សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទ​មិនឱ្យប្រជាជន​វៀតណាមចូលកម្ពុជា ចាប់ពីម៉ោង១២យប់​ ថ្ងៃទី២០ ខែមីនា​ តទៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា​ ចាប់ពីម៉ោង១២យប់​ ថ្ងៃទី២០ ខែមីនា​ តទៅ មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា​ឡើយ​។ វិធានការ​នេះ​ក្រោមហេតុផលជួយសម្រួល​ដល់ពលរដ្ឋវៀតណាម កុំឱ្យ​ពិបាកពេលចូលមកកម្ពុជា ហើយត្រូវអាជ្ញាធរវៀតណាមដាក់បម្រាមឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាល​វៀតណាម​ ក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី។ ក្នុងសារសម្លេងផ្ញេីទៅកាន់អាជ្ញាធរខេត្ត​ជាប់ព្រំដែន និងថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ខ្លួន​ ហេីយត្រូវបានបែកចេញលេីបណ្តាញសង្គមនោះ សម្តេច​ ហ៊ុន​ សែន​ បានលេីកឡេីងថា​ ការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វេីចំពោះកម្ពុជា ឬជាបដិការនោះទេ ហើយបម្រាម​នេះ​នឹងត្រូវធ្វើ​រហូតដល់​ភាគីវៀតណាម​លើកបម្រាមវិញដែរ។

“ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សម្តេចក្រឡាហោម ស ខេង ក្នុង​ឋានៈគាត់ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ ដែល​ស្របទៅតាមសមត្ថកិច្ច​ដែល​ច្បាប់​បាន​ប្រគល់ គឺឱ្យប្រកាសមិន​​ឱ្យ​ប្រជាជន​វៀតណាមឆ្លងកាត់​ចូល​មក​កម្ពុជា​ទេ​ ហើយ​ដែល​ត្រូវជូនដំណឹងពីពេលនេះ រហូត​ទៅដល់​ ​ម៉ោង១២​យប់​ថ្ងៃទី ២០ ខែមីនា​ ទើប​យើង​ចាប់​អនុវត្ត​ ខុស​គ្នាជាមួយ​ប្រទេសវៀតណាម​​ចាប់​អនុវត្តពីយប់​មិញ ​ហើយទាំង​យើង​មិន​ទាំងដឹង​ផង។ មូលហេតុ​នៅ​ទីនោះគឺយើង​ចង់អាណិត​ប្រជាជន​វៀត​ណាម​​ទៅវិញ​ទេ​ មក​ដល់​ស្រុក​ខ្មែរហើយ ​ត្រលប់​ទៅវិញ​ ត្រូវទៅជាប់​បំរាម​នៅ​ឯវៀតណាម ហើយ​បើវៀតណាម​មិន​ឱ្យទៅទេ​ តើ​គាត់ត្រូវ​ស្នាក់​នៅស្រុកខ្មែរ​ដោយ​ខុសច្បាប់​ ឬ យ៉ាង​ម៉េច?នេះជាបញ្ហា​ដែលយើង​មិន​មែនជា​ការសង​សឹង ឬឆ្លើយតបទាំងគំរោះគំរើយទេ ក៏ប៉ុន្តែយើងមាន​ហេតុ​ផល​ដើម្បីបញ្ជាក់​ឱ្យគាត់​បាន​ដឹង ឱ្យ​ប្រជាជនវៀត​ណាម​បាន​ដឹងថា រឿង​ហេតុមិន​បាន​ចូល​មក​កម្ពុជាគឺយើង​អាណិត​គាត់ទៅវិញ​ទេ”។ សម្តេចបន្ថែម​។

សម្តេច​បានគូសបញ្ជាក់ទៀត​ថា ប្រជាជន​កម្ពុជា​ឆ្លង​ទៅ​វៀតណាមក្នុងរយៈពេលនេះ​ តិច​​ណាស់ តែប្រជាជន​វៀតណាម​ឆ្លង​មក​កម្ពុជា​មានជាង ៣០០​នាក់​ឯណោះ។ ប្រជាជនវៀត​ណាមចូលមកកម្ពុជាបាន តែ​ប្រជាជន​កម្ពុជា​ចូល​ទៅវៀតណាម​ត្រូវជាប់​បម្រាម​ទៅវិញ។ ដូច្នេះអាជ្ញាធរ​នៅតាមខេត្តតាមព្រំដែន​គឺស្នើទាក់ទងទៅ​វៀតណាម​​បើប្រជាជនកម្ពុជាឆ្លងទៅខាង​វៀតណាម​ ហើយ​វៀត​ណាម​បាន​ដាក់​ក្នុងបម្រាម​ គឺសុំ​ឱ្យវៀតណាម​ប្រគល់​ត្រលប់​មកវិញ​នូវប្រជាពលរដ្ឋកម្ពុជា​មក​ស្រុកកំណើ​តវិញ​៕

អត្ថបទ៖ មៃ​ សុខលីម​