BREAKING NEWS
Search

សម្តេច​តេជោ​៖ “​​ឧបទ្ទវហេតុ​ធំ​​ៗ​​​​ផ្ទុះ​ឡើង​ គេ​​ត្រូវ​ផ្ដោត​លើ​ការងារ​​សង្គ្រោះ​ជីវិត​មនុស្ស​ ​មិន​មែន​ស្តី​បន្ទោស​ ឬ​ដក​តំណែង​​ទេ”

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​​​ប្រតិបត្តិការណ៍​ ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​​ខេត្ត​កែប​​ នៅ​ថ្ងៃ​ទី​៥ ខែ​មករា​ នេះ​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា​បាន​ថ្លែង​​​ថា​ នៅ​ពេល​​ឧបទ្ទវហេតុ​​ធំ​ៗ​កើត​ឡើង​ ពិសេស​ពាក់ព័ន្ធ​​នឹង​អាយុជីវិត​មនុស្ស​ គេ​ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​​ជា​មុន​​ ពោល​គឺ​មិន​មែន​រឿង​ស្តី​បន្ទោស​ ហើយ​ដក​តំណែង​​មន្រ្តី​នោះ​ទេ។ ​​សម្ដេច​​ក៏​បាន​ឆ្លើយតប​ទៅ​ប្រធាន​គណបក្ស​នយោបាយ​មួយ​ដែល​បាន​ស្តី​បន្ទោស​អាជ្ញាធរ​ខេត្ត​កែប និង​​មាន​​បំណង​ឱ្យ​សម្ដេច​​ដក​អភិបាល​​ខេត្ត​ផង​ដែរនោះ​​។ ​​បន្ថែម​លើ​នេះ​សម្ដេច​ក៏បាន​ ​ព្រមាន​ទៅ​មន្ត្រី​ជួរ​រាជរដ្ឋាភិបាល​​មួយ​ចំនួន​​ ដែល​រិះ​គន់​​​​​បញ្ហា​ខាង​លើ​តាម​​បណ្ដាញ​សង្គម​​។

​​ខ្ញុំ​​សូម​​បញ្ជាក់​ជូន​​អស់​លោក​បន្តិច​​នៅ​ពេល​​ដែល​កើត​រឿង​​ភ្លាម​​ មាន​អ្នក​បង្ហោះ​​សារ​តាម​ហ្វេស​បុក​ ហើយ​នឹង​មាន​អ្នក​វ៉ៃ​សារ​តាម​​ whatsapp និង​ Telegram របស់​ខ្ញុំ​ធ្វើ​ការ​ស្តី​បន្ទោស​អ្នក​នេះ​​ ធ្វើ​ការ​ស្តី​បន្ទោស​អ្នក​នោះ​ ត្រូវ​ការ​ដក​អ្នក​នេះ​ ឬ​ដក​អ្នក​​នោះ​ ក្នុង​ពេល​ដែល​យើង​ជាប់​ជំពាក់​អំពី​អ្វី​ដែល​ គិត​ដំបូង​បង្អស់​គឺ​ការ​សង្គ្រោះ​​អាយុ​ជីវិត​មនុស្ស​ មិន​មែន​ជា​បញ្ហា​ត្រូវ​រក​រឿង​អ្នក​ណា​ត្រូវ​ ឬ​​ខុស​នោះ​ទេ​ នេះ​ជា​រឿង​នៅ​ពេល​ក្រោយ​​”។

សម្ដេច​បាន​បញ្ជក់​ដោយ​ជៀស​វាង​ការ​សង្ស័យ​ណា​មួយ គឺ​អភិបាល​ខេត្ត​កែប និង​មន្ត្រី​ពាក់​ព័ន្ធ​នឹង​មិន​ត្រូវ​បាន​ដក​តំណែង​ទេ ខណៈ​មាន​ប្រធាន​គណបក្ស​នយោបាយ​មួយ​បាន​​បង្ហោះ​សារ​មួយ​ ក្នុង​ន័យ​​ឱ្យ​មាន​ការ​លា​លែង​ពី​តំណែង​ដូច​គ្នា​នឹង​អភិបាល​​ខេត្ត​ព្រះសីហនុ ​ដោយ​សម្តេច​បាន​​ចូល​ comment ក្នុង​ហ្វេស​បុក​​​ឆ្លើយ​តប​ និង​បាន​​គូស​បញ្ជាក់​ថា រឿង​រ៉ាវ​ទាក់ទង​នឹង​ការ​បាក់​រលំ​អគារ​នេះ​​មិន​មែន​កើត​មាន​​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ពោល​គឺ​​កើត​មាន​​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ ​រាប់​ទាំង​សហរដ្ឋអាមេរិកផង​​ក៏ធ្លាប់មាន​ដែរ​។

ឥឡូវ​ខ្ញុំ​នឹង​អាច​ពិនិត្យ​​លើ​មន្ត្រី​របស់​ខ្ញុំ​មួយ​ចំនួន​ ដែល​កំពុង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​បង្ហោះ​ហ្វេសបុក​ចេញ​ បូកទាំង​រឿង​នេសាទ​ និង​រឿងស្អី​មក​រឿង​អគារ​សំដៅ​រុញ​ច្រាន​ឱ្យ​ខ្ញុំ​ដក​តំណែង​​អភិបាល​ខេត្ត​កែប​តែ​ម្តង​។​ដូច្នេះ​ខ្ញុំ​កំពុង​គិត​ថា គេ​កំពុង​ធ្វើ​អ្វី​ឱ្យ​ពិត​ប្រាកដ​ យើង​ត្រូវ​ការ​កិច្ច​ការ​សង្គ្រោះ​ជា​កិច្ច​ការងារ​បន្ទាន់​​ឯ​រឿង​ដទៃ​ទៀត​ចាំ​និយាយ​គ្នា​ក្រោយ​”។

សម្ដេច​បន្ត​ទៀត​​ថា​ រឿង​អភិបាល​ខេត្ត​កែប ​ពិត​មែន​​កើត​​ឡើង​​​លើ​ទឹក​ដី​ខ្លួន​​ តែ​មិន​​មែន​ជា​កំហុស​ វាជាឧបទ្ទវហេតុដែល​ប្រទេស​មួយចំនួនធ្លាប់​កើត​មាន​រួច​ទៅ​ហើយ ​។ ​ចំពោះ​​ករណី​​អភិបាល​ខេត្ត​ព្រះសីហនុ​​​​ជា​រឿង​ផ្សេង ដោយ​​​​មាន​ការ​​ប្ដូរ​តួនាទី​ទៅ​កន្លែង​ផ្សេង​ ដើម្បី​ដាក់​អ្នក​ថ្មី​​មក​ជំនួស​។ ករណី​ឆេះ​សារមន្ទីរ​ធំ​​មួយ​​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គេ​បាន​ឱ្យ​អភិបាល​ក្រុង​ប៉ារីស​លាលែង​ពី​ដំណែង​ទេ​? ហើយ​ត្រូវ​ឱ្យ​រដ្ឋមន្រ្តី​ប៉ុន្មាន​លាលែង​ពី​តំណែង​ទេ​? ហេតុ​អ្វី​បាន​អ្នក​ទាំង​ឡាយ​ចូល​ចិត្ត​ណាស់​អារឿង​ក្តិច​ត្រួយ ​​ផ្តួល​គ្នា?​”។

​​​​​​​​​​​​គណៈ​កម្មការ​​រៀបចំ​ឡើង​ ដោយ​ក្រសួងដែនដី​កំពុង​ធ្វើ​កោសល្យ​លើ​អគារ​​ ខណៈ​ម្ចាស់​អគារ​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​តុលាការ​ ដោយអនុវត្ត​តាមនិតិវិធី។ ​សោក​នាដកម្ម​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​បាន​កើន​​មាន​ឡើង​កាល​​ពី​ថ្ងៃទី ៣ ខែ​មករា វេលា​ម៉ោង ៤៖​៣០​នាទី​រសៀល​ និង​បាន​បណ្តាល​ឱ្យ​មាន​​ជន​រង​គ្រោះ​​ចំនួន​ ៥៩ នាក់​ ស្លាប់​ ៣៦ ​នាក់​ រង​របួស​​ធ្ងន់​ស្រាល ២៣ នាក់​ ។ ការ​ជួយ​សង្គ្រោះ​ជន​​រង​គ្រោះ​បាន​ចំណាយ​ពេល​ ៤៣ ម៉ោង​ និង​បញ្ចប់​កាល​ពី​វេលា​ម៉ោង ១១​៖ ៤០ នាទី​ថ្ងៃ​ទី​៥ ខែ​មករា​ ឆ្នាំ​២០២០​ ​ក្រោម​ការ​​បញ្ជា​រុក​​រក​ជន​រងគ្រោះ​​ផ្ទាល់​ ដោយ​សម្តេច​តេជោ ហ៊ុន សែន​ ​នៅ​កន្លែង​កើត​ហេតុ​។ 

ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន​បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​ដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួសគឺទទួលបាន១ម៉ឺនដុល្លារ។ ដោយ​ឡែក​ករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង​បន្ថែម១០លានរៀល​ទៀតសម្រាប់​ពិធីបុណ្យសព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នេះ ព្រមទាំង​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួម​វិភាគទានថវិកា​ជួយ​ដល់បងប្អូនជនរងគ្រោះ៕