សម្តេចប្រធានរដ្ឋសភាដឹកនាំធ្វើមាតុភូមិនិវត្តន៍មកដល់មាតុ ប្រទេសវិញដោយសុវត្ថិភាព

ភ្នំពេញ÷សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី១៧ ខែមករានេះដោយសុវត្ថិភាព បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រា លីដោយជោគជ័យ។

APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន​ ក្រោមមូល បទ «ភាពជាដៃគូសភសម្រាប់ ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិកAPPF​ ចំនួនជាង៣៥០នាក់ មកពី២០ ប្រទេស រួមនិងប្រទេសសង្កេតការណ៍ចំនួន១០ចូលរួម។ កិច្ចប្រជុំនេះសម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី​ ផ្តលកិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លង ទៅនៅខេត្តសៀមរាប បានទទួលជោគជ័យ​ ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការ ប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង។
កំឡុងពេលចូលរួមកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍។ សម្តេចក៏បានស្នើសុំអូស្រ្តាលីផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ​ លោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញ ទៅ មក ក្នុងការជំរុញចំណងមិត្ត ភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង។

ចំពោះសមាជិកគណៈ ប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅគ្រប់កិច្ចប្រជុំ របស់APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការនយោបាយនិងសន្តិសុខ ដឹកនាំដោយ លោក ឈាង វុន ។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយលោក សុខ សូកាន។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយ លោក ខៀវ មុត និងកិច្ចប្រជុំគណៈ កម្មាធិការបូកសរុបនិងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ លោក ឈាង វុន និងលោក សុខ សូកាន។ ប្រតិភូសភាកម្ពុជាក៏បានចូលរួមនៅក្នុងគណៈកម្មាធិការព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួសមាជិកAPPF ផងដែរ។

សូមជម្រាបថា​ កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩​ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ ២០២១ និងនៅព្រះរាជាណា ចក្រថៃ ក្នុងឆ្នាំ២០២២៕

អត្ថបទ៖ សុងយោ