ខេត្ត​បាត់ដំបង​ ប្រមូល​សំណាក​ អ្នក​សង្ស័យ​ផ្ទុក​កូវីដ​១៩ ​បាន​ជាង​១០០​នាក់​ តែ​រក​ឃើញ​អ្នក​ឆ្លង មិន​ច្រើន​នោះ​ឡើយ

បាត់ដំបង ៖ បច្ចុប្បន្ន​នរណា​ក៏​ដឹង​ដែរ​ថា មេរោគ​កូវីដ ១៩ កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​ក្លា នៅ​ទូទាំង​សកលលោក ដោយ​គ្រាន់តែ​ប្រទេស​ខ្លះ​មាន​អ្នក​ឆ្លង​តិច និង​ប្រទេស​ខ្លះទៀត មាន​ច្រើនតែ​ប៉ុណ្ណោះ ជាក់ស្ដែង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក៏​មាន​អ្នក​ផ្ទុក​នូវ​មេរោគ​ប្រភេទ​នេះ​ដែរ ដែល​កន្លងមក​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ថា មាន​អ្នក​ផ្ទុក​ចំនួន ៨​នាក់ នៅ​ទូទាំង​ខេត្ត ឯ​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ក៏បាន​បំប៉ោង​នូវ​តួលេខ ដែល​បញ្ហា​នេះ គឺជា​ការ​បំពុល​សង្គម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ និង​មានការ​ភ័យខ្លាច។

​ថ្មីៗ​នេះ​លោក​អភិបាលខេត្ត ងួន រតនៈ ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ដាក់​អ្នក​ផ្ទុក និង​ទីតាំង​សម្រាប់​ពិគ្រោះ​និង​ពិនិត្យ ដោយ​យក​វិទ្យាល័យ​មុនី​វង្ស រីឯ​កន្លែង​សម្រាប់​ដាក់​ពួកគាត់​ឲ្យ​នៅ​ដោយឡែក គឺ​បាន​កំណត់​យក​សណ្ឋាគារ ផាក និង សណ្ឋាគារ ស្ព្រី​ង​ផាក ទាំងនេះ​គឺជា​សកម្មភាព​មួយ​របស់​ថ្នាក់ដឹកនាំ ខេត្ត​បាត់ដំបង​ដើម្បី​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពិសេស​ គឺ​នៅ​ពេល​ដែល​មេរោគ កូវីដ ១៩ កំពុង​វាយលុក​ខ្លាំង។

​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ខេត្ត​បាត់ដំបង​មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ច្រើន ហើយក៏​កំពុង​តែ​មាន​កំណើន​ថែមទៀត​ស្រប​ពេល​ ដែល​មាន​ពល​ករ​ខ្មែរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ រាប់ពាន់​នាក់​ ដែល​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទៅលើ​ការ​រីក​រាលដាល​នូវ​មេរោគ​ដ៏​សាហាវ​ទាំងនេះ ហើយក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​ផង​ដែរ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០២០ លោក វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង បានលើកឡើង​បញ្ជាក់​ប្រាប់ កម្ពុ​ជាថ្មី តាមរយៈ​ទូរសព្ទ​ថា​ កន្លងមក​នៅ​ទូទាំង​ខេត្ត គឺ​មាន​អ្នក​ផ្ទុក​មេរោគ​ នេះ​មាន​ចំនួន​សរុប ៨នាក់ តែប៉ុណ្ណោះ ដោយ​បច្ចុប្បន្ន​មាន ២​នាក់​ហើយ ដែល​បានជា​សះស្បើយ ព្រមទាំង​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ថ្មីៗ​នេះ​ក៏​មាន​ការ​វិល​ត្រឡប់​យ៉ាងច្រើន ពី​សំណាក់​ពលករ​ខ្មែរ​ ដែល​រស់​នៅ​ឯ​ប្រទេស​ថៃ ដែល​បញ្ហា​នេះ លោក​បាន​ដាក់​កម្លាំង​យ៉ាង​បន្ទាន់ ដោយ​មាន​ការ​សហការ ​ជា​មួយ​នឹង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន នៅ​ទូទាំង​ខេត្ត ដើម្បី​ចុះ​ស្រាវជ្រាវ​យក​សំណាក​មក​ពិនិត្យ ដោយ​លោក​បាន​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ ៤ រហ័ស គឺ ១. រហ័ស​រក​ឲ្យ​ឃើញ ២. រហ័ស​រាយការណ៍ ៣. រហ័ស​ដាក់​ដាច់ដោយឡែក​និង ៤. រហ័ស​ពិនិត្យ ព្យាបាល។​

​លោក វឿ​ង ប៊ុន​រេ​ត បាន​សង្កត់​ធ្ងន់​ថា បើ​សរុប​សំណាក ដែល​ក្រុម​គ្រូពេទ្យ ​បាន​យក​មក​ពិនិត្យ ទៅលើ​មនុស្ស​ជាង ១០០​នាក់ ដែល​មក​ទល់​នឹង​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ គឺ​មិន​មាន​ការ​កើន​ឡើង​នោះ​ទេ គឺ​នៅតែ ៦​នាក់​ដដែល ដែល​បច្ចុប្បន្ន ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។ ចំពោះ​ពលករ​ដែល​មកពី​ប្រទេស​ថៃ លោក​ក៏បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ពិនិត្យ​ដែរ គឺ​កាលពី​ម្សិលមិញ ពិនិត្យ​បាន​ជាង ៣០០​នាក់​និង​នៅ​ថ្ងៃ​នេះ ក៏​ប្រហែល​ជាង ៣០០​នាក់​ដូចគ្នា ដោយ​គ្មាន​នរណា​ម្នាក់​មាន​ផ្ទុក​បន្ថែម​ទៀត​ឡើយ ប៉ុន្តែ​បើ​ទោះបី​បែប​នេះ​ក្តី ក៏​ក្រុមការងារ​លោក បានធ្វើ​ការអប់រំ ណែនាំ​ដល់​ពួកគាត់​ឲ្យ​រស់នៅ​ដាច់ដោយឡែក​ឲ្យ​គ្រប់​រយៈពេល ១៤ ថ្ងៃ​សិន បើ​មាន​អ្វី​ប្រែប្រួល ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ឬក៏​ក្រុម​គ្រូពេទ្យ ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ព្យាបាល នេះ​ប្រសិនបើ​មានការ​សង្ស័យ ដោយ​សំខាន់​ឲ្យ​ពួកគាត់​ចេះ​តាមដាន​ខ្លួនឯង​ក្រោយពី​វិលត្រឡប់​មកពី​ប្រទេស​ថៃ។​

​ជា​ចុងក្រោយ លោក​ក៏បាន​ផ្ដាំផ្ញើ​តាមរយៈ​សារព័ត៌មាន​ថា សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ដាក់​ការសង្ស័យ​ទៅលើ កូវីដ ១៩ ទាំងស្រុង​ពេក នៅ​ពេល​ដែល​មាន​ជំងឺ​ឈឺ​ថ្កាត់​អ្វីមួយ ត្រូវ​ពិនិត្យ​និង​ព្យាបាល​នូវ​ជំងឺ​ ដែល​យើង​ឈឺ​នោះ​សិន ព្រោះ​ជួនកាល​វា​មិន​មែន​ជា​រោគសញ្ញា​ឆ្លង។ ម្យ៉ាងទៀត​លោក ​ក៏បាន​សំណូមពរ​ដល់​ក្រុម​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម មេត្តា​កុំ​បំភ្លៃ​រឿង​ដែល​មិន​ពិត ដើម្បី​បំពុល​សង្គម​ឲ្យ​សោះ ប្រសិនបើ​មិនបាន​ដឹង​ច្បាស់​ទេ​នោះ ហើយក៏​កុំ​ទម្លាក់​ទាំងស្រុង​ទៅលើ កូវីដ ១៩ ដែរ នៅ​ពេល​មាន​ជំងឺ​អ្វីមួយ សំខាន់​ត្រូវ​រក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ ព្រោះ​រហូត​មក​ទល់នឹង​ពេលនេះ ខេត្ត​បាត់ដំបង មិន​ទាន់​មាន​ការ​កើន​ឡើង​នោះ​ឡើយ ជា​រួម​ គឺ​មាន​អ្នកជា ចំនួន​២​នាក់​ហើយ និង​នៅ​សល់ ៦​នាក់​កំពុង​សម្រាក​ព្យាបាល៕

​អត្ថបទ៖ សោ និយម​រ័ត្ន​