ប្រជាពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា អាជ្ញាធរ ​និង​ក្រុមហ៊ុន​ដោះស្រាយ​សំណង​ជូន​បាន​ជាង​៩០​ភាគរយ​ហើយ​

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន អភិវឌ្ឍន៍​ទី​ក្រុង​រ​ណ​ប​ជ្រោយចង្វា OCIC​ ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ នៃ​គម្រោង​នេះ​សម្រេច​បាន​ជាង​៩០​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។

ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គ្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា​ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥១ គ្រួសារ​នា​ពេល​នេះ គឺជា​លើក​ទី​៥​ហើយ ដែល​សរុប​ទាំងអស់​ចំនួន​៣៤១​ប័ណ្ណ ដែល​គ្រោង នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​នេះ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ការចែក​ប័ណ្ណ ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វា​នេះ ជា​ការ​ឆ្លុះបញ្ចាំង​នៃ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការធានា​សិទ្ធិ​កាន់ កាប់​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព និង​កាត់បន្ថយ​ភាព ក្រីក្រ រួម​ទាំង​រួមចំណែក​ការ​ពង្រឹង​យុត្តិធម៌ និង​ស្ថិរភាព​សង្គម​។

លោក​ ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​អូ​ស៊ី​អាស៊ី​បាន​ឲ្យ​ដឹង​ថា មកដល់ពេលនេះ​ក្រុមហ៊ុន អូ​ស៊ី​អាស៊ី​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៩២.០៦​ភាគរយ​ហើយ ខណៈ​នៅសល់​ជាង​៧​ភាគរយ​ឬ​ជាង​៨០​គ្រួសារ​ទៀត​នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​និង​កំពុង​អភិវឌ្ឍ​​ទីក្រុង​រណប​ជ្រោយចង្វា​ឲ្យ​ក្លាយទៅជា​ទីក្រុង ទំនើប​នៅ​ពេល​ខាងមុខនេះ ដោយមាន​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​រដ្ឋបាល សួនច្បារ ផ្លូវ​គមនាគមន៍​ធំ​ទូលាយ សួន​កម្សាន្ត និង​អគារ​លំនៅឋាន​ប្រណិតៗ ផ្សារ​ទំនើប សម្រាប់​ការរស់នៅ​បែប​ស៊ីវិល័យ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​។

សូម​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វា គឺជា​គម្រោង​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី របស់​លោក លោក​ពុង ឃាវ​សែ ទទួល​បាន​សិទ្ធិ​វិនិយោគ​ក្នុង​ទំហំ ទឹកប្រាក់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៦​លើ​ផ្ទៃដី​ទំហំ​៣៨៧​ហិច​តា​ក្នុង​គោលដៅ​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​ទី ក្រុង​រណប​រាជធានី​ភ្នំពេញ​ដែល​បំពាក់​ទៅ​ដោយ​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត​យ៉ាង​សំបូរ​បែប​៕​


អត្ថបទ៖ ស្រីរ័ត្ន​