BREAKING NEWS
Search

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ

ក្រោយពីដំណើរបំពេញទស្សនកិច្ចពេញមួយថ្ងៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងសាមគ្គីភាព ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចប្រធានរដ្ឋសភា ឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិកាបក្សកុម្មុនីសវៀតណាម ដែលទទួមរណភាព កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពោធ នៅទីក្រុងហាណូយ។

គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទំាងប្រជាជនកម្ពុជា រួមនិងខ្លួនសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទំាងគ្រួសារនៃសព។ បន្ទាប់ពីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការបក្សកុម្មុនីសវៀតណាមរួចមក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តជួបសវនាការ ជាមួយលោកជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ។

រដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាបន្ត ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងគំាទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅគ្រប់កាលៈទេសៈ ពិសេស ស្ថានភាពជម្ងឺកូវីដ១៩ ជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មតាមព្រំដែនប្រទេសទំាងពីរ ឱ្យកាន់តែសកម្មឡើង។

ក្រៅពីនោះ រដ្ឋសភាទាំងពី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទំាងពីរ កម្ពុជា-វៀតណាម ក្នុងការបោះបង្គោលព្រំដែននាពេលកន្លងមក និងបានគំាទ្រដល់កិច្ចខិតខំប្រឹង ក្នុងការឈានទៅបញ្ចប់បញ្ហាសេសសល់ ប្រមាណ១៦%ទៀត ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ ។

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចការងារ នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេស៕