ក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូងផ្តល់ជំនួយរាប់លានដុល្លារដើម្បីប្រឆាំងនឹងវីរុស Covid-19

ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរួមមានក្រុមហ៊ុន Samsung ក្រុមហ៊ុន Hyundai ក្រុមហ៊ុន SK ក្រុមហ៊ុន LG និងក្រុមហ៊ុនផ្សេងទៀតកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ប្រទេសកូរ៉េខាងត្បូងដែលកំពុងរងគ្រោះដោយវីរុស Covid-19 ដោយផ្តល់នូវការបរិច្ចាគថវិកានិងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រដល់ដល់ប្រទេសនេះ។

ការផ្តល់ជំនួយសង្គ្រោះភាគច្រើនផ្តោតលើទីក្រុងភាគអាគ្នេយ៍នៃទីក្រុង Daegu និងខេត្ត Gyeongsang ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពីវីរុស។

ក្រុមហ៊ុន Samsung Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេរបស់ប្រទេសបានបរិច្ចាគប្រាក់ចំនួន ៣០ ពាន់លានវ៉ុន ឬ ២៤,៦ លានដុល្លារ ដើម្បីជួយក្នុងការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រនិងសេវាកម្មផ្សេងៗទៀត។

ក្រុមហ៊ុន Hyundai Group ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥ ពាន់លានវ៉ុន ឬជាង ៤លានដុល្លារ ដល់សហគមន៍ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយកូរ៉េផងដែរ។ អំណោយនេះនឹងត្រូវប្រើសម្រាប់ទិញឧបករណ៍ប្រឆាំងនឹងការឆ្លង និងគាំទ្រសកម្មភាពបង្ការការរីករាលដាលនៃវីរុស ដោយផ្ដល់ជូនដល់ក្រុមគ្រួសារដែលមានចំណូលទាប បុគ្គលិកពេទ្យ និងអ្នកគ្មានទីពឹង។

លោក Chung Euisun អនុប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Hyundai មានប្រសាសន៍ថា អំណោយរបស់ក្រុមហ៊ុននឹងជួយដោយផ្ទាល់ដល់បុគ្គលិកពេទ្យដែលខិតខំធ្វើការព្យាបាលនិងអ្នកដែលកំពុងធ្វើសកម្មភាពសម្អាត។

ក្រុមហ៊ុន SK Group ក៏បានប្រកាសផងដែរនូវទឹកប្រាក់ចំនួន ៥ ពាន់លានវ៉ុនក្នុងការបរិច្ចាគទៅសហគមន៍នៃប្រទេសកូរ៉េដើម្បីជួយដល់អ្នកដែលរងគ្រោះដោយសារវីរុស។ ក្រុមហ៊ុននេះនឹងចំណាយថវិកាចំនួន ៤០០ លានវ៉ុនបន្ថែមទៀត ដើម្បីផ្តល់ជូននូវម៉ាស់និងទឹកអនាម័យដៃផងដែរដល់ក្រុង Daegu និងខេត្ត North Gyeongsang ។

ស្រដៀងគ្នានេះដែរក្រុមហ៊ុន LG Group បានបរិច្ចាគទឹកប្រាក់ចំនួន ៥ ពាន់លានវ៉ុនដល់សហគមន៍កូរ៉េដើម្បីជួយដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង Daegu និងខេត្ត North Gyeongsang ។ ក្រៅពីការបរិច្ចាគនេះក្រុមហ៊ុន LG Household & Healthcare ក៏នឹងចំណាយប្រាក់ ១ ពាន់លានវ៉ុនដើម្បីជូនទឹកអនាម័យដៃដល់ប្រជាជននៅតំបន់នោះផងដែរ។

ក្រៅពីក្រុមហ៊ុនធំៗខាងលើមានក្រុមហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុន POSCO ជាក្រុមហ៊ុនផលិតដែកថែបធំជាងគេរបស់ប្រទេសបានប្រកាសផ្តល់ជំនួយចំនួន ៥ ពាន់លានវ៉ុនដែរ។ លើសពីនេះទៀតមានក្រុមហ៊ុន Lotte ក្រុមហ៊ុន GS Group ក្រុមហ៊ុន Doosan Group និងក្រុមហ៊ុន CJ Group បានផ្តល់ប្រាក់ជំនួយ ១ ពាន់លានវ៉ុនក្នុងមួយក្រុមហ៊ុន។

បន្ថែមពីលើក្រុមហ៊ុនក្នុងស្រុកខាងលើ ម្ចាស់មេដាយមាសកីឡាអូឡាំពិកកញ្ញា Kim Yuna និងអ្នកគាំទ្ររបស់នាងបានបរិច្ចាគប្រាក់សរុបចំនួន ១០៨.៥ លានវ៉ុនឬជិត ៩០ម៉ឺនដុល្លារ ទៅអង្គការ UNICEF កូរ៉េដើម្បីជួយដល់ប្រទេសកូរ៉េខាងត្បូងដែរ។

គិតមកត្រឹមថ្ងៃសុក្រនេះប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងសរុបជាង ២ ០០០ នាក់ និងមានអ្នកស្លាប់ ១៣ នាក់។ ភាគច្រើននៃករណីដែលបានបញ្ជាក់គឺនៅក្នុងក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើងនៃប្រទេស៕

ចុចអាន៖  ប្រទេស ៥២ លើពិភពលោកកំពុងរឹតត្បិតចំពោះអ្នកដំណើរមកពីកូរ៉េខាងត្បូង

ចុចអាន៖ ប្រទេសអ៊ីរ៉ង់ទទួលបានឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណាចំនួន ២ ម៉ឺនគ្រឿងពីប្រទេសចិន

ប្រែសម្រួល៖ សន្យា