ស្អែកនេះសម្តេច​តេជោ​ ហ៊ុន សែន​ នឹងទៅស្វាគមន៍អ្នក​ទេសចរលើវានាយក្សនៅខេត្តព្រះសីហនុក្នុង ឋានៈជាម្ចាស់ផ្ទះ

សម្តេចតេជោ​ ហ៊ុន​ សែ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែកុម្ភៈ ស្អែកនេះ​នឹងអញ្ជើញទៅ​ស្វាគមន៍អ្នកទេសចរបរទេសតាមនាវា​ នៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ចាស់ផ្ទះ។នេះបើតាមទំព័រហ្វេសបុក​ផ្លូវការ​របស់​សម្តេច។

សម្តេច​បានសរសេរ​ថា​ អរគុណសន្តិភាព!ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។ ព្រឹកស្អែកថ្ងៃ​១៤​កុម្ភៈ​ ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះ ដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។

សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានា ដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អ ក្នុងពេលលំបាក៕