សម្ដេច​ក្រឡា​ហោម ​​​ណែនាំ​ឱ្យ​អាជ្ញាធរ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន ត្រូវ​កត់ត្រា​ឱ្យ​បាន​ច្បាស់​នូវ​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​​​វិល​ចូល​មក​ប្រទេស

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ប្រចាំ​ច្រកទ្វារព្រំដែន ត្រូវ​កត់ត្រា​ឱ្យ​បាន​ច្បាស់​នូវ​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​បាន​វិល​ចូលមក​ប្រទេស ដើម្បី​ធានា​តាមដាន​ស្រាវជ្រាវ​រក​ពួកគាត់ ការពារ​កូ​វីដ​១៩ ប្រសិនបើ​មាន​បញ្ហា​ណាមួយ ហើយ​ជាមួយគ្នានេះ ​ត្រូវខិតខំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ដើម្បី​ចៀសវាង​ការអនុញ្ញាតឱ្យ​ឆ្លងកាត់​តាម​ច្រករបៀង​ដែលនាំឱ្យ​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព និង​កំណត់​អត្តសញ្ញាណ​ពួកគាត់​ពោល​គឺ​ត្រូវ​កំណត់​ច្រកទ្វារ​ច្បាស់លាស់​សម្រាប់​ការវិល​ចូល​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​យើង។

សម្តេច​មានប្រសាសន៍​បែបនេះ​ នៅ​រសៀល​ថ្ងៃ​ពុធ ២​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​កំរៀង​ខេត្តបាត់ដំបង​​ ​ខណៈ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​ច្រកទ្វារព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ប៉ៃលិន ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាល​ខេត្តបាត់ដំបង និង​ប៉ៃលិន ជាពិសេស​មន្ត្រីរាជការ និង​កងកម្លាំង ដែល​បំពេញភារកិច្ច​នៅតាម​បណ្ដា​អង្គភាព​ច្រកទ្វារព្រំដែន​កម្ពុជា​ថៃ​។​

មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា​ វត្តមានរ​បស់​សម្ដេច និង​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ​គឺជា​ការចូលរួមចំណែក​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​អង្គភាព​នៅ​ច្រកទ្វារព្រំដែន​កម្ពុជា​ថៃ ទាំង​នៅ​ខេត្តបាត់ដំបង និង​ប៉ៃលិន ក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​ប្រឈម​ខ្លាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ពេលនេះ​បាន​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​ពិភព​កលោក​។​

សម្ដេច​បាន​បន្តថា ​ក្រៅ​តែ​បាននិងកំពុង​រីក​រាល​ដាល​នៅ​បណ្ដា​ប្រទេស​ស្ទើរ​ទាំងអស់​លើ​ពិភពលោក ពិសេស​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​ម​ជ្ឈិម​បូព៌ា បន្ទាប់ពី​ប្រទេស​ចិន​មាន​សភាព​ធូរស្រាល​នោះ នៅពេលនេះ​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស​សុទ្ធ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំងអស់​។ សម្ដេច​បានបញ្ជាក់​អំពី​ការសម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​បាន​បិទ​ការដ្ឋាន​ការងារ​មួយចំនួន ធ្វើឱ្យ​ពលរដ្ឋ​ថៃ​នៅ​ទំនេរ ហើយ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីនោះ​ក៏​ទំនេរ​ពី​ការងារ​។​

ជាមួយគ្នា​នោះ​សម្ដេច​បានផ្ដល់​ការ​ពន្យល់ថា ​ពលរដ្ឋ​ខ្មែរ​ទំនេរ​ពី​ការងារ និង​មានការ​ភ័យខ្លាច​ផង​នោះ បានចាប់ផ្ដើម​សម្រុក​នាំគ្នា​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ប៉ុន្មាន​ថ្ងៃមុន ដែល​ធ្វើឱ្យ​អាជ្ញាធរ​ច្រកទ្វារព្រំដែន​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព​ពួកគាត់​ពេល​ឆ្លង​ព្រំដែន​។ ដោយសារ​ពួកគាត់​បានធ្វើ​ដំណើរ​ដ​ល់​ស្រុកកំណើត​ហើយ​នោះ សម្ដេច​បាន​សុំ​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​ណែនាំ​អាជ្ញាធរខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ភូមិ​ឃុំ ត្រូវ​គ្រប់គ្រង​វត្តមាន​ពួកគាត់​ឱ្យបាន​និង​ស្នើឱ្យ​ពួកគាត់​នៅ​ដោយឡែក​១៤​ថ្ងៃ​សិន​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​មាន​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ​ដំណើរ​ចូលមក​ប្រទេស​វិញ​នោះ គឺ​រាជរដ្ឋាភិបាល​យើង​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​យើង​មិនឱ្យ​វិល​មកវិញ​បានទេ​។ សម្ដេច​បាន​ណែនាំ​ឱ្យ​ត្រៀម​ទទួល​ស្វាគមន៍​ពួកគាត់​ដោយ​ប្រកាន់​អាកប្បកិរិយា​ថ្លៃថ្នូរ​សុភាពរាបសារ និង​ទន់ភ្លន់ ប៉ុន្តែ​ត្រូវ​វិធានការ​ម៉ឺងម៉ាត់​តាម​ក្បួន​សុខាភិបាល ដើម្បី​ធានា​សុខ​សុវត្ថិភាព​ពួកគាត់ និង​ក្រុមគ្រួសារ​នៅឯ​ស្រុកកំណើត។ ជាមួយគ្នានេះ​ក៏ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ខេត្ត​ខាង​ភាគី​ថៃ​ដែរ​។​

សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ត្រៀម​ផ្ដល់​ម៉ាស់​ជូន​ពលរដ្ឋ​ទាំងឡាយណា ដែល​ឆ្លង​មកពី​ប្រទេស​ថៃ​ដោយ​មិនមាន​ម៉ាស់​ប្រើប្រាស់ ហើយ​ត្រូវ​ស្នើសុំ​ពួកគាត់​សហការ​ពិនិត្យ​កម្ដៅ និង​អញ្ជើញ​ពួកគាត់​ទៅ​កន្លែង​ដែល​ត្រូវ​កត់ត្រា​អត្តសញ្ញាណ​សិន​។​ក្នុងករណី​ដែលមាន​អ្នកជំងឺ​ត្រូវ​សង្គ្រោះ បន្ទាន់ ហើយ​អ្នកជំងឺ​នោះ​មិនមែនជា​អ្នកជំងឺ​កូ​វីដ​១៩ សម្ដេច​ក៏បាន​ណែនាំ​អភិបាលខេត្ត​បាត់ដំបង និង​ប៉ៃលិន ត្រូវ​ស្នើសុំ​កិច្ចសហការ​អនុញ្ញាតឱ្យ​អ្នកជំងឺ​នោះ​ចូលទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

​សម្ដេច​មាន​ជំនឿ​ង​ថា​ភាគី​ទាំងពីរ​កម្ពុជា​ថៃ​នឹងមាន​ការពិចារណា​ដល់​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ការពារ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាក់ស្ដែង​ដូច​ការបិទ​ការចេញចូល​មនុ​ស្ស​រវា​ង​កម្ពុជា​ថៃ កម្ពុជា​វៀតណាម ដែល​ភាគី​ទាំងសងខាង​នៅតែ​បន្ត​ការអនុញ្ញាតឱ្យ​ចេញចូល​ទំនិញ​ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​សុវត្ថិភាព​នៅពេល​ដឹក​ឆ្លងកាត់​ព្រំដែន​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​បាន​ថ្លែង​ការកោតសរសើរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត និង​ជាពិសេស​មន្ត្រី និង​កងកម្លាំង​នៃ​អង្គភាព និង​ស្ថាប័ន​នានា​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្ដា​ច្រកទ្វារព្រំដែន​។ សម្ដេច​បានចាត់ទុក​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​នេះហើយ​ដែល​ធ្វើឱ្យ​កម្ពុជា​រក្សាបាន​សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ហើយ​ទន្ទឹមនឹងនេះ​យើង​ក៏បាន​នឹង​កំពុង​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ជំងឺ​កូ​វីដ​១៩​ដើម្បី​ធានា​ការពារ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ ដែល​នេះហើយ​គឺជា​ឧ​ត្ត​ម​គតិ​ស្រលាញ់​ជាតិ និង​ប្រជាជន​។​

នាឱកាស​នោះ​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​បាន​រៀបចំ​ការ​ចុះ​ចាក់​ផ្សាយ​សារ​អប់រំ​ចល័ត​គ្រប់​ភូមិ​ឃុំ​ដល់​ប្រជាពលរដ្ឋ​។ មុននឹង​បញ្ចប់​សម្ដេច បាន​សម្ដែង​សេចក្ដីសង្ឃឹម​ជឿជាក់​ថា ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាលខេត្ត​ និង​កំពុង​បំពេញការងារ​នៅតាម​បណ្ដា​អង្គភាព​ច្រកព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​ប៉ៃលិន​ទាំងអស់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​បាន​ល្អ និង​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕
​ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114