សម្តេចតេជោ ហ៊ុន សែន​ ៖ “លទ្ធភាពដាក់ប្រទេសក្នុងភាពអាសន្នដោយសារកូវីដ១៩ មានតែ០,១%ប៉ុណ្ណោះ”

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានថ្លែងថា លទ្ធភាពដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារជំងឺកូវីដ១៩ មានតែ០,១ភាគរយប៉ុណ្ណោះ ដោយសារមកទល់ពេលនេះ ជំងឺនេះនៅអាចគ្រប់គ្រងបាននៅទ្បើយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានលើកទ្បើងថា ៖ “សភាពការណ៍របស់ប្រទេសយើងក៏មិនទាន់ដល់អាសន្នដែលត្រូវដាក់ប្រញាប់ប្រញាល់ ប៉ុន្តែគ្រាន់តែយើងមានការចាំបាច់ត្រូវមានច្បាប់នេះនៅក្នុងដៃ។ ប៉ុន្តែយើងមិនប្រញាប់ទាន់ហន់ ថា ត្រូវតែអាទិត្យនេះចេញឱ្យបាន ឬអាទិត្យនោះចេញឱ្យបាននោះទេ ហើយក៏មិនតម្រូវការដល់ថ្នាក់នោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចនឹងចេញក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រះមហាក្សត្រមានសិទ្ធិប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយចំពោះសិទ្ធិរបស់ប្រមុខរដ្ឋស្តីទីវិញគឺត្រូវមានការបកស្រាយពីក្រុមប្រឹក្សាធម្មនុញ្ញ។

នៅព្រឹកថ្ងៃអង្គារនេះ គណៈកម្មកាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានប្រជុំពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបានអនុម័តប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕

អត្ថបទ៖ កម្ពុជាថ្មី TV