BREAKING NEWS
Search

សម្តេចក្រឡាហោម ស ខេង សម្រេចលុបឈ្មោះអង្គការការពារ និងអភិរក្សសត្វព្រៃឈើ ជលផលកម្ពុជា ចេញពីបញ្ជី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះអង្គការការពារ និងអភិរក្សសត្វព្រៃឈើ ជលផលកម្ពុជា ចេញពីបញ្ជី ក្រសួងមហាផ្ទៃហើយ ដោយសារតែអង្គការនេះ បានធ្វើសកម្មភាពផ្ទុយលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

យោងតាមសេចក្តីចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ត្រូវបានលុបឈ្មោះ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ដែលមានទីស្នាក់ការកណ្ដាល នៅផ្ទះលេខ៧៦ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៣ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សូមបញ្ជាក់ថា អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដោយទុកពេលឲ្យ៩០ថ្ងៃ ដោយសាធ្វើសកម្មភាពផ្ទុយលក្ខន្តិកៈរបស់ខ្លួន។ នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អង្គការការពារ និងអភិរក្ស សត្វ ព្រៃឈើ ជលផលកម្ពុជា ពុំបានបំពេញតាមការកំណត់ក្នុងបទប្បញ្ញាតិ មាត្រា១០ និង មាត្រា២៥ នៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាព ខុសច្បាប់ និងធ្វើឱ្យមានការយល់ច្រឡំ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនឹងការផ្អាកសកម្មភាពនេះដែរ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនី និងអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់របាយការណ៍សរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៧, ២០១៨ និង២០១៩ ជូនក្រសួងមហាផ្ទៃ រយៈពេលយ៉ាងយូរបំផុត៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ផ្ទុយទៅវិញ បើក្នុងករណីមិនអនុវត្ត តាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ក្រោយពីមានសេចក្តីសម្រេចនេះ អង្គការការពារ និងអភិរក្ស សត្វ ព្រៃឈើ ជលផលកម្ពុជា ពុំបានបំពេញតាមការកំណត់របស់ក្រសួងមហាផ្ទៃទេ ទើបក្រសួងសម្រេចលុបឈ្មោះតែម្តង។

ទាក់ទងបញ្ហនេះ កន្លងមក មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយពីករណីសមត្ថកិច្ចចាប់ឃាត់ខ្លួនបុគ្គលិកអង្គការនេះពីបទជម្រិតទារប្រាក់ពីប្រជាពលរដ្ឋផងដែរ ហើយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានការចុះផ្សាយថា បុគ្គលិកអង្គការនេះចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដែលមានស្លាកលេខខេមរភូមិន្ទ និងប្រើប្រាស់តួនាទីអង្គការគំរាមកំហែងអ្នកដទៃក្នុងសង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទ៖ កោះកែវ