​ប្រមុខរាជរដ្ឋាភិបាល៖កម្ពុជា​នឹងមិន​ស្នើសុំ​ត្រឡប់មកវិញ EBA ២០​ភាគរយ​ត្រឡប់មកវិញនោះទេ​

​ភ្នំពេញ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា​នឹងមិន​ស្នើសុំ​ត្រឡប់មកវិញ​នូវEBA ២០% នោះ ទេ​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​គោលជំហរ​ច្បាស់ៗ ​ថា​កម្ពុជា​នឹងមិន​ចរចា​ស្នើសុំ​ការអនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​វិញ​នោះទេ ។សម្តេច​បាន​ថ្លែ​បែប នេះ​នៅ​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំឡើង​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា​ការសម្រេច​ដក​ការអនុគ្រោះ​ពន្ធ ២០ ភាគរយ​ពី​កម្ពុជា​គឺជា​រឿង​របស់​សហភាព​អឺរ៉ុប​ហើយ​កម្ពុជា នឹងមិន​ធ្វើការ​ស្នើសុំ​ឬ​សម្របសម្រួល​ណាមួយ​និយាយ​ឱ្យ​ខ្លី​គឺ​មិន​ធ្វើតាម​ការចង់បាន​រប​ស់​អឺរ៉ុប​ដើម្បី​ទទួលបាន​ការអនុគ្រោះ​នេះ​មកវិញ​នោះទេ ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ដាច់​ណាត់​ថា​កម្ពុជា​សុខចិត្ត​បង់ពន្ធ​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប តែ​កម្ពុជា មិន​យក​អធិតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជាដាច់ខាត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា«កម្ពុជាបានបម្រុងទុកថានឹងមិនមានការវិលត្រឡប់នៃEBAដែលសហគមន៍អឺរ៉ុបបានភ្ជួរពីកម្ពុជានោះទេ សូមបញ្ជាក់ជូនពលរដ្ឋកម្ពុជានិងអ្នកនយោបាយកម្ពុជាឲ្យបានច្បាស់ថាកម្ពុជានឹងមិនសុំEBA ២០ ភាគរយត្រឡប់មកវិញទេនេះជាការឆ្លើយតបបញ្ជាក់ឱ្យ ច្បាស់ហើយសូមកុំមកធ្វើចលនាអ្វីឲ្យសោះ ហើយអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាក៏កុំសង្ឃឹមថាខ្មោចដែរវាងាប់ទៅហើយនោះវាអាចរស់ឡើងវិញឲ្យ សោះ ។កម្ពុជាបានត្រៀមស្មារតីទៅលើបញ្ហាការបាត់បង់ EBA ប្រមាណជា ២០ ភាគរយនេះ ចំណែក ៨០ ភាគរយទៀតយើងនាំចូលទៅធម្មតា ២០ភាគ រយត្រូវបង់ពន្ធឱ្យគេទៅ។ខ្ញុំបញ្ជាក់លើចំណុចនេះកម្ពុជាមិនអាចយកច្បាប់របស់ខ្លួន អធិបតេយ្យរបស់ខ្លួនទៅដោះដូរជាមួយនឹងភាពអនុគ្រោះ២០% ត្រ ឡប់មកវិញទេ។អ្នកសម្រេចក៏សម្រេចទៅចុះហើយហ៊ុនសែនមិនសុំការយោគយល់ថាឲ្យមានការបោះឆ្នោតគាំទ្រឬបោះឆ្នោតប្រឆាំងអ្វីនោះទេតែអ្នកត្រូវយល់ថាកម្ពុជាកំពុងដើរនៅលើផ្លូវដែលខ្លួនបានជ្រើសរើសរួចហើយ»។

ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានរិះគន់ចំពោះអ្នកវិភាគ មាស នី ដែលមានជំហរចង់ឲ្យរាជរដ្ឋាភិបាលយកអធិបតេយ្យភាពជាតិទៅដោះដូរជា
មួយបរទេសជុំវិញការស្នើសុំឱ្យរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBAរាជរដ្ឋាភិបាលមិនអាចតាមអ្នកឯងបានទេសុំចាំទុកនេះជាប្រទេសមួយឯករាជ្យអធិបតេយ្យ ច្បាប់របស់ខ្លួនមិនអាចអនុវត្តបានតើចាំបាច់ធ្វើប្រទេសធ្វើអ្វី ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ខ្ញុំផ្តាំទៅ មាស នី គឺ មាស នី ឯងកុំជ្រុលហួស ការវិភាគរបស់ មាស នី ឯងមិនមែនជាខ្មែរទេគួរតែជាជន ជាតិបរទេសវាត្រឹមត្រូវជាងខ្ញុំហ៊ានវាយតម្លៃអ្នកឯងគឺជាអាយ៉ងបរទេសពិតប្រាកដមិនមែនជាខ្មែរទេ»។

​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​កម្ពុជា​មិនអាច​ធ្វើតាម​សហភាព​អឺរ៉ុប​បានទេ​។ សម្តេច​ក៏​គូសបញ្ជាក់​ដែល​ទំនង​សំដៅ​ទៅលើ​ករណី លោក កឹម សុខា ដែល​តុលាការ​កំពុងដំណើរកា​រ​កាត់ទោស​ថា សម្តេច​មិន​ដោះដូរ​ដោយ​ការដោះលែង​ដើម្បី​ទទួលបាន​អនុគ្រោះ​ពន្ធ​មកវិញ​នោះឡើយ ។ សម្តេច​បន្តថា​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​គឺ​ត្រូវតែ​ទទួលទោស​តាមច្បាប់ គេ​ផ្តាច់ EBA ពី​កម្ពុជា​គឺជា​ច្បាប់​របស់គេ តែ​យើង​កាត់ទោស​អ្នក​ដែល​ចង់​បំផ្លាញ ជាតិ​រស់ខ្លួនបានឡើយ ​ច្បាប់​របស់​យើងៗអនុវត្តន៍ ។ មិនតែប៉ុណ្ណោះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ថ្លែង​បែប​ចំអក​ទៅកាន់​ក្រុម​អតីត​អ្នកនយោបាយ​បក្សប្រឆាំង​ថាគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ងាប់​ទៅហើយនោះមិនអាច​រស់​ឡើងវិញ​បាន​នោះទេ ។សម្តេច​សង្កត់ធ្ងន់ថា​អ្វីៗ​មិនអាច​ដើរ​ថយក្រោយ​វិញបាន ឡើយ ច្បាប់ គឺ​ច្បាប់ កាត់ទោស​រួចហើយ​គឺ​ត្រូវ​យកទៅដាក់​ពន្ធនាគារ​ ។

សម្តេចបានបញ្ជាក់ទៀតថាអធិបតេយ្យរបស់កម្ពុជាមិនត្រូវបានយកទៅចរចារនោះទេ កុំមកចរចារឲ្យមានការដោះលែងអ្នកដោះលែងអ្នកនោះ គឺមិនអាចទេ វាជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ។

សហភាពអឺ​រ៉ុបកាលពីថ្ងៃ​ទី១២ខែកុម្ភៈ​កន្លងទៅបានចេ​ញសេចក្តីស​ម្រេចដក​ការ​អនុ​គ្រោះ​​ពន្ធ«ជាបណ្ដោះ​​អាសន្ន» ​ពី​កម្ពុជាលើមុខ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​ ។ ផលិ​តផល​ទាំង​អស់​នេះនាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​ជាង១ ​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​​​ ។ សេច​ក្តីស​ម្រេចនេះនឹ​ងចូលជាធរមាននិងចាប់អនុវត្ត​នៅថ្ងៃទី១២​ខែសីហាឆ្នាំ២០២០ខាងមុខនេះ។ ការសម្រេចរបស់សហភាពអឺរ៉ុបនេះគឺឈរលើហេតុផលកម្ពុ ជាបាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​ សិទ្ធិ​ការងារ ។ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាកម្ពុជាអាចទទួលការ អនុគ្រោះពន្ធមកវិញ គឺទាល់​តែ​ស្ថានភាព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារនៅ​កម្ពុជា​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ប្រសើរ​ឡើង​វិញ ៕