ការព្យាបាលជំងឺ​ Covid-19 ទាំង​ខ្មែរ​ និង​បរទេស​ ឥតគិត​ថ្លៃ​ទេ

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ថ្លែង​ថា ការព្យាបាលជំងឺ Covid-19 ទាំង​ខ្មែរ និង​បរទេស​ ឥតគិតថ្លៃ​ទេ​។ ការ​ប្រកាស​បែប​នេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩ នាព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា​ ២០២០​នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាក្រ តែចិត្តធំ,បរទេសណាក៏ដោយ ដែលឈឺដោយវីរុសCovid-19នៅកម្ពុជា គឺទទួលបានការព្យាបាល និងមើលថែដោយឥតគិតថ្លៃ​ទេ​ ខណៈនៅព្រឹកថ្ងៃ​ទី​២៥ ខែមីនា នេះមានជនជាតិ​បារាំង​ពីរនាក់​ត្រូវ​បាន​ប្រកាស​ថា ឆ្លង Covid-19 នៅ​ខេត្តព្រះសីហនុ ដែល​ធ្វើ​ឱ្យអ្នក​ឆ្លង​បាន​កើន​ឡើងដល់ ៩៣នាក់ ជាសះស្បើយ​ ៦ នាក់។

“នយោបាយ​នេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្រ្តី​វៀតណាម​បានប្រកាសថា​ ជនជាតិ​បរទេស​ដែល​កើត​ជំងឺនេះគឺត្រូវចេញ​លុយ​ព្យាបាលខ្លួនឯង កម្ពុជា​ជាប្រទេសមួយ​ក្រ សុំប្រកាស​ថា ជនជាតិ​បរទេស​ដែល​ឈឺ​ក្នុងទឹក​​ដី​ប្រទេសកម្ពុជា​ត្រូវទទួល​បានការព្យាបាលពីសំណាក់​គ្រូពេទ្យកម្ពុជា​ ដោយមិន​បង់ថ្លៃ។ នេះជាគោលនយោបាយ​របស់​យើង​ យើង​ព្យាបាល​ ព្រោះនេះគឺជាកាតព្វកិច្ច​របស់យើង​ ក្នុង​ឋានៈជាម្ចាស់់ផ្ទះ”។ សម្តេចបានបន្ថែម។

សម្តេច​បានមាន​ប្រសាសន៍​ទៀត​ថា ខ្មែរចិត្តធំ ប៉ុន្តែ​ខ្មែរមាន​គុណ​ធម៌​ ហើយ​​ទាក់ទងនឹង​​ការជួយដល់ភ្ញៀវទេសចរនៅលើ​នាវា វេស្ទើដាម​កន្លង​​សូម្បី​​ តំណាងរាស្រ្តសហរដ្ឋអាមេរិក​ម្នាក់ដែល​បាន​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​​កន្លង​​ក៏បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ដល់សម្តេច ចំពោះកិច្ចការមនុស្សធម៌នេះដែរ៕