធាតុ​គីមី​លើ​បន្លែ​ត្រី​សាច់ ឬ​ផលិតផល​កសិកម្ម​ឲ្យ​សោះ ព្រោះ​វា​ប្រឈម​ទៅនឹង​សុខមាលភាព​រ​បស់បង​ប្អូន​ប្រជា​ពល រដ្ឋ​។

​ដោយឡែក​តម្លៃ​កសិផល កសិកម្ម​(​សុវត្ថិភាព​)​គ្មាន​សារធាតុ​គីមី​លក់​ក្នុង​ផ្សារ​សហគមន៍ គឺ​មិន​មាន​ការដំឡើងថ្លៃ​នោះទេ ព្រោះ​មន្ទីរ​កសិកម្ម អាជ្ញាធរខេត្ត សហការ​ជាមួយ​សហគមន៍​កសិក​ម្ម​នៅក្នុង​ខេត្ត​បាន​លក់​ក្នុងតម្លៃ​ធម្មតា ព្រោះ​ការរក្សា​តម្លៃ​ឲ្យ​នៅ​ថេរ​ធម្មតា​ដើម្បី​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​ជា​សកល​នេះ​ កំពុង​វាយលុក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​វឹកវរ​។​

លោក​បាន​បន្តទៀតថា ក្នុងនាម​មន្ទីរ​កសិកម្ម លោក​បាន​ជំរុញ​ឲ្យ​ប្រជា កសិករ​នៅតាម​បណ្តា​សហគមន៍​កសិកម្ម​ទាំងអស់ ខិតខំ​ដាំ​ដុះ​បន្លែ ចិញ្ចឹម​ត្រី​ មាន់ ទា ជ្រូក ឲ្យ​បាន​ច្រើន​ទ្វេ​ដង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​របស់​អតិថិជន តែ​ដាច់ខាត​ផលិតផល​កសិកម្ម​ទាំងនោះ​មិន​ឲ្យ​ប្រើប្រាស់​សារធាតុ ឬ​ជីគីមី​ឡើយ​។

ប្រសិនបើ​មន្ទីរ​កសិកម្ម​រកឃើញ​ថា មាន​សហគមន៍ កសិកម្ម​ណាមួយ​លួច​ប្រើប្រាស់​សារធាតុ​គីមី​នោះ មន្ទីរ​នឹង​បញ្ឈប់​សហគមន៍​នោះ​ភ្លាម​តែម្តង ព្រោះ​សព្វថ្ងៃនេះ បងប្អូន​អតិថិជន​កំពុង​ទុកចិត្ត​មកលើ​ផ្សារ​សហគមន៍​នេះ ដោយ​នាំគ្នា​សម្រុក​មក​ទិញ​បន្លែ ត្រី​សាច់ សុវត្ថិភាព​យ៉ាងច្រើន​
ព្រោះ​ពួកគាត់​មាន​ទំនុកចិត្ត​ខ្ពស់​មកលើ​ទីផ្សារ​របស់​យើង ហើយ​ផលិតផល (​សុវត្ថិភាព​)​ដែល​យកមក​ដាក់លក់​នៅទីនេះ គឺ​បងប្អូន​បរិភោគ​ទៅ ពិតជា​មាន​សុខ​ភាពល្អ​នៅក្នុង​ក្រុមគ្រួសារ​៕
​ឈៀង ថា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114