ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ Samsung ​បន្ត​យុទ្ធនា​ការ​សប្បុរសធម៌​ចែក​ប្រព័ន្ធ​ចម្រោះ​ទឹក​​ស្អាត​ដល់​សាលា​បឋម​សិក្សា​មួយ​

តាមរយៈ​កម្មវិធី “ Samsung Employee Volunteer”​ ​ក្រុមហ៊ុន​សាមសុង(Samsung )​ប្រចាំ​កម្ពុជា​បាន​​បរិច្ចាគ​ ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​បែប​ជីវ​ខ្សាច់ ដែល​ផ្ដល់​គុណ​ប្រយោជន៍​ដល់​សុខភាព​សិស្សានុសិស្ស ​ប្រមាណ​ជាង ​១០០០ នាក់​​​នៅ​​សាលា​បឋម​សិក្សា ​ហ៊ុន សែន ​ព្រែក​ឫស្សី ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​កាល​ពី​ព្រឹក​មិញ​នេះ​​។

លោក​ស្រី ​សាន ស្រី​កន្និដ្ឋា​ នាយិកា​សាលា​បឋម​សិក្សា ​ហ៊ុន សែន ព្រែក​ឫស្សី​បាន​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុមហ៊ុន​ សាម​សុង​ប្រចាំ​កម្ពុជា ​ដែល​បាន​ជ្រើស​រើស​សាលា​លោក​ស្រី​សម្រាប់​កម្មវិធី​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ ក្នុង​ឆ្នាំ​ ២០១៩ នេះ​។

លោក​ស្រី​​​មាន​អារម្មណ៍​​រំភើប​ក្រៃ​លែង ​ពេល​ដែល​ឭ​ដំណឹង​ថា ​សាលា​បឋម​សិក្សា ​ហ៊ុន សែន ​ព្រែក​ឫស្សី ​​នឹង​ទទួល​បាន ​ ប្រព័ន្ធ​ម្រោះ​ទឹក​ស្អាត​បែប​ជីវ​ខ្សាច់​។​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​នេះ​គឺ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​ទទួល​បាន​សុខុមាលភាព​គ្រប់​ពេល​វេលា​បើ​ទោះ​បី​ជា ​ពួក​គេ​ស្ថិត​នៅ​ក្នុង​សាលា​ក៏​ដោយ​។​

ក្រៅ​ពី​ការ​បរិច្ចាគ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ហើយ​នោះ ​ក្រុមហ៊ុន​សាមសុង ​ប្រចាំ​​កម្ពុជា ក៏​បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក​ ​និង​សម្ភារៈ​សិក្សា​ចំនួន ​៤០០ ​ឈុត​ទៀត ជូន​ដល់​សិស្សានុសិស្ស​ ដើម្បី​ជា​ការ​តប​ស្នង​ក្នុង​កិច្ច​សហការ​លើក​កម្ពស់​ផ្នែក​សុខភាព​ ​និង​ការ​អប់រំ​ក្រុមហ៊ុន ​សាមសុង​ ក៏​ទទួល​បាន​នូវ​លិខិត​សរសើរ​ពី​គណៈ​គ្រប់​គ្រង​សាលា​បឋម​​សិក្សា​ ហ៊ុន​ សែន​​ ព្រែក​ឫស្សី​។

លោក ស៊ឹងហូ ឆយ ( Seungho Choi)​ អគ្គនាយក​គ្រប់​គ្រង​សាខា​ក្រុមហ៊ុន​ថៃ​អេឡិច​ត្រូនិច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ សាមសុង ​គឺ​ជា​ម៉ាក​សញ្ញា​ ដែល​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​ក្នុង​ការ​ធ្វើ​ឱ្យ​ ជីវិត​មាន​ភាព​ងាយ​ស្រួល ​និង​កាន់​តែ​ប្រសើរ​ឡើង​តាម​រយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ជា​ច្រើន​។ ​អ្វី​ដែល​កាន់​តែ​ពិសេស​បំផុត​នោះ​ក្រុមហ៊ុន ​សាមសុង​ គឺ​ជា​ក្រុមហ៊ុន​ដែល​ឈាន​មុខ​គេ​បំផុត​ ក្នុង​ពិភពលោក​តែ​មួយ​គត់​ ដែល​ផ្ដល់​ជូន​ផា​សុខភាព​ និង​សុខុមាលភាព​ ក្នុង​ការ​រស់​នៅ​ជូន​ដល់​យើង​ទាំង​អស់​គ្នា​។​

លោក​បាន​បន្ថែម​ទៀត​ថា ​ផលិត​ផល​សាមសុង​ បាន​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​​ទៅ​នឹង​ជីវិត​រស់​នៅ​របស់​ប្រជាជន ​ហើយ​បុគ្គលិក​យើង​ក៏​បាន​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​​​ជាមួយ​សកម្មភាព​មនុស្សធម៌ ​សប្បុរសធម៌ ​និង​មេត្តាធម៌ ​មិន​ថា​ ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​។​ម្យ៉ាង​វិញ​ទៀត ​យើង​តែង​តែ​ចាត់​ទុក​កុមារ ​និង​ក្មេង​ៗ​ជំនាន់​ក្រោយ​ជា​ទំពាំ​ស្នង​ឫស្សី ​និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ ​នៅ​ថ្ងៃ​ណា​មួយ​ កុមារ​ៗ​នៅ​សាលារៀន​របស់​យើង​ក្នុង​ថ្ងៃ​នេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​ជាមួយ​នឹង​ចក្ខុវិស័យ​បែប​នេះ​យើង​តែង​តែ​សួរ​សំណួរ​សាមញ្ញ​ទៅ​ខ្លួន​ឯង​ថា​ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ពួក​គាត់ ​ និង​ឱ្យ​ពួក​គាត់​អាច​ធ្វើ​ការ​អភិវឌ្ឍន៍​ពិភពលោក​ដែល​ពួក​គេ​កំពុង​រស់​នៅ​នេះ​?​

ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ក៏​មាន​ការ​ចូល​រួម​ពី​ កញ្ញា ​មាន សូនីតា ​ដែល​តំណាង​ឲ្យ​ផលិត​ផល​សាមសុង​ ក៏​បាន​ស្ម័គ្រ​ចិត្ត​ និង​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ផ្ទាល់​ខ្លួន​ ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ និង​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស​។ ​កញ្ញា​បាន​បញ្ជាក់​ថា​ នាង​ខ្ញុំ​ពិត​ជា​រីករាយ​ក្រៃ​លែង​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ ​សាម​សុង​។​ ​” ហើយ​ថ្ងៃ​នេះ​គឺ​ពិត​ជា​ផ្តល់​នូវ​ភាព​រំភើប​រីករាយ​ដល់​នាង​ខ្ញុំ​ដែល​បាន​មក​ចូល​រួម ​និង​ចែក​សម្ភារៈ​សិក្សា​​ជូន​ដល់​ប្អូន​ៗ​កុមារ​ទាំង​អស់​នា​ព្រឹក​នេះ​ហើយ​សម្រាប់​សកម្មភាព​នេះ​ នាង​ខ្ញុំ​មាន​មោទនភាព​ ក្នុង​ការ​ធ្វើ​ជា​តារា​តំណាង​ឲ្យ​សាមសុង​”។

គួរ​បញ្ជាក់​ថា​កម្មវិធី​“ Samsung Employee Volunteer” ​គឺ​ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត​ជា​ សកល​មួយ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង ​ហើយ​សម្រាប់​ឆ្នាំ​នេះ ​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ចំនួន​ ​៥០ ​នាក់​ មក​ពី​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចូល​រួម​ ក្នុង​ព្រឹត្តិការណ៍​នេះ ​ដោយ​ពោរ​ពេញ​ជាមួយ​ភាព​រីករាយ​ និង​ស្នាម​ញញឹម​គ្រប់​ៗ​គ្នា​។​

ថ្ងៃ​ដែល​ពោរ​ពេញ​ទៅ ​ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ត្រូវ​បាន​បញ្ចប់​ ហើយ​កុមារ​និង​ បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​សាម​សុង ​បាន​លា​គ្នា​ ជាមួយ​ស្នាម​ញញឹម​ដ៏​រីករាយ​ដោយ​បាន​និយាយ​ពាក្យ​ថា​ «ជួប​គ្នា​ម្តង​ទៀត​»​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114