BREAKING NEWS
Search

ប្រលោមលោកស្នេហារវាងភេទដូចគ្នាថ្មីសន្លាង ត្រៀមបង្ហាញខ្លួនស្វាគមន៍ខែឧសភា

អ្នកនិពន្ធវ័យក្មេងលោក ធឿន វុទ្ធី ដែលមិត្តអ្នកអានធ្លាប់បានស្គាល់ជាច្រើននូវស្នាដៃប្រលោមលោកអភិនិហារបែបភ័យរន្ធត់របស់លោក ពេលនេះកំពុងតែត្រៀមចេញស្នាដៃមនោសញ្ចេតនាថ្មីរបស់ខ្លួនរឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” ដើម្បីស្វាគមន៍ខែឧសភា។

ប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” បានដកស្រង់ដោយផ្អែកលើសាច់រឿងពិត នឹងនាំមកនូវរឿងរ៉ាវជូរចត់ នៃស្នេហាក្មេងៗដែលស្រឡាញ់ភេទដូចគ្នា មកចងក្រងជាសាច់រឿងកម្រាស់ ៣១០ ទំព័រថ្មីសន្លាង។ វាជាសាច់រឿងឆ្លុះបញ្ចាំងពីអារម្មណ៍ និងរឿងរ៉ាវជីវិតស្នេហាភេទដូចគ្នា ដែលគ្រប់គ្នាពិបាកនឹងបរិយាយមកខាងក្រៅ។ សាច់រឿងនេះ នឹងបង្ហាញឲ្យឃើញពីភាពតស៊ូដើម្បីស្នេហាស្មោះ ព្រមទាំងការតស៊ូងើបចេញពីគំនាបនៃគ្រួសារផងដែរ។

 

ថ្លែងមកកាន់ KPT Plus អ្នកនិពន្ធ ធឿន វុទ្ធី បានប្រាប់ថា បញ្ហាចម្បងក្នុងការសរសេរស្នាដៃនេះ គឺលោកត្រូវប្រឈមមុខនឹងសង្គម ព្រោះវាជាស្នាដៃប្រភេទទស្សនៈប្រឆាំងផ្នត់គំនិត។ ដូច្នេះរឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” អាចនឹងប៉ះពាល់ដល់ផ្នត់គំនិតប្រិយមិត្តអ្នកអានខ្លះៗមិនខាន។ អ្នកនិពន្ធបន្ថែមថា ជាក់ស្ដែង រឿងស្នេហាភេទដូចគ្នាក្នុងស្រុកខ្មែរ មិនទាន់ទូលាយដូចស្រុកគេទេ ដូច្នេះគង់តែកើតមានការថ្នាំងថ្នាក់ចិត្តខ្លះហើយ។ យ៉ាងណាមិញ លោកនៅតែរង់ចាំមតិរិះគន់សម្រាប់កែលម្អពីអ្នកអានគ្រប់ស្រទាប់វណ្ណៈ។

ម្ចាស់ស្នាដៃ រឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” បន្តទៀតថា តាមពិតទៅ លោកចូលចិត្តសរសេរតែរឿងរន្ធត់ៗ តែសម្រាប់រឿងបែបមនោសញ្ចេតនានេះ ដើមឡើយជាសំណូមពរពីប្រិយមិត្ត ឲ្យលោកសរសេរជាប្រភេទប្រលោមលោក BL (ស្នេហាប្រុសនិងប្រុស)ដោយសាររឿងប្រភេទនេះ អត់មានច្រើនទេនៅស្រុកយើង។ ក្នុងនោះដែរ កាលពីខែសីហា ឆ្នាំ ២០១៩ កន្លងទៅ លោក ធឿន វុទ្ធី ក៏បានបញ្ចេញស្នាដៃប្រភេទ BL រឿង ទេពច្យុតក្លែងក្លាយ ហើយដោយទទួលបានការគាំទ្រច្រើនទៀតនោះ ទើបលោកសម្រេចចេញរឿងមនោសញ្ចេតនាបែប BL នេះឲ្យបាន១រឿង ក្នុងមួយឆ្នាំ។

ចំពោះបញ្ហាលំបាក អ្នកនិពន្ធវ័យក្មេងរូបនេះលើកឡើងថា មិនជាលំបាកណាស់ណាទេ ដោយសាររឿងថ្មីនេះ ជារឿងបែបជីវិត អ៊ីចឹង! វាងាយក្នុងការបង្កើតរូបារម្មណ៍។​ ផ្ទុយពីរឿងបែបរន្ធត់ លោកថា ត្រូវប្រើរូបារម្មណ៍ច្រើន ពិបាកណាស់ក្នុងការសរសេរ។

ប្រលោមលោករឿង “ទឹកភ្នែកក្រោមភ្លៀងរលឹម” នឹងចេញផ្សាយនៅពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២០ នេះហើយ។ សម្រាប់ប្រិយមិត្តចង់សាកល្បងចំណីអារម្មណ៍ស្នាដៃថ្មីបែបមនោសញ្ចេតនាស្នេហាភេទដូចគ្នាថា មានរសជាតិយ៉ាងណានោះ កុំភ្លេចទាក់ទងទិញនៅតាមបណ្ដាហាងលក់សៀវភៅនានានៅទូទាំងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ សន្យា

ចុចអាន៖  “បាត់ស្រមោល” ឆ្លុះបញ្ចាំងបច្ចេកវិទ្យាសម័យឌីជីថលដ៏ទំនើបរបស់ប៉ូលិសកម្ពុជា

ចុចអាន៖ “ការពិតប្រៀបដូចបិសាច” ណែនាំមនុស្សឲ្យស្គាល់ខ្លួនឯងនិងរលាស់ខ្លួនពីភាពអវិជ្ជា